ធនាគារកណ្ដាលរបស់វៀតណាម (SBV) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីថ្ងៃអង្គារទី ២៥ខែតុលានេះតទៅ អត្រាការប្រាក់នៃការផ្តល់ហិរញ្ញប្បទានឡើងវិញ (Refinance Rate)នឹងត្រូវបានដំឡើងដល់ ៦% និងអត្រាកាប្រាក់ដែលធនាគារពាណិជ្ជត្រូវបង់លើកម្ចីដែលខ្លួនបានខ្ចីពីធនាគារកណ្ដាល គឺមានដល់ ៤,៥%។
ប្រទេសវៀតណាមក៏ដូចជាប្រទេសជិតខាងភាគច្រើនដែរ គឺបានប្រឈមមុខនឹងសម្ពាធកើនឡើងលើអតិផរណា ហើយបានមើលឃើញថា រូបិយបណ្ណរបស់ខ្លួនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដោយប្រាក់ដុងបានធ្លាក់ចុះ ៩% បើធៀបនឹងប្រាក់ដុល្លារនៅឆ្នាំនេះ។
ធនាគារកណ្តាលវៀតណាមបាននិយាយថា អតិផរណាពិភពលោកនៅតែខ្ពស់នៅឡើយ ហើយធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនចំនួន ៥ដងរួចមកហើយក្នុងពេលថ្មីៗនេះជាមួយការរំពឹងថា នឹងដំឡើងបន្ថែមទៀតនៅឆ្នាំនេះ និងនៅឆ្នាំ២០២៣។
ធនាគារកណ្ដាលវៀតណាមបាននិយាយកាលពីល្ងាចថ្ងៃចន្ទទី ២៤តុលាថា គួបផ្សំជាមួយនឹងការឡើងថ្លៃរបស់ប្រាក់ដុល្លារដែរនោះ ការដំឡើងអត្រាការប្រាក់របស់អាមេរិកនេះបានធ្វើឱ្យមានសម្ពាធលើអត្រាការប្រាក់ក្នុងស្រុក និងអត្រាប្តូរប្រាក់ផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ឈិញ (Pham Minh Chinh) កាលពីសប្តាហ៍មុនបាននិយាយថា វៀតណាមនឹងរក្សាតម្លៃក្នុងការត្រួតពិនិត្យ និងបន្តគោលនយោបាយរូបិយវត្ថុដែលអាចបត់បែនបាន និងប្រុងប្រយ័ត្នពេញមួយឆ្នាំក្រោយ ដោយសារតម្លៃថាមពលខ្ពស់ និងបញ្ហាផ្គត់ផ្គង់ពិភពលោកបានបន្ថែមសម្ពាធដល់អតិផរណាឱ្យឡើងថែមទៀត។
សន្ទស្សន៍ភាគហ៊ុនសំខាន់របស់វៀតណាមកាលពីថ្ងៃចន្ទ ទី២៤តុលា បានឈានដល់កម្រិតទាបបំផុតរបស់ខ្លួនចាប់តាំងពីខែមករា ឆ្នាំ២០២០មក ហើយបានបិទបញ្ចប់ជាមួយការធ្លាក់ចុះ ៣,៣% ដោយងើបឡើងវិញបន្តិចពីការធ្លាក់ចុះ ៤,១% ធៀបនឹងការជួញដូរកាលពីថ្ងៃមុននោះ ហើយតម្លៃប្រាក់ដុងបានធ្លាក់ចុះដល់កម្រិតទាបបំផុតជាប់គ្នាលើកទី១៣នៅក្នុងវគ្គជួញដូរផងដែរ។
ធនាគារ SBV បាននិយាយថា ខ្លួននឹងតាមដានយ៉ាងដិតដល់នូវទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដើម្បីគ្រប់គ្រងឱ្យបានទាន់ពេលវេលានូវការដាក់ចេញវិធានការ និងឧបករណ៍រូបិយវត្ថុផ្សេងៗ ហើយធនាគារនេះមានឆន្ទៈក្នុងការធ្វើអន្តរាគមន៍ក្នុងទីផ្សាររូបិយវត្ថុ និងរូបិយប័ណ្ណបរទេសដើម្បីបំពេញតម្រូវការសាច់ប្រាក់ងាយស្រួលរបស់ស្ថាប័នហិរញ្ញវត្ថុថែមទៀតផង។
ធនាគារ SBV បាននិយាយថា ខ្លួនក៏នឹងបង្កើនអត្រាការប្រាក់គោលពី ០,៥% ទៅ ១%បន្ថែមទៀត នៃអត្រាការប្រាក់បញ្ញើរបស់ប្រាក់ដុងនៅធនាគារពាណិជ្ជអាស្រ័យទៅលើកាលកំណត់ផ្សេងៗគ្នា។
អ្នកវិភាគទីផ្សារបាននិយាយមុននេះថា កំណើនផលិតផលក្នុងស្រុកសរុបដែលលឿនជាងការរំពឹងទុកសម្រាប់ឆ្នាំនេះ បានផ្តល់ឱកាសមួយចំនួនដល់ធនាគារកណ្តាល ដើម្បីបង្កើនអត្រាការប្រាក់គោលរបស់ខ្លួន។ រដ្ឋាភិបាលបាននិយាយថា កំណើនផលិតផលក្នុងស្រុកសរុបអាចឈានដល់ ៨% នៅឆ្នាំនេះ គឺលើសពីគោលដៅ ៦% ទៅ ៦,៥%ទៅទៀត ខណៈកាលពីឆ្នាំ២០២១ វៀតណាមមានកំណើនGDP ត្រឹមប្រមាណជិត ២,៦%ប៉ុណ្ណោះ។
តម្លៃទំនិញប្រើប្រាស់ក្នុងខែកញ្ញានៅវៀតណាមបានកើនឡើងជាង ៤% បន្ថែមទៀត បើធៀបនឹងដំណាច់ឆ្នាំមុន ពោលគឺប្រហែលនឹងគោលដៅអតិផរណា ៤% សម្រាប់ឆ្នាំនេះ។ ធនាគារកណ្តាលកាលពីថ្ងៃទី១៧ ខែតុលាបានពង្រីកការជួញដូរអត្រាប្តូរប្រាក់ដល់ ៥% គឺឡើងពី ៣% បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងរបស់ប្រាក់ដុងដែលបណ្តាលមកពីការប្រែប្រួលនៅក្នុងទីផ្សារពិភពលោក។
ធនាគារកណ្ដាលវៀតណាម ថ្មីៗនេះ ក៏បានលក់ចេញប្រាក់ដុល្លារទៅក្នុងទីផ្សារ ដើម្បីគាំទ្រដល់ប្រាក់ដុងរបស់ខ្លួនដែលកំពុងធ្លាក់ចុះផងដែរ ដោយអ្នកវិភាគផ្នែកទីផ្សារមួយចំនួនបានប៉ាន់ប្រមាណថាប្រាក់ដុល្លារដែលបានលក់នៅឆ្នាំនេះ មានទំហំទឹកប្រាក់ដល់ទៅ ២០ពាន់លានដុល្លារឯណោះ៕
អត្ថបទ៖ សុខ ជា