
បើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ មូលដ្ឋានដែលថៃអាចនឹងប្រកាន់យកដើម្បីធ្វើជាទុនក្នុងការចរចាបញ្ចុះពន្ធគយជាមួយសហរដ្ឋអាម៉េរិកនោះ គឺការបង្កើនការទិញផលិតផលពីសហរដ្ឋអាម៉េរិក។ អ្នកវិភាគបានអះអាងថា ថៃអាចមានលទ្ធភាពនាំចូលទំនិញពីអាម៉េរិកបន្ថែមក្នុងតម្លៃរហូតដល់ជិត៣៣ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដែលបង្កឡើងដោយវិធានការពន្ធរបស់អាម៉េរិក។ ជាការកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាម៉េរិក ថៃគ្រោងទិញយន្តហោះ ថាមពល និងគ្រាប់ធញ្ញជាតិអាម៉េរិកបន្ថែម ស្របពេលគ្រាប់ធុញជាតិអាម៉េរិកកំពុងរាំងស្ទះខ្លាំងក្រោយចិនដំឡើងពន្ធសងសឹកលើសហរដ្ឋអាម៉េរិក។
លោក ឆាក រឿងស៊ីងភីនយ៉ា (Chak Reungsinpinya) ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Maybank Securities Thailand យល់ឃើញថា ការបង្កើនតម្លៃនាំចូលពីអាម៉េរិករបស់ថៃ ដែលមានទំហំជិត៣៣ ពាន់លានដុល្លារអាចកាត់បន្ថយសមាមាត្រឱនភាពពាណិជ្ជកម្មបានប្រមាណ២០% និងនាំឲ្យពន្ធថយចុះដល់កម្រិតមូលដ្ឋាន១០%។
ងាកទៅមើលប្រទេសវៀតណាមឯណោះវិញ នាយករដ្ឋមន្រ្តី ផាម មិញជិញ បានស្នើសុំរដ្ឋាភិបាលសហរដ្ឋអាម៉េរិកពន្យារពេលអនុវត្តការយកពន្ធនេះ៤៥ថ្ងៃ ដើម្បីទុកពេលឱ្យខ្លួនចរចារ និងរៀបចំសម្របសម្រួលកិច្ចការនេះ។ វៀតណាមបានស្នើបញ្ជូនឧបនាយករដ្ឋមន្រ្តី ហូ ឌឹក ភុក (Ho Duc Phoc)ដើម្បីពិភាក្សាអំពីបញ្ហាតុល្យភាពពាណិជ្ជកម្មនេះ។ ហើយអ្វីដែលវៀតណាមយកធ្វើជាមូលដ្ឋានក្នុងការចរចាជាមួយអាម៉េរិកនោះ គឺការបង្កើនការបញ្ជាទិញឧបករណ៍ការពារជាតិ និងសព្វាវុធពីអាម៉េរិក៕
ដោយៈ សរ សុជាតិ