លោកជំទាវស្រី ងុយយិន ធីហុង ទេសាភិបាលធនាគាររដ្ឋវៀតណាម បានលើកសរសើរពីការគ្រប់គ្រង និងវឌ្ឍនភាពនៃវិស័យធនាគារនៅកម្ពុជាថា នៅតែអាចដំណើរការបានដោយរលូន បើទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ។ ការលើកឡើងរបស់ទេសាភិបាលធនាគាររដ្ឋវៀតណាម បែបនេះបានធ្វើឡើងនាកិច្ចប្រជុំទ្វេភាគីតាមប្រព័ន្ធអនឡាញជាមួយឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ទេសាភិបាល ធនាគាររដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលធនាគារជាតិនៃកម្ពុជាបានដាក់ចេញដោយមានប្រសិទ្ធភាព ក្នុងអំឡុងពេលកូវីដ-១៩ ដែលសម្រេចបានសមិទ្ធផលល្អ ក្នុងការរក្សាបានវឌ្ឍនភាពនិងស្ថិរភាពប្រព័ន្ធធនាគារ និងរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអតិផរណា។ ហើយក៏បានអបអរសាទរ ចំពោះការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ទំនើប ជាពិសេស ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង ជួយដោះស្រាយបញ្ហាទូទាត់ឆ្លងគ្រឹះស្ថាន និងការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ទាំងក្នុងស្រុកនិងតំបន់។ ពិសេសជោគជ័យរបស់កម្ពុជា ក្នុងការសម្រេចបានការចាក់វ៉ាក់សាំងដ៏ឆាប់រហ័ស ដែលបានជួយការពារសុខភាពប្រជាជន និងជំរុញសកម្មភាពសេដ្ឋកិច្ច។
ជាការឆ្លើយតប ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះធនាគាររដ្ឋវៀតណាម ជាពិសេស លោកជំទាវ ទេសាភិបាល ងុយយិន ធីហុង និងថ្នាក់ដឹកនាំ ធនាគាររដ្ឋវៀតណាម ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អប្រសើរ ក្រោមអនុស្សរណៈយោគយល់រវាងធនាគារកណ្តាលទាំងពីរទៅលើកិច្ចសហប្រតិបត្តិការទូទៅ, លើការត្រួតពិនិត្យធនាគារ និងលើការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក៏ដូចជា ការគាំទ្រផ្នែកធនធានមនុស្សនៅកម្ពុជា ផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងធនាគារកណ្តាលទាំងពីរ និងកិច្ចសហប្រតិបត្តិការល្អរវាងវិស័យធនាគារ ដែលបានរួមចំណែកគាំទ្រកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ក្នុងប្រទេសទាំងពីរផងដែរ៕