វិស័យកសិកម្មកម្ពុជា

តើវិស័យកសិកម្មនៅឆ្នាំ២០២២នេះ មានសភាពប្រែប្រួល និងប្រឈមអ្វីខ្លះ?


ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអះអាងថា បញ្ហាការប្រែប្រួលអាកាសធាតុ,គ្រោះរាំងស្ទួត,ទឹកជំនន់,ជំងឺឆ្លងលើដំណាំនិងសត្វ គួបផ្សំនឹងការវិនិយោគវិស័យកសិកម្ម នៅមានកម្រិត គឺជាបញ្ហាប្រឈមសម្រាប់វិស័យកសិកម្មកម្ពុជា ខណៈដែលវិស័យនេះ បានចូលរួមចំណែកជាង ២៤% នៅក្នុងវិស័យសេដ្ឋកិច្ច បន្ទាប់ពីវិស័យឧស្សាហកម្ម បានរួមចំណែក ជាង ៣៨% និង វិស័យសេវាកម្ម វិញរួមចំណែក ៣៧%។
តើវិស័យកសិកម្មកម្ពុជាឆ្នាំ២០២២ មានការប្រែប្រួល និងប្រឈមយ៉ាងណា?

យ៉ាងណាមិញ សម្រាប់អ្នកជំនាញនៅក្នុងវិស័យកសិកម្ម ក៏បានអះអាងដែរថា នៅប៉ុន្មានខែចុងក្រោយនេះ វិស័យកសិកម្មហាក់មានសភាពទ្រឹង ខណៈដែលការនាំចេញកសិផលមួយចំនួនមានការថយចុះ ពិសេសផ្លែស្វាយតែម្ដង។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងពីបញ្ហាប្រឈមក្នុងវិស័យកសិកម្មថា ប្រព័ន្ធកសិកម្មកម្ពុជា តែងតែទទួលរងផលប៉ះពាល់ជាអវិជ្ជមាន ពីបាតុភូតធម្មជាតិនៃបម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត ទឹកជំនន់ និងជំងឺឆ្លងលើដំណាំផ្សេងៗ។ លើសពីនេះ ជំងឺឆ្លងសត្វ ក៏បានដាក់បន្ទុកធ្ងន់ធ្ងរដល់ការវិវត្តន៍កសិកម្មមួយផ្នែកផងដែរ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានគូសបញ្ជាក់ទៀតថា ហេដ្ឋារចនាគាំទ្រផលិតកម្មក្នុងស្រុក មិនទាន់បានបំពេញគ្រប់គ្រាន់ទៅតាមតម្រូវការ ហើយការវិនិយោគលើការកែច្នៃកសិផល ក៏នៅមានកម្រិតនៅឡើយ។

ឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនួញក្នុងវិស័យកសិកម្ម និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានកត់សម្គាល់ឃើញថា រយៈពេលចុងក្រោយនេះ វិស័យកសិកម្ម ហាក់មានភាពទ្រឹងពិសេសទីផ្សារស្វាយស្រស់ តែម្ដង។ បើតាមឧកញ៉ា ហ៊ុន ឡាក់ បញ្ហាបម្រែបម្រួលអាកាសធាតុ ក៏បាននិងកំពុងគំរាមកំហែង ដល់វិស័យកសិកម្ម នាឆ្នាំនេះ ផងដែរ ដោយលោកបានបន្តថា វិស័យកសិកម្មឆ្នាំនេះ មិនត្រឹមតែជួបបញ្ហាអាកាសធាតុទេ តម្លៃថ្លៃដើមផលិត ក៏កាន់តែកើនខ្ពស់ផងដែរ។ ទោះជាបែបនេះក្ដី ឧកញ៉ា ហ៊ុន ឡាក់ បានសង្កត់ធ្ងន់ថា វិស័យកសិកម្ម នៅមានភាពធន់នៅឡើយ ដោយសារតែតម្លៃកសិផលដទៃ​ក្រៅពីផ្លែស្វាយស្រស់ នៅតែមានស្ថិរភាព នៅឡើយ។

ដោយឡែក លោក អួន ស៊ីឡុត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា នៅតែបង្ហាញពីការព្រួយបារម្ភ ចំពោះបញ្ហានានាដែលកើតមាន ក្នុងវិស័យកសិកម្ម ដូចជា អាកាសធាតុ​ប្រែប្រួល​, តម្លៃ​ជី ​ថ្នាំកសិកម្ម ​ការ​ខ្វះ​រោងចក្រ​កែ​ច្នៃ​ និងតម្លៃកសិផល ជាដើម​។ ក៏ប៉ុន្តែ សម្រាប់លោក អួន ស៊ីឡុត បញ្ហាបម្រែបម្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមខ្លាំង ក្នុងវិស័យកសិកម្ម ពិសេសក្នុងខ្សែច្រវ៉ាក់ផលិតកម្មដំណាំស្វាយចន្ទី តែម្ដង ដែលដំណាំសក្ដានុពលមួយសម្រាប់នាំចេញ។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា បញ្ហាទាំងនេះ អាចនឹងប៉ះពាល់ដល់វិស័យកសិកម្មទាំងមូល ក្នុងឆ្នាំ២០២២នេះ ថែមទាំងអាចអូសបន្លាយដល់ឆ្នាំក្រោយផងដែរ។

សូមបញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្ម ជិត៨លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់ជិត ៥ពាន់លានដុល្លារ មានការកើនឡើង ៦៣% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ ដោយឡែក រយៈពេល ២ខែដំបូង ក្នុងឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញកសិផលសរុបជិត ២លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការកើនឡើងជិត១០ភាគរយ បើប្រៀបនឹងរយៈពេលដូចគ្នា។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញធនាគារអះអាងថា តម្រូវការឥណទាននឹងកើនឡើងនៅឆ្នាំ២០២២

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុលើកឡើងថា តម្រូវការឥណទាននៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនឹងមានការកើនឡើងនៅឆ្នាំនេះ ដោយ…

ថៃបារម្ភថាសេដ្ឋកិច្ចនឹងថយកំណើនមកនៅត្រឹម ៣% ប្រសិនបើប្រេងឆៅឡើងដល់ ១៥០ ដុល្លារក្នុងមួយបារ៉ែល

ព័ត៌មាន
បើតាមការសិក្សាដោយស្ថាប័នផែនការ និងរៀបចំគោលនយោបាយរបស់ថៃ បានឲ្យដឹងថា សេដ្ឋកិច្ចថៃ អាចនឹងធ្លាក់ស្រុតចុះទាបជាងអ្វីដែលបានរំពឹងទុក បើតម្លៃប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ