ប្រទេសចិន

ក្រោយបិទបញ្ចប់សមាជបក្សកុម្មុយនីស្តលើកទី២០ ចិនប្រកាសពីកំណើនសេដ្ឋកិច្ចលើសការរំពឹងទុក


ស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសចិន ហាក់មានភាពប្រសើរឡើងវិញ ហើយថែមទាំងល្អជាងការរំពឹងទុកទៅទៀត សម្រាប់ត្រីមាសទី៣ឆ្នាំនេះ ពោលគឺបើគេគិតពីខែកក្កដាដល់ខែកញ្ញាឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ផ្លូវការចេញផ្សាយដោយការិយាល័យជាតិស្ថិតិចិន កាលពីថ្ងៃចន្ទទី២៤តុលា។
ចិនប្រកាសពីកំណើនសេដ្ឋកិច្ចឡើងវិញលើសការរំពឹងទុកក្នុងត្រីមាសទី៣!

មែនទែនទៅ របាយការណ៍នេះ​គួរត្រូវបាន​បញ្ចេញ​នៅដើម ឬពាក់កណ្តាល​ខែតុលាម៉្ល៉េះ ជាពេលដែលត្រូវដាច់ត្រីមាសទី៣ ឈានចូលត្រីមាសថ្មី ត្រីមាសទី៤នៃឆ្នាំនេះ។ ប៉ុន្តែចិន ទើបតែបានប្រកាសទិន្នន័យខាងលើ នៅក្រោយពេលបិទបញ្ចប់សមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងបន្ទាប់ពីប្រធានាធិបតីស៊ី ជីនពីង ផ្តើម​ពង្រឹងអំណាចសម្រាប់អាណត្តិថ្មី ជាមួយនឹងក្បាលម៉ាស៊ីនដឹកនាំថ្មីមួយចំនួន។

សេដ្ឋកិច្ចចិនបានស្គាល់ពីកំណើន ៣,៩% ក្នុងត្រីមាសទី៣ឆ្នាំនេះ ងើបឡើងវិញយ៉ាងលឿនស្លេវពីកំណើនត្រឹមតែ ០,៤%កាលពីត្រីមាសទី២។ កំណើននេះ​​គឺខុសគ្នា​​ពី​ការ​ព្យាករទុក​របស់​ក្រុម​អ្នក​ជំនាញដែលថា សេដ្ឋកិច្ចចិននៅត្រីមាសទី៣​នឹងមានកំណើនត្រឹមតែ ២,៥% និងខុសពីការប៉ាន់ស្មានរបស់ Reuters ដែលថានឹងមានកំណើន៣,៤%។ ការ​ព្យាករណ៍​ក្នុង​អត្រា ២,៥% ដោយ​ក្រុម​អ្នកជំនាញ​យល់​ថា ចិន​បន្ត​អនុវត្តន៍​នយោបាយ​គ្មានកូវីដ១៩ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច។

ទោះមានសន្ទុះឡើងវិញមែន តែជារឿងពិតប្រាកដហើយដែរថា សេដ្ឋកិច្ចចិននៅតែមិនប្រាកដប្រជាឡើយ​សម្រាប់ត្រីមាសចុងក្រោយឆ្នាំនេះ ជាមួយនឹងក្តីបារម្ភរបស់អ្នកជំនាញអំពីវិធានការកូវីដ១៩ស្មើសូន្យ (Zero Covid) របស់រដ្ឋអំណាចក្រុងប៉េកាំង។ ដូចការរំពឹងទុកមែន ក្នុងថ្ងៃបិទបញ្ចប់សមាជបក្សកុម្មុយនីស្តចិនកាលពីចុងសប្តាហ៍មុន លោក ស៊ី ជីនពីង បានសច្ចាអនុវត្តគោលនយោបាយទាំងអស់របស់លោកដដែល ដែលក្នុងន័យនេះ ក៏មានដែរគោលនយោបាយកូវីដស្មើសូន្យ។

តម្រូវការក្នុងស្រុក​មាននិន្នាការធ្លាក់ចុះ​រហូតតាំងពីដើមត្រីមាសរហូតដល់ដំណាច់ត្រីមាស ដោយសារការផ្ទុះឡើងវិញនៃករណីឆ្លងកូវីដ១៩ បាននាំឱ្យមានការបិទខ្ទប់ជាអន្លើៗ ស្របពេលដែលការនាំចេញបានធ្លាក់ចុះ ហើយវិស័យអចលនទ្រព្យ​សំខាន់ៗហាក់នៅទ្រឹង។

ទោះយ៉ាងណា សេដ្ឋកិច្ចចិន​ត្រូវបានជំរុញដោយការផលិត ជាមួយនឹងទិន្នន័យដាច់ដោយឡែកមួយដែលបង្ហាញពីទិន្នផលឧស្សាហកម្ម​ក្នុងខែកញ្ញា បានកើនឡើង ៦,៣% ធៀបនឹងឆ្នាំមុន លើសពីការរំពឹងទុក។ ក្រៅ​ពី​​តួលេខ​ស្តី​ពី​កំណើន​​សេដ្ឋកិច្ច ចិន​ក៏​បាន​ប្រាប់​​ពី​តួលេខ​​ស្តីពី​អ្នក​អត់​ការងារ​ធ្វើ​ដែរ ដោយក្នុង​ខែ​កញ្ញា ចំនួន​អ្នក​អត់​ការងារ​ធ្វើ​មាន ៥,៥% ពោល​ច្រើន​ជាង​កាល​ពី​ខែ​សីហា ​ដែល​មាន​ត្រឹម ៥,៣%។

ក្រៅ​ពី​ហានិភ័យ និងភាពមិនច្បាស់លាស់​ក្នុង​ស្រុក សេដ្ឋកិច្ច​របស់​ប្រទេស​ចិនក៏​នឹង​រង​សម្ពាធ គំរាមកំហែង​ពី​ខាង​ក្រៅផងដែរ នោះគឺវិបត្តិសង្គ្រាមនៅ​អ៊ុយក្រែន និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ចជា​សាកល​ដោយ​សារ​ការ​ដំឡើង​​អត្រា​ការ​ប្រាក់គោល ​ដើម្បី​ទប់​ស្កាត់​អតិផរណា​។

គួរ​បញ្ជាក់​ថា ចិន​បាន​កំណត់​គោលដៅ​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា ៥,៥% សម្រាប់​ឆ្នាំ ២០២២។ តែ​ក្រុម​អ្នកវិភាគ​ប៉ាន់ស្មាន​ថា ចិន​មិន​អាច​សម្រេចវា​បាន​ទេ ខណៈ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ​បាន​ព្យាករ​ត្រឹម ៣,២% ប៉ុណ្ណោះសម្រាប់សេដ្ឋកិច្ចចិន។

ដើម្បីសម្រេចឱ្យបានកំណើនតាមការគ្រោងទុក ប្រទេសចិន​នឹងជំរុញការវិនិយោគពីបរទេស ដោយផ្តោតលើឧស្សាហកម្ម តាមរយៈការលើកទឹកចិត្ត​សហគ្រាសបរទេស​ឱ្យវិនិយោគលើឧបករណ៍ និងសមាសធាតុបច្ចេកវិទ្យាកំរិតខ្ពស់។ លើសពីនេះ ប្រទេសចិនក៏នឹងពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រាសបរទេស រួមទាំងការឧបត្ថម្ភប្រាក់​ដល់សហគ្រាស និងបើកសិទ្ធិឱ្យបញ្ជី​នៅលើ​ទីផ្សារភាគហ៊ុនរបស់ប្រទេសចិនថែមទៀត។ ការប្តេជ្ញាចិត្តទាំងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីស៊ី ជីនពីង អំឡុងសមាជបក្សកុម្មុយនីស្ត​ ដែលបានបញ្ចប់កាលពីចុងសប្តាហ៍មុន បានអំពាវនាវឱ្យចិនឱ្យយកឈ្នះគ្រប់សមរភូមិ ពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ដែលជាវិស័យស្នូលតែម្ដង៕




អត្ថបទបន្ទាប់


ធនាគារកណ្ដាលវៀតណាមនឹងដំឡើងអត្រាការប្រាក់គោល ១% បន្ថែមទៀត ដើម្បីទប់ទល់អតិផរណា

ព័ត៌មាន
ធនាគារកណ្តាលនៃប្រទេសវៀតណាមបានបញ្ជាក់នៅថ្ងៃទី២៤ ខែតុលាថា ធនាគារនេះនឹងដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន ១% បន្ថែមទៀតនេះ ដែលនេះជាការដំឡើង…

តើលោក Rishi Sunak នឹងអាចដោះស្រាយវិបត្តិនៅអង់គ្លេសបានដែរ ឬយ៉ាងណា?

ព័ត៌មាន
លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសវ័យក្មេងដំបូងគេក្នុងប្រវត្តិសាស្ត្រ២០០ឆ្នាំចុងក្រោយរបស់អង់គ្លេស។ ជាងនេះទៀត លោកក៏នឹងជានាយក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ