ប្រាក់ចំណូលរបស់ VinFast នៅត្រីមាសទី ៣ឆ្នាំនេះ បានកើនឡើង៤២% ដល់ ជាង ៥១១ លានដុល្លារ ធៀបនឹងត្រីមាសទី២ ដោយសារតែក្រុមហ៊ុនបានចំណាយទាបជាងមុនលើការទិញសម្ភារៈ និងការបង្កើនបរិមាណផលិតកម្ម។ ប៉ុន្ដែ ប្រាក់ចំណូលនេះ នៅតែមិនអាចទប់ទល់នឹងការចំណាយដ៏ធំរបស់ក្រុមហ៊ុននេះបានឡើយ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Haiphong ប្រទេសវៀតណាមមួយនេះ បានលក់ចែកចាយរថយន្តអគ្គិសនីរបស់ខ្លួនបានចំនួនជិត ៤ម៉ឺន៥ពាន់គ្រឿងប៉ុណ្ណោះ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៤ ពោលគឺប្រមាណ ៥៥% នៃគោលដៅ ៨ម៉ឺនរបស់ខ្លួនសម្រាប់ឆ្នាំនេះ។ ក្រុមហ៊ុនបាននិយាយថា ប្រហែលមួយភាគប្រាំនៃការដឹកជញ្ជូនទាំងនេះគឺទៅឱ្យភាគីពាក់ព័ន្ធ។ ទោះយ៉ាងណា ប្រធានក្រុមហ៊ុននេះ គឺលោកស្រី Thuy Le នៅតែមានជំនឿថា ការលក់ចែកចាយរថយន្ដរបស់ខ្លួននឹងអាចធ្វើទៅបានគ្រប់ផែនការកំណត់នៅត្រឹមត្រីមាសទី៤ ឆ្នាំនេះ។
ក្រុមហ៊ុន VinFast បានអះអាងក្ដែងៗថា ខ្លួនកំពុងរៀបចំផែនការបង្កើតរោងចក្រដំឡើងរថយន្ដនៅប្រទេសឥណ្ឌា ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០២៥។ ក្រុមហ៊ុនកំពុងពង្រីកយ៉ាងសកម្មទៅកាន់ទីផ្សារអាស៊ី រួមទាំងប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន ដើម្បីទាញយកទុនលើតម្រូវការរថយន្ត EV ដែលកំពុងកើនឡើង។
ដើម្បីទប់ទល់នឹងការខាតបង់ និងគម្រោងពង្រីកប្រតិបត្តិការរបស់ខ្លួន ក្រុមហ៊ុន VinFast ដែលជាបុត្រសម្ព័ន្ធរបស់ Vingroup បានបញ្ជក់កាលពីដើមខែនេះថា ខ្លួននឹងទទួលបានមូលនិធិថ្មី ដែលមានតម្លៃ ៣,៣៥ ពាន់លានដុល្លារ ពីស្ថាបនិកនិងក្រុមហ៊ុនមេរបស់ខ្លួននៅឆ្នាំ ២០២៦ ។