ជាក់ស្តែង តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានជំរុញឱ្យការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសឡាវ និងប្រទេសវៀតណាម មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរនៅរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ។
នៅក្នុងសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេសនៅក្នុងតំបន់ តាមរយៈការពង្រឹងការតភ្ជាប់តាមព្រំដែន ការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងជាពិសេសការលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ច តាមរយៈការជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍នៅក្នុងតំបន់អភិវឌ្ឍន៍នេះ។
បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ កម្ពុជាបានបន្ថយគម្លាតនៃផ.ស.ស នៃខេត្តទាំងបួនរបស់កម្ពុជាដែលស្ថិតនៅក្នុងតំបន់កិច្ចសហប្រតិបត្តិការនេះឱ្យខិតជិតនឹងទំហំ ផ.ស.ស ជារួមរបស់កម្ពុជាផងដែរ។ ម្យ៉ាងទៀត តាមតរយៈកិច្ចសហប្រតិបត្តិការនេះ វាក៏បានជំរុញឱ្យការដោះដូរពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសទាំងនោះមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ តួយ៉ាងការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសឡាវនៅរយៈពេល៨ខែ ឆ្នាំ២០២៤ នេះ បានកើនឡើងរហូតដល់ជាង២៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសម្ទុះនៃការនាំចេញបន្ទះសូឡា គ្រឿងអេឡិចត្រួនិច និងជ្រូករស់ជាដើម។
ដោយឡែក ការនាំចេញទំនិញកម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលដូចគ្នានេះ គឺមានការកើនឡើងប្រមាណជិត៤០% ផងដែរ ដែលជំរុញសម្ទុះនៃការនាំចេញផលិតផលកសិកម្ម។ ទន្ទឹមនេះ លោកជំទាវ ចម និម្មល បានឱ្យដឹងដែរថា ខេត្តទាំងបួនរបស់កម្ពុជានៃគម្រោង CLV-DTA នេះ ក៏ទទួលបានគម្រោងវិនិយោគជាច្រើនជាបន្តបន្ទាប់ផងដែរ ជាពិសេសនៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មតែម្តង ជាក់ស្តែងគិតត្រឹមខែកក្កដា ឆ្នាំ២០២៤នេះ តំបន់ DTAកម្ពុជា ទទួលបានមានគម្រោងវិនិយោគចំនួន១០៥ គម្រោងជាមួយទំហំហិរញ្ញប្បទានជាង៣ពាន់៧រយលានដុល្លារ។
ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសរំលេចថា កិច្ចសហប្រតិបត្តិការ CLV-DTA នេះ មានអាយុកាលប្រមាណ២៥ឆ្នាំមកហើយ និងជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ក្នុងខណៈដែលចលនាសាកលភាវូបនីយកម្មបានក្លាយជានិន្នាការសកលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ និងដោយចាត់ទុកជីវភាពរបស់ប្រជាជនជាអាទិភាពខ្ពស់បំផុត និងស្របតាមយុទ្ធសាស្ត្រត្រីកោណក្នុងពេលនោះ រាជរដ្ឋាភិបាល បានខិតខំផ្សារភ្ជាប់ប្រទេសកម្ពុជាជាមួយចរន្តសេដ្ឋកិច្ច និងទីផ្សារតំបន់និងសកល ដើម្បីបើកឱកាសពាណិជ្ជកម្មជូនប្រជាជន។ បើតាមថ្នាក់ដឹកនាំរូបនេះ ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA នេះ ក៏មិនខុសពីការសម្រេចចូលរួមក្នុងកិច្ចសហប្រតិបត្តិការផ្សេងទៀត ដូចជាអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និង RCEP ជាដើមនោះទេ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព ប៉ុន វន្ថា-តែន ចិន