
ប្រភពព័ត៌មានបានរាយការណ៍ថា អាជ្ញាធរទីក្រុងហូជីមិញ បានកំពុងតែលាតត្រដាងនូវផែនការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ក្នុងតម្លៃប្រហែល ៧ពាន់លានដុល្លារ នៅក្នុងតំបន់កណ្តាលទីក្រុងមួយនេះ ។ គម្រោង ដែលលាតសន្ធឹងលើផ្ទៃដី៧៨៣ហិកតានេះ គឺស្ថិតនៅសងខាងនៃទន្លេសៃហ្គន ដោយត្រូវចំណាយពេលអនុវត្តសាងសង់ មិនឱ្យលើស ៥ឆ្នាំឡើយ ។
ប្រភពក៏បានបង្ហើបថា ដើម្បីអនុវត្តគម្រោងនេះឲ្យដំណើរការទៅដោយរលូនទីក្រុងហូជីមិញនឹងបញ្ជូនមន្រ្តីជំនាញទៅស្វ័យសិក្សាគំរូមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅចក្រភពអង់គ្លេស ហុងកុង ចិន និងកាហ្សាក់ស្ថាន។ យ៉ាងណាក៏ដោយចុះ សំណើលម្អិតពាក់ព័ន្ធនឹងគម្រោងនេះ កំពុងស្ថិតនៅក្រោមការពិនិត្យដោយរដ្ឋាភិបាលនៅឡើយ។
តាមផែនការគម្រោងនេះ នឹងត្រូវសាងសង់ជាដំណាក់កាល ដោយដំណាក់ាលទី១ គ្រោងនឹងចំណាយពេលសាងសង់ ២ ទៅ៣ឆ្នាំ ដោយចំណាយទុនប្រមាណជាង ៦០០លានដុល្លារ ក្នុងនោះ ដើមទុនជាង ៧៦លានដុល្លារ គឺជាការវិនិយោគដោយរដ្ឋ និងសល់ប៉ុន្មានទៀត គឺជាការវិនិយោគពីវិស័យឯកជន។
ក្រៅពីទីក្រុងហូជីមិញនេះ អាជ្ញាធរវៀតណាម ក៏មានគម្រោងកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយទៀតនៅក្នុងទីក្រុងដាណាង ផងដែរ ។
គម្រោងយកទីក្រុងហូជីមិញ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ មិនមែនជារឿងថ្មីសម្រាប់វៀតណាមនោះទេ ដោយសារតែទីក្រុងនេះ ត្រូវបានគេដឹងថា ជាមូលដ្ឋាននៃសេដ្ឋកិច្ចរបស់វៀតណាមស្រាប់ ប៉ុន្តែសម្រាប់ទីក្រុងដាណាង នេះគឺជាគម្រោងដែលប្រឈមនឹងបញ្ហាច្រើន ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ និងធនធាននៅក្នុងការប្រែក្លាយទីក្រុងនេះ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ គឺនៅមានកម្រិត៕
ដោយៈ សរ សុជាតិ