ជាការពិតណាស់ថា យុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ក្ដៅគគុករបស់វៀតណាម មានគោលបំណងរក្សាភាពសុចរិត ប៉ុន្តែទន្ទឹមនេះ វាក៏បានធ្វើឱ្យការវិនិយោគសំខាន់ៗមានការយឺតយ៉ាវផងដែរ។ ការព្រួយបារម្ភខ្លាចសាងកំហុសដែលអាចកើតមាន និងបទប្បញ្ញត្តិ មិនស៊ីសង្វាក់គ្នា កំពុងនាំឱ្យមានការស្ទាក់ស្ទើរក្នុងការវិនិយោគសាធារណៈ។
នៅក្នុងរយៈពេល៧ខែដំបូង ដើមឆ្នាំ២០២៤ ការបញ្ចេញទុនវិនិយោគសាធារណៈ មានចំនួនត្រឹមតែប្រមាណ១០ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង៣២%ប៉ុណ្ណោះនៃចំនួនទឹកប្រាក់ដែលបានគ្រោងទុក ហើយទាបជាងការបញ្ចេញទុនវិនិយោគសាធារណៈ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន៣៥,៥%។ រដ្ឋាភិបាលវៀតណាម មានបំណងបញ្ចេញការចំណាយឱ្យបានយ៉ាងតិច៩៥%នៃកញ្ចប់ថវិកានេះនៅត្រឹមដំណាច់ឆ្នាំ២០២៤។
តួយ៉ាង ក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់វៀតណាម កំពុងជួបបញ្ហាបញ្ចេញប្រាក់យឺតយ៉ាវ ពោលគឺបញ្ចេញបានត្រឹមតែ១៥%ប៉ុណ្ណោះនៃផែនការប្រចាំឆ្នាំរបស់ខ្លួន។ ទីក្រុងនេះគ្រោងនឹងបញ្ចេញឱ្យបាន៩៥%នៃកញ្ចប់ថវិការបស់ខ្លួននៅឆ្នាំនេះ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ជិញ បានតម្រង់ទិសឱ្យបញ្ចេញឱ្យបានជាង៩៥%នៃផែនការចំណាយរបស់ជាតិនៅត្រឹមដំណាច់ឆ្នាំនេះ ហើយបានអំពាវនាវឱ្យពន្លឿនដំណើរការវិនិយោគ។
ប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមបានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយគួរតែគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាជាងរារាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕
ដោយ: តែម សុខុម