Advertisement
អាកាសចរណ៍

ក្រុមហ៊ុន​បារាំង​​នឹង​ជួយ​ថែទាំ​និង​ជួសជុល​​យន្តហោះ​នៅ​ស្រុក​ខ្មែរ


ក្រុមហ៊ុន​បារាំង Air France Industries KLM បាន​ឈ្នះ​ការ​ដេញ​ថ្លៃ​ទៅ​លើ​កិច្ច​ព្រមព្រៀង​រយៈពេល​វែង ក្នុង​ដំណើរ​ការ​ជួស​ជុល ថែ​រក្សា និង​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​យន្តហោះ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា អង្គរអ៊ែរ ដើម្បី​បង្កើន​ទំនុក​ចិត្ត​លើ​ប្រតិបត្តិការ ​និង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​នៅក្នុង​ទីផ្សារ​កម្ពុជា​ដែល​កំពុង​តែ​រីក​ចម្រើន​ខ្លាំង។
ក្រុមហ៊ុន Air France Industries KLM នឹង​ជួយ​ថែទាំ​ជួសជុល​យន្តហោះ​ឲ្យ​កម្ពុជា។
ដោយ

បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​ពីរ​បាន​សម្រេច​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​រួច​ហើយ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ អាច​ចូល​ទៅ​កាន់​គ្រប់​សាខា​ផ្ទុក​គ្រឿង​បន្លាស់​យន្តហោះ Airbus 320 របស់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង Air France Industries KLM នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ខណៈកាល​ពី​ឆ្នាំ​មុន ការ​ជួសជុល ថែរក្សា និង​ផ្គត់ផ្គង់​គ្រឿង​បន្លាស់ គឺ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម។

លោក ហ្វាប្រ៊ីក ឌឹហ្វ្រេន អនុប្រធាន​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន Air France Industries KLM បាន​ឲ្យ​ដឹង​ថា នេះ​ជា​មោទនភាព​ណាស់​ដែល​យើង​បាន​ក្លាយ​ជា​ដៃគូ​ថ្មី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ ដើម្បី​ចូលរួម​ចំណែក​បង្កើន​ទំនុក​ចិត្ត​លើ​ប្រតិបត្តិការ ដោយ​យើង​នឹង​ធ្វើការ​ជួសជុល និង​ថែ​រក្សា​យន្តហោះ​ដោយ​ផ្ទាល់ ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ជាមួយ​គ្នា។

លោក​ថា បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​ធ្វើការ​ជាមួយ​យន្តហោះ​ជិត ២​ពាន់​គ្រឿង ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ជិត ២០០ នៅ​លើ​ពិភព​លោក។

លោក ហ្វាប្រ៊ីក ឌឹហ្វ្រេន បាន​អះអាង​បន្ត​ថា ក្រុមហ៊ុន​លោក​ចង់​ផ្តល់​ឲ្យ​នូវ​សេវាកម្ម​ដ៏​ល្អ ហើយ​យើង​មាន​អ្នក​ជំនាញ​ដែល​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា ប្រតិបត្តិការ​ហោះហើរ​របស់​កម្ពុជា អង្គរអ៊ែរ មាន​សុវត្ថិភាព គួរ​ជា​ទី​ទុក​ចិត្ត ជាមួយ​នឹង​ការ​ហោះហើរ​មាន​ភាព​ទៀតទាត់។ យន្តហោះ​ដែល​ត្រូវ​ហោះហើរ​ជា​ប្រចាំ​ថ្ងៃ​នោះ យើង​ត្រូវ​ធ្វើ​ឲ្យ​ច្បាស់​ប្រាកដ​ថា បាន​ត្រៀម​ខ្លួន​ជា​ស្រេច សម្រាប់​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ដោយ​សុវត្ថិ​ភាព ដែល​ទាំង​អស់​នេះ ជា​តម្លៃ​បន្ថែម​សម្រាប់​សេវាកម្ម​ហោះហើរ​របស់​ក្រុមហ៊ុន​ជាតិ​កម្ពុជា​អង្គរ​អ៊ែរ។

បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរអ៊ែ មាន​យន្តហោះ A320 ចំនួន​៣​គ្រឿង ដោយ​បាន​ធ្វើការ​ហោះហើរ​ក្នុង​ស្រុក​និង​ក្រៅស្រុក ជាមួយ​យន្តហោះ ៧​គ្រឿង។

តម្រូវការ​ទីផ្សារ​លើ​សេវា​ហោះហើរ​មាន​ការ​កើន​ឡើង ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា​អង្គរអ៊ែរ នឹង​ពង្រីក​ផ្លូវ​ហោះហើរ​ជាមួយ​យន្តហោះ​បន្ថែម​ចំនួន​១២ គ្រឿង​ទៀត នៅ​ឆ្នាំ​២០២០ ដោយ​នឹង​ហោះ​ទៅ​សិង្ហ​បុរី ជប៉ុន ឡាវ ឥណ្ឌា និង​ម៉ាឡេស៊ី។ ហើយ​នៅ​ក្នុង​សប្ដាហ៍​នេះ​ដែរ ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ធ្វើការ​ហោះហើរ​ជា​ផ្លូវការ​ពី​ក្រុង​ព្រះសីហនុ​ទៅ​ទីក្រុង​ម៉ាកាវ ដោយ​ធ្វើការ​ហោះ​ហើរ​ពីរ​​ជើង​ក្នុង​១​សប្តាហ៍​រៀង​រាល់​ថ្ងៃ​ពុធ និង​ថ្ងៃ​អាទិត្យ។ នៅឆ្នាំ​នេះ ក្រុមហ៊ុន អង្គរអ៊ែរ រំពឹង​ថា នឹង​ទទួល​ដឹក​អ្នក​ដំណើរ​យ៉ាង​ហោច​ណាស់ ឲ្យ​បាន ១​លាន​នាក់៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ​ជាង​គេ​បំផុត​របស់​ថៃ គ្រោង​បើក​ផ្សារ​ទំនើប​ធំ​បំផុត​នៅ​កម្ពុជា​

ព័ត៌មាន
ក្រុមហ៊ុន​សិនត្រាល់ គ្រុប (CENTRAL Group) គឺ​ជា​ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​ថៃ នឹង​ចូល​មក​បោះទុន​វិនិយោគ សាងស...

វៀតណាម​វិនិយោគ​រាប់​​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​និង​ឡាវ

ព័ត៌មាន
ប្រទេស​វៀតណាម​បាន​ពង្រីក​សក្តានុពល​ក៏​ដូច​ជា​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​​វិនិយោគ​យ៉ាង​សម្បើម​នៅ​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូចិន គឺ​កម្ពុជា...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ