វិស័យទេសចរណ៍

ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រោងដាក់ឱ្យដំណើរការយន្តហោះបើកលើទឹកដំបូងគេ នៅកម្ពុជា នៅពាក់កណ្តាលឆ្នាំនេះ


បើមិនមានអ្វីប្រែប្រួលទេ សេវាយន្ដហោះទេសចរណ៍ ដែលអាចបើកបរលើទឹកបាន និងអាចបើកពីដីគោកទៅកាន់ដីកោះបានរបស់ក្រុមហ៊ុន VET Airways នឹងចាប់ផ្ដើមដាក់ឱ្យដំណើរការនៅពាក់កណ្ដាលឆ្នាំ ២០២៦នេះ។
វិស័យទេសចរណ៍
ដោយ

តាមការអះអាងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលជាក្រុមហ៊ុនមេរបស់ VET Airways សេវាថ្មីនេះ ត្រូវបានរំពឹងថា នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ថ្មីសន្លាងមួយ បន្ថែមសម្រាប់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តតំបន់កោះកាន់តែច្រើនឡើង ដោយសារតែវាផ្តល់ភាពងាយស្រួល កាត់បន្ថយពេលវេលាធ្វើដំណើរ និងផ្តល់បទពិសោធ​ថ្មីសម្រាប់ភ្ញៀវទេសចរ។

អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបញ្ជាក់ថា នៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយ គឺ VET Airways ដែលនឹងចាប់ផ្តើមប្រតិបត្តិការជំហានដំបូងលើសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស តាមរយៈយន្តហោះបើកលើទឹកលក្ខណៈឯកជន ពីគោលដៅខេត្តកំពត ទៅកាន់តំបន់កោះនានា នៅកម្ពុជា។

អ្នកឧកញ៉ាបន្ថែមថា សេវាអាកាសចរណ៍ថ្មីនេះ មិនត្រឹមតែជួយបំពេញតម្រូវការធ្វើដំណើររបស់ភ្ញៀវទេសចរទៅកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្ដែ​វានឹងចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា កាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បាន​ចាត់ទុកវត្តមានសេវាយន្តហោះបើកលើទឹកដំបូងគេនៅកម្ពុជានេះ នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត សម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។ ទន្ទឹមនេះ អ្នកជំនាញរូបនេះយល់ឃើញថា ការរក្សាសុវត្ថិភាពរបស់អ្នកធ្វើដំណើរជាកត្តាចម្បង ដែលត្រូវយកចិត្តទុកដាក់ ខណៈការផ្ដល់ជូននូវតម្លៃសេវាកម្មសមរម្យក៏ជាកត្តាសំខាន់ផងដែរ។

សូមជម្រាបថា គម្រោងប្រតិបត្តិការហោះហើរដំបូងរបស់ក្រុមហ៊ុន VET Airways នាពេលខាងមុខនេះ ក្រុមហ៊ុននឹងដាក់ដំណើរការយន្តហោះបើកលើទឹកចំនួន៤គ្រឿង ដែលមានសមត្ថភាព អាចផ្ទុកអ្នកដំណើរបានចន្លោះពី ៤ ទៅ ៩នាក់។ បន្ថែមលើប្រតិបត្តិការហោះហើរនៅក្នុងស្រុកនេះ ក្រុមហ៊ុននេះក៏គ្រោងពង្រីកប្រតិបត្តិការហោះហើរបន្ថែមទៅក្រៅប្រទេសនាពេលអនាគតផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


ផលិតផល និងអាជីវកម្មថៃ កាន់តែច្រើនបន្ដបាត់ពីទីផ្សារកម្ពុជា! តើវាជាសញ្ញាអវសាននៃអាជីវកម្មថៃ នៅកម្ពុជា ឬយ៉ាងណា?

កសញ្ញានៃផលិតផលថៃ មួយចំនួន ដែលធ្វើអាជីវកម្មនៅក្នុងទីផ្សារកម្ពុជា ចាប់ផ្ដើមរង្គោះរង្គើ គួរឱ្យកត់សម្គាល់ ដោយសារការធ្វើពហិការផលិតផលថៃ ដោយពលរ…

សិង្ហបុរីនឹងបង្កើនទំនាក់ទំនងជាមួយមហាអំណាចថ្នាក់កណ្តាល និងក្រុមប្រទេសក្នុងតំបន់ ចំពេលមានការប្រែប្រួលដ៏ធំខាងភូមិសាស្ត្រនយោបាយ

សណ្តាប់ធ្នាប់អន្តរជាតិ ក្រោយសង្គ្រាមលោកលើកទី២ ដែលបង្កើតឡើងលើមូលដ្ឋានពហុភាគីនិយម ច្បាប់អន្តរជាតិ ទីផ្សារសេរី ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងស្ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ