នៅឯកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ក្រុមមេដឹកនាំសហភាពអឺរ៉ុបទាំង២៧ បានសម្រេចតែងតាំងលោកស្រី វ៉ុនឌឺ ឡេយិន ឱ្យបន្តធ្វើជាប្រធានគណៈកម្មការអឺរ៉ុប ប៉ុន្តែនៅរង់ចាំការអនុម័តយល់ព្រមពីសភាអឺរ៉ុបនៅក្នុងការបោះឆ្នោតសម្ងាត់មួយជាបន្តទៀតនៅឡើយ។
ក្រុមមេដឹកនាំទាំងនេះក៏បានជ្រើសរើសអតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក អង់តូញ៉ូ កូស្តា (Antonio Costa) ជាអនាគតប្រធានកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប និងបានជ្រើសរើសនាយករដ្ឋមន្ត្រីអេស្តូនីលោកស្រី កាចា កាឡាស (Kaja Kallas) ឱ្យធ្វើជាប្រធានគោលនយោបាយការបរទេសថ្មីរបស់ប្លុកនេះផងដែរ។
លោក ឆាល មិចឆេល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុបបច្ចុប្បន្នបានប្រាប់ក្រុមអ្នកកាសែតកាលពីព្រឹកថ្ងៃសុក្រនេះថា បេសកកម្មអឺរ៉ុបបានបញ្ចប់ហើយ ហើយក្រុមប្រឹក្សាអឺរ៉ុប ក៏បានកើតឡើងហើយដែរ។
ទន្ទឹមនេះ សហភាពអឺរ៉ុប ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយនឹងអ៊ុយក្រែន ផងដែរ ដោយបានបង្ហាញពីការគាំទ្ររបស់សហភាពអឺរ៉ុបសម្រាប់ទីក្រុងកៀវ ដោយគ្មានងាករេក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងមូស្គូ ទោះបីមានភាពមិនច្បាស់លាស់នៃការបោះឆ្នោតនៅបារាំងក្នុងពេលឆាប់ៗនេះ និងការបោះឆ្នោតប្រធានាធិបតី អាម៉េរិកនៅក្នុងខែវិច្ឆិកា ចុងឆ្នាំនេះក៏ដោយ។
លោកស្រី វ៉ុនឌឺ ឡេយិន បានប្រាប់ក្រុមមេដឹកនាំសហភាពអឺរ៉ុប ថា នៅចន្លោះឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២១ សហភាពអឺរ៉ុបបានបង្កើនចំណាយលើវិស័យការពារជាតិបានតែ២០%ប៉ុណ្ណោះ។ ចំណែកចិនវិញបានបង្កើនរហូតដល់៦០០% ហើយរុស្ស៊ី មានចំនួន៣០០%។ ដូច្នេះហើយសហភាពអឺរ៉ុប ចាំបាច់ត្រូវតែវិនិយោគជាង៥៣៥ពាន់លានដុល្លារ លើវិស័យការពារជាតិ ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីបង្កើនចំណាយលើវិស័យការពារជាតិបន្ថែមទៀត៕
អត្ថបទ៖ សុខ មង្គល