ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ចំនួន៣ បានចុះកិច្ចព្រមព្រៀងទិញយន្តហោះដឹកអ្នកដំណើរពីក្រុមហ៊ុនអាម៉េរិក Boeing សរុបរហូតដល់ទៅ៩០គ្រឿង ក្នុងទំហំទឹកប្រាក់ដ៏សម្បើមរហូតដល់៣០ ពាន់លានដុល្លារ ខណៈដែលវៀតណាម និងសហរដ្ឋអាម៉េរិក កំពុងបន្តការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានចុះកិច្ចព្រមព្រៀងទិញយន្តហោះ Boeing 737-8 ចំនួន៥០គ្រឿងក្នុងតម្លៃជាង៨ពាន់លានដុល្លារ ដោយការប្រគល់យន្តហោះនេះត្រូវបានរំពឹងធ្វើឡើងនៅចន្លោះឆ្នាំ២០៣០ ដល់ឆ្នាំ២០៣២។ តាមរយៈកិច្ចព្រមព្រៀងនេះ វានឹងពង្រីកចំនួនយន្តហោះរបស់ក្រុមហ៊ុននេះឱ្យឈានដល់១៥១គ្រឿងនៅត្រឹមឆ្នាំ២០៣០។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏កំពុងចរចាទិញយន្តហោះខ្នាតធំចំនួន៣០គ្រឿង ដែលមានតម្លៃរហូតដល់១២ពាន់លានដុល្លារបន្ថែមទៀតផងដែរ។
ទន្ទឹមនេះក្រុមហ៊ុនអាកាសចរណ៍ទើបបង្កើតថ្មីមានឈ្មោះថា Sun PhuQuoc Airways បានព្រមព្រៀងទិញយន្តហោះ Boeing 787-9 ចំនួន៤០គ្រឿងក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ២២,៥ ពាន់លានដុល្លារ។ ចំណែកឯក្រុមហ៊ុនអាកាសចរណ៍ Vietjet ទទួលបានហិរញ្ញប្បទានចំនួន៩៦៥លានដុល្លារ ដើម្បីទិញយន្តហោះ Boeing 737-8 ចំនួន៦ គ្រឿង។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងដ៏ធំសម្បើមទាំងនេះត្រូវបានចុះហត្ថលេខាអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានបក្សកុម្មុយនីស្តវៀតណាមលោក តូ ឡឹម (To Lam) ទៅកាន់សហរដ្ឋអាម៉េរិក ហើយជាការកត់សម្គាល់ឃើញថា កិច្ចព្រមព្រៀងទាំងនេះបានកើតឡើង ខណៈដែលប្រទេសទាំងពីរបន្តចរចាលើពាណិជ្ជកម្ម ដោយសហរដ្ឋអាម៉េរិករក្សាពន្ធគយរហូតដល់ទៅ២០% លើទំនិញវៀតណាម ភាគច្រើន៕
ដោយ: តែម សុខុម