យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រុមហ៊ុន VinEnergo ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup បានចាប់ផ្ដើមបើកការដ្ឋានសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ LNG នៅទីក្រុងកំពង់ផែ ហៃហ្វុង (Haiphong) កាលពីខែកញ្ញា ឆ្នាំ២០២៥ ដោយមានគោលដៅបញ្ចប់ដំណាក់កាលដំបូង ដែលមានអានុភាព១,៦ជីហ្គាវ៉ាត់នៅត្រឹមឆ្នាំ២០៣០។
ទោះជាយ៉ាងណា ក្រុមហ៊ុន Vingroup បានបញ្ជាក់ថា ការស្នើសុំលុបចោលផែនការនេះ គឺដោយសារក្រុមហ៊ុនមើលឃើញពីហានិភ័យដ៏ធំ នៃអស្ថិរភាពតម្លៃឧស្ម័ន LNG។ ក្រុមហ៊ុនបានពន្យល់ថា នៅពេលរោងចក្រនេះដំណើរការពេញលេញ វានឹងត្រូវនាំចូលឧស្ម័ន LNG រហូតដល់៥លានតោនក្នុងមួយឆ្នាំ ដែលមានតម្លៃចន្លោះពី៣,៥ ទៅ៣,៨ពាន់លានដុល្លារ។ តម្លៃដ៏ខ្ពស់នេះ នឹងក្លាយជាសម្ពាធយ៉ាងធ្ងន់ធ្ងរដល់តម្រូវការរូបិយប័ណ្ណបរទេសសម្រាប់សេដ្ឋកិច្ចរបស់ក្រុមហ៊ុន និងប្រទេសជាតិ។
ជាជម្រើសជំនួសវិញ សម្ព័ន្ធក្រុមហ៊ុន Vingroup បានស្នើសុំឱ្យក្រសួងឧស្សាហកម្មពិចារណាលើផែនការវិនិយោគថាមពលកកើតឡើងវិញបែបចម្រុះ រួមជាមួយប្រព័ន្ធស្តុកថាមពលថ្ម។ ប្រព័ន្ធស្តុកនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តុកទុកអគ្គិសនី ដែលផលិតបានពីប្រភពកកើតឡើងវិញ ដើម្បីបញ្ចេញមកប្រើប្រាស់វិញក្នុងអំឡុងពេលដែលមានតម្រូវការថាមពលខ្ពស់បំផុត។
បើទោះបីជាក្នុងឯកសារ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់លម្អិតពីប្រភេទថាមពលកកើតឡើងវិញដូចជាខ្យល់ ឬពន្លឺព្រះអាទិត្យក៏ដោយ ប៉ុន្តែក្រុមហ៊ុន Vingroup បានប៉ាន់ប្រមាណថា ដើមទុនសម្រាប់គម្រោងប្រព័ន្ធស្តុកថាមពលខាងលើនេះមានតម្លៃរហូតដល់២៥ពាន់លានដុល្លារ។ ក្រុមហ៊ុនជឿជាក់ថា នេះគឺជាជម្រើសដ៏ត្រឹមត្រូវ និងមានស្ថិរភាពជាងការប្រើប្រាស់ឧស្ម័ន LNG ប្រសិនបើត្រូវបានបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធបញ្ជូនអគ្គិសនីយ៉ាងសមស្របនោះ៕
អត្ថបទៈ សួន ឡង់ទី