ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រំពឹងថា តាមរយៈមជ្ឈមណ្ឌលនេះ វានឹងជួយពង្រីកការយល់ដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដល់សាធារណជន ជាពិសេសយុវជនជំនាន់ក្រោយពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងអំពើសាហាវយង់ឃ្នងក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលបានបន្សល់នូវក្តីឈឺចាប់ខ្លោចផ្សា និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិកម្ពុជាទាំងមូល។ ឯកឧត្តម វង្សី វិស្សុត បានបន្តថា បើទោះបីជាដំណើរការជម្រះក្តីរបស់ អ.វ.ត.ក. ត្រូវបានបិទបញ្ចប់ជាស្ថាពរក្តី, ប៉ុន្តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនឹងនៅតែបន្តផ្ដល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. តាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០២១។
នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវមជ្ឈមណ្ឌលធនធានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក និងការដាក់ឲ្យផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីវីដេអូខ្លីអប់រំ និងផ្សព្វផ្សាយជាស៊េរីរបស់ អ.វ.ត.ក នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រីបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះមជ្ឈមណ្ឌលនេះក្នុងការជួយលើកកម្ពស់ការយល់សាធារណៈរបស់មហាជន ពាក់ព័ន្ធពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងអំពើសាហាវយង់ឃ្នងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ដែលបានបន្សល់នូវក្តីឈឺចាប់ខ្លោចផ្សា និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិកម្ពុជាទាំងមូល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានអះអាងថា ក្រោយពីបានបញ្ចប់ដំណើរការកាត់សេចក្តី ប្រកបដោយជោគជ័យកាលពីចុងឆ្នាំ២០២២ និងមានការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក៏បានបន្សល់ទុកនូវកេរដំណែលដ៏ល្អនៅក្នុងសង្គមកម្ពុជា ដោយបានចូលរួមចំណែកពង្រឹងសមិទ្ធផលនៃសន្តិភាព, ការផ្សះផ្សាជាតិ, ការស្វែងរកការពិត, ការពង្រឹងនីតិរដ្ឋ, និងជាពិសេស ការផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់នូវវប្បធម៌ និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលបានសម្លាប់រង្គាលនូវជីវិតប្រជាជនកម្ពុជាជាង៣លាននាក់ ព្រមទាំងការលើកកម្ពស់ដល់ការចងចាំ និងការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបដ៏សាហាវយង់ឃ្នងនេះ។
ជាមួយនឹងធនធាននៃសំណុំរឿង ដែលមាន, បទពិសោធន៍យ៉ាងច្រើន និងយុត្ធសាស្ត្រនានា ដែលទទួលបានពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក., កម្ពុជាក៏បានចែករំលែកទៅថ្នាក់តំបន់ និងអន្តរជាតិផងដែរ តាមរយៈការផ្ទេរចំណេះដឹង, ចំណេះធ្វើ, និងបទពិសោធន៍ពី អ.វ.ត.ក. ស្របតាមទិសដៅប្រែក្លាយកម្ពុជាពីប្រទេសធ្លាប់រៀនសូត្រពីគេទៅជាប្រទេស ដែលគេមករៀនសូត្រវិញម្តង។
ក្នុងឱកាសធ្វើជាអធិបតីនោះដែរ ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែល អ.វ.ត.ក. សម្រេចបានទាំងផ្នែកយុត្តាធិការ និងមិនមែនយុត្តាធិការ ព្រមទាំងថ្លែងអំណរគុណដល់ភាគីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលបានផ្ដល់ការគាំទ្រដល់ដំណើរការកាត់សេចក្ដីទៅដោយរលូន, ទាន់ពេល និងទទួលបានជោគជ័យ។ សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ នេះគឺជាជោគជ័យរួមរបស់រាជរដ្ឋាភិបាល, អង្គការសហប្រជាជាតិ, និងសហគមន៏អន្តរជាតិ ដែលបានធ្វើឱ្យសាលាក្តីកូនកាត់នេះក្លាយជាតុលាការគំរូមួយ សម្រាប់ឱ្យប្រទេសនានាក្នុងតំបន់ និងសកលលោកសិក្សា និងយកធ្វើជាគំរូក្នុងការបង្កើតតុលាការវិនិច្ឆ័យទោសចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរនាពេលអនាគត ក្នុងបុព្វហេតុស្វែងរកសន្តិភាពក្រោយសង្គ្រាម ឬជម្លោះរ៉ាំរ៉ៃផ្ទៃក្នុង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់បន្ថែមថា បើទោះបីជាដំណើរការជម្រះក្តីរបស់ អ.វ.ត.ក. ត្រូវបានបិទបញ្ចប់ជាស្ថាពរក្តី, ប៉ុន្តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិបានបន្តផ្ដល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ដោយអនុលោមតាម «កិច្ចព្រមព្រៀងបន្ថែមស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០២១ ដែលរួមមាន៖ ការងារគតិយុត្តិមួយចំនួន, ការថែរក្សាទុក និងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដារអន្តរជាតិ និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន ដោយក្នុងនោះរួមទាំងការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់កេរដំណែលពាក់ព័ន្ធនឹងបណ្ណសារនៃអង្គជំនុំជម្រះរបស់សាលាក្ដីខ្មែរក្រហម ដើម្បីអនុញ្ញាតឱ្យសាធារណជនអាចចូលមើល និងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលធនធាននេះ មានសមាសភាគសំខាន់ៗចំនួន៦រួមមានទី១. បណ្ណាល័យ និងកន្លែងស្រាវជ្រាវ, ទី២. គេហទំព័រថ្មីដែលកំពុងកែលម្អ និងធ្វើបច្ចុប្បន្នភាព, ទី៣. និហិតដ្ឋានបណ្ណសារ, ទី៤. បន្ទប់ប្រើប្រាស់ពហុបំណងសម្រាប់រៀបចំសិក្ខាសាលា និងតុលាការគ្រាប់, ទី៥. បន្ទប់ពិគ្រោះយោបល់ និងតាំងពិព័រណ៍ និងទី៦. ឧទ្យានសម្រាប់ការចងចាំ។ ក្នុងចំណោមសមាសភាគសំខាន់ៗទាំងនេះ បណ្ណាល័យ និងកន្លែងស្រាវជ្រាវ នៃមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក. ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីចុងខែឧសភា ឆ្នាំ២០២៣ និងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន សិស្ស និស្សិត និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ អំឡុងពេលដំណើរការសាកល្បងនាពេលកន្លងមក។
បន្ទាប់ពី ពិធីសម្ពោធនាថ្ងៃនេះ បណ្ណាល័យនិងកន្លែងស្រាវជ្រាវនេះ នឹងត្រូវដាក់ក្រោមការគ្រប់គ្រងរួមគ្នាជាមួយមជ្ឈមណ្ឌលឯកសារច្បាប់ និងបើកបម្រើជាផ្លូវការ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៨យប់ សម្រាប់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងចាប់បើកពីម៉ោង១០ព្រឹកដល់ម៉ោង៦ ល្ងាច សម្រាប់ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។
ដោយឡែកចំពោះការងារទី២, ទី៣ និងទី៤ នៃមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក. ក៏គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ ហើយការងារទី៥ និងទី៦ ត្រូវបានដាក់ក្នុងគម្រោងថវិកាសាងសង់របស់ អ.វ.ត.ក. នៅឆ្នាំ២០២៤ ខាងមុខ។ បន្ថែមលើនេះការដាក់ផ្សព្វផ្សាយជាសាធារណៈនូវ«កម្មវិធីវីដេអូខ្លីអប់រំនិងផ្សព្វផ្សាយជាស៊េរីរបស់ អ.វ.ត.ក.» ដែលដកស្រង់ចេញពីឯកសារកំណត់ត្រា និងបណ្ណសារពាក់ព័ន្ធនឹងដំណើរការ កាត់សេចក្ដីរបស់សាលាក្ដីខ្មែរក្រហម ក៏នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការងារផ្សព្វផ្សាយ និងសកម្មភាពអប់រំក្នុងគោលដៅរំលឹកការចងចាំជាប្រវត្តិសាស្ត្រដល់យុវជនជំនាន់ក្រោយអំពីរឿងរ៉ាវ ដែលបានកើតមានឡើងក្នុងរបបខ្មែរក្រហម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាដូចជា Facebook, Telegram, YouTube, TikTok, Instagram, និងតាមប្រព័ន្ធទូរទស្សន៍ផងដែរ៕