
អឺរ៉ុប និងសហរដ្ឋអាម៉េរិក នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានខំប្រឹងប្រវេប្រវាបង្កើនការផលិត និងកែច្នៃរ៉ែកម្រក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើមហាយក្សចិន ដែលគ្រប់គ្រងចំណែកទីផ្សាររហូតដល់ទៅប្រមាណ៩០%នៃរ៉ែកម្រកែច្នៃទូទាំងពិភពលោក។
លោក ឡូរ៉េន ម៉ៃហ្គូម (Laurent Migom) អ្នកជំនាញមកពីក្រុមហ៊ុនប្រឹក្សាយោបល់អាម៉េរិក Bain & Company បាននិយាយថា បច្ចុប្បន្នការផលិតរ៉ែកម្រនៅអឺរ៉ុប ចំណាយថ្លៃដើមខ្ពស់ជាងការផលិតនៅក្នុងប្រទេសចិន ចន្លោះពី២០% ទៅ៤០% ជាហេតុឱ្យអឺរ៉ុប មិនអាចប្រកួតប្រជែងជាមួយមហាយក្សចិនបាននៅក្នុងវិស័យរ៉ែកម្រនេះ។
ទន្ទឹមនេះ អ្នកជំនាញមួយរូបទៀតនៅក្នុងឧស្សាហកម្មបានទម្លាយឱ្យដឹងថា ក្នុងករណីខ្លះ ផលិតផលរ៉ែកម្រកែច្នៃរបស់ចិន មានតម្លៃថោកជាងផលិតផលអឺរ៉ុបចន្លោះពី៦០% ទៅ៧០% ឯណោះ។
លោក ឡូរ៉េន ម៉ៃហ្គូម (Laurent Migom) បានគូសបញ្ជាក់ថា តម្រូវការរ៉ែកម្រប្រចាំឆ្នាំរបស់អឺរ៉ុប សម្រាប់ការផលិតរថយន្តអគ្គិសនី និងទួប៊ីនខ្យល់ត្រូវបានព្យាករថា នឹងកើនឡើង៥០%ឈានដល់៣ម៉ឺនតោន នៅត្រឹមឆ្នាំ២០៣០ ដែលគិតជាទឹកប្រាក់ប្រមាណ១,៧ពាន់លានដុល្លារអាម៉េរិក ខណៈអឺរ៉ុបខ្លួនឯងអាចផលិតបានត្រឹមក្រោម៥ពាន់តោនប៉ុណ្ណោះនៅត្រឹមឆ្នាំនោះ។
អ្នកជំនាញរូបនេះ បានបន្ថែមថា ការកែច្នៃឡើងវិញអាចជួយផ្គត់ផ្គង់រ៉ែកម្រនៅក្នុងទ្វីបអឺរ៉ុប បាន ប៉ុន្តែទាល់តែរង់ចាំរហូតដល់ក្រោយឆ្នាំ២០៣៥ ឯណោះ នៅពេលដែលមានមេដែកឆក់ចាស់ៗគ្រប់គ្រាន់សម្រាប់កែច្នៃឡើងវិញ៕
ដោយ: តែម សុខុម