ភាពក្រីក្រ​ថយ​ចុះ?

២០​ឆ្នាំ​កន្លង​មក​នេះ តើ​កម្ពុជា​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​កម្រិត​ណា?


ប្រទេស​កម្ពុជា​បាន​រក្សា​កំណើន​សេដ្ឋកិច្ច​ជាមធ្យម ៧% ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​កំណើន​នេះ​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​រំដោះ​ប្រជាជន​កម្ពុជា​ជា​ច្រើន​គ្រួសារ​ឲ្យ​ចាក​ចេញ​ពី​បន្ទាត់​ភាព​ក្រីក្រ។
២០ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​កាត់​បន្ថយ​អត្រា​ភាពក្រីក្រ​ពី ៥០% មក​នៅ​ត្រឹម ១៤%។ រូបភាព៖ ហេង ភារម្យ
ដោយ និង

របាយការណ៍​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បង្ហាញ​ថា អត្រា​នៃ​ភាព​ក្រីក្រ​ចុង​ក្រោយ​របស់​ប្រទេស​កម្ពុជា មាន​ប្រជាជន​ប្រមាណ ១៤%​ប៉ុណ្ណោះ កំពុង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ ខណៈ​ដែល​កាល​ពី​២០​ឆ្នាំ​មុន អត្រា​នៃ​ភាព​ក្រីក្រ​មាន​ជាង ៥០% នៃ​ចំនួន​ប្រជាជន​សរុប។

លោក Sam Tukuafu នាយក​​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​លើក​ឡើង​ថា ការ​ថយ​ចុះ​អត្រា​នៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា មាន​ការ​ចូលរួម​មួយ​ផ្នែក​ធំ​ពី​ការ​ទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​កាន់​តែ​ប្រសើរ និង​មាន​បរិយាប័ន្ន​ជាង​មុន ខណៈ​ដែល​វិស័យ​ហិរញ្ញ​វត្ថុ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​ចូលរួម​ចំណែក​ប្រមាណ​៧០%​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។


👉 គួរអាន ! ស្ថាប័ន​អន្តរជាតិ​ធំៗ​បី​បាន​វាយ​តម្លៃ​សេដ្ឋកិច្ច​កម្ពុជា​ថា«នៅ​តែ​រឹង​មាំ»


កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​កើន​ឡើង​ជុំវិញ ៧% ជា​រៀង​រាល់​ឆ្នាំ ក្នុង​រយៈពេល ២០​ឆ្នាំ​ ត្រូវ​បាន​អ្នក​តាមដាន​សង្គម​សេដ្ឋ​កិច្ច ចោទ​ជា​សំណួរ​ថា តើ​ប្រជាជន​កម្ពុជា ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឯ​ជនបទ​ចំណេញ​អ្វីខ្លះ​ពី​កំណើន​សេដ្ឋកិច្ច? 

ពាក់ព័ន្ធ​ទៅ​នឹង​សំណួរ​ចោទ​សួរ​ខាង​លើ​នេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ដែល​ជា​អ្នក​ជំនាញ​រៀបចំ​គោល​នយោបាយ​សេដ្ឋកិច្ច​ជាតិ បាន​ធ្វើការ​បកស្រាយ​យ៉ាង​ខ្លី​ថា ផល​សេដ្ឋកិច្ច​ដែល​បាន​មក​ពី​កំណើន​សេដ្ឋកិច្ច ៧​ភាគ​រយ​នេះ មិន​មែន​យក​លុយ​ទាំង​ដុំ​ទៅ​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​នោះ​ទេ។ 

ប៉ុន្តែ​ផល​សេដ្ឋកិច្ច​ដែល​បាន​មក​ពី​កំណើន​សេដ្ឋកិច្ច​នេះ ត្រូវ​បាន​បែងចែក​ផល​លាភ​តាមរយៈ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ អភិវឌ្ឍន៍​នៅ​ក្នុង​វិស័យ​អប់រំ សុខាភិបាល ដំឡើង​ប្រាក់​ខែដល់​មន្ត្រី​រាជការ​បម្រើ​សេវា​កម្ម​សាធារណៈ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជាជន​ជា​ដើម។


👉 គួរអាន ! អ្នក​សេដ្ឋកិច្ច​ប្រាប់​ពី​រូបមន្ត​​ក្នុង​ការ​ចាត់ចែង​លុយ​កាក់​​មាន​​ប្រសិទ្ធភាព


ឯកឧត្តម វស្សី វិស្សុត បាន​បន្ត​ថា ការ​បែង​ចែក​ពី​ផល​កំណើន​សេដ្ឋកិច្ច​គឺ​សំខាន់​ត្រូវ​បង្កើត​ការងារ កាលណា​មាន​ការងារ មាន​ប្រាក់​ចំណូល​ហើយ​នោះ ប្រជាជន​នឹង​ទទួល​បាន​ផល​ចំណេញ។ 

សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើងជា​មធ្យម ៧% ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល ២ទសវត្ស​ចុង​ក្រោយ​នេះ។

យន្តការ​នៃ​ការ​បែង​ចែក​របស់​រដ្ឋ​តាមរយៈ​ថវិកា​ជាតិ ទី១ ខាង​ផ្នែក​ពន្ធដារ រដ្ឋ​អត់​យក​ពន្ធ​លើ​ប្រាក់​ខែ​អ្នក​រក​ស៊ី​តូចតាច ពន្ធ​ភាស៊ី ថ្លៃ​សេវា​សាធារណៈ​​ត្រូវ​​បាន​លុប​អស់។ ប៉ុន្តែ​ជំនួស​មក​វិញ​នូវ​ការ​យក​ពន្ធ​កាន់​តែ​ច្រើន​ពី​អ្នក​វិនិយោគ​ធំៗ ពីព្រោះ​អ្នក​រក​ស៊ី​ធំៗ​ទាំង​អស់​នោះ​ចំណេញ​ច្រើន​ពី​ផល​សេដ្ឋកិច្ច។ 

និយាយ​ជារួម ការបែងចែក​ផល​លាភ​ទៅ​ដល់​ប្រជាជន​តាមរយៈ​កំណើន​សេដ្ឋកិច្ច ៧%​នេះ គឺ​រដ្ឋ​បាន​ចំណាយ​និង​វិនិយោគ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវភាព​ប្រជា​ពលរដ្ឋ​រស់​នៅ​បាន​សមរម្យ។

ដ្បិត​ថា អត្រា​នៃ​ភាព​ក្រីក្រ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​តែ​១០%​ក្ដី ប៉ុន្ដែ របាយ​ការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អះអាង​ថា ប្រជាជន​កម្ពុជា​ភាគ​ច្រើន គឺ​រស់​នៅ​តាម​តំបន់​ជនបទ ដូច្នេះ​នេះ​គឺ​ជា​ឱកាស​ ដើម្បី​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ដល់​ពួក​គេ។ 

យ៉ាង​ណា​មិញ ក្នុង​ចំណោម​ប្រជាជន ១៥​លាន​នាក់ មាន​តែ ៣​លាន​នាក់​ប៉ុណ្ណោះ ដែល​មាន​ប្រើប្រាស់​សេវា​ដាក់​ប្រាក់ ឬ​សេវា​កម្ចី​បាន​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ។ ដូច្នេះ វិស័យ​ហិរញ្ញ​វត្ថុ​ក្រៅ​ផ្លូវការ​នៅ​តែ​ដើរ​តួនាទី​ដ៏​ធំ​មួយ សម្រាប់​ការ​ផ្ដល់​សេវា​ហិរញ្ញ​វត្ថុ​សម្រាប់​ប្រជាជន​នៅ​តាម​ជនបទ៕




អត្ថបទបន្ទាប់


ផ្សារ​ទំនើប​ខ្នាត​យក្ស​​​មក​ពីក្រៅ​ប្រទេស កំពុង​វាយ​លុក​ផ្សារ​តូចៗ​នៅ​កម្ពុជា?

ព័ត៌មាន
កាល​​ពី​មុន​ផ្សារ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​សម្រាប់​ទិញ លក់​ទំនិញ​នានា ប៉ុន្ដែ បច្ចុប្បន្ន ផ្សារ​មិន​ត្រឹម​តែ​បម្រើ​សេវា​កម្ម​ទិញ​…

ការបោះឆ្នោត​ឃុំ​សង្កាត់​លើក​នេះ​ពិសេស​ជាង​លើក​មុនៗ។ ហេតុ​អ្វី?

ព័ត៌មាន
ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​២០១៧ ប្រជាជន​កម្ពុជា​នឹង​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន នៅ​ទូទាំង​ប្រទេស។ ការ​បោះឆ្នោត​នេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ