សម្រាប់ក្រុមអ្នកជំនាញ ក្រៅពីអាចស្វែងរកការបញ្ចប់ជម្លោះព្រំដែនជាមួយថៃ តាមរយៈដំណើរទស្សនកិច្ចនេះកម្ពុជានឹងទទួលបានផលប្រយោជន៍មួយចំនួនទៀតដូចជាការទាក់ទាញវិនិយោគិន និងការបង្កើនសមត្ថភាពវិស័យការពារជាតិ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាម៉េរិក។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយយល់ឃើញថា តាមរយៈដំណើរទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព និងការបំពេញទស្សនកិច្ចការងារនៅតាមបណ្តាប្រទេសនៅប៉ែកអឺរ៉ុបរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងផ្តល់គុណសម្បត្តិជាច្រើនដល់កម្ពុជា ដែលកំពុងរងការឈ្លានពានពីប្រទេសថៃ។ ជាក់ស្ដែងប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រើបណ្តាញព័ត៌មានអន្តរជាតិលាតត្រដាងទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ដែលធ្វើឱ្យសហគមន៍អន្តរជាតិមានការចាប់អារម្មណ៍កាន់តែខ្លាំងលើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ហើយវាក៏ជាឱកាសធ្វើឱ្យសហគមន៍អន្តរជាតិផ្លាស់ប្តូរការយល់ឃើញមកលើកម្ពុជា។ អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការទាញយកផលប្រយោជន៍សេដ្ឋកិច្ច និងការពង្រឹងពាណិជ្ជកម្មតាមរយៈការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំស្ថាប័ន និងក្រុមហ៊ុនជំនួញអន្តរជាតិនានា។
ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមយល់ឃើញថា វត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រីនៃកម្ពុជាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព និងការទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ែកអឺរ៉ូបនាពេលនេះ ជាដំណើរដ៏មានសារៈសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតជាមួយសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសនៅតំបន់អឺរ៉ុប។ អ្នកជំនាញរូបនេះរំពឹងថា កម្ពុជានឹងអាចបង្កើនការដោះដូរពាណិជ្ជកម្ម ការធ្វើប្រតិបត្តិការយោធា និងការទិញសព្វាអាវុធទំនើបៗពីអាម៉េរិក ជាពិសេសនាំយកទំនិញកម្ពុជាចូលទៅក្នុងទីផ្សារអឺរ៉ុប។ យ៉ាងណាមិញអ្នកជំនាញរូបនេះបានចាត់ទុកការបកអាក្រាតទង្វើឈ្លានពានរបស់យោធាពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏អាចជាសម្ពោធមួយជួយរុញឱ្យថៃចូលតុចរចារកដំណោះស្រាយ និងជំរុញឱ្យថៃគោរពតាមច្បាប់អន្តរជាតិ ក៏ដូចជាអនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ផងដែរ។
គួរបញ្ជាក់ថា បេសកកម្មក្រៅប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក រួមនឹងការបន្តទស្សនកិច្ចនៅទីក្រុងហ្សឺណែវប្រទេសស្វីស និងទីក្រុងព្រុចសែល ប្រទេសបែលហ្សិកចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងអាចនាំមកនូវសន្តិភាព និងការបញ្ចប់វិវាទព្រំដែនជាមួយថៃយ៉ាងច្បាស់លាស់សម្រាប់កម្ពុជា៕
អត្ថបទដោយ៖ ជា ម៉ារ៉ា