តើវិស័យសុខាភិបាលពិភពលោកអាចជួបបញ្ហាប្រឈមអ្វីខ្លះ

តើវិស័យសុខាភិបាលពិភពលោកអាចជួបបញ្ហាប្រឈមអ្វីខ្លះ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដកសហរដ្ឋអាម៉េរិកចេញពីអង្គការសុខភាពពិភពលោក?


សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីទី៤៧ ទើបឡើងកាន់អំណាច លោក ដូណាល់ ត្រាំ បានប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) បង្កការភ្ញាក់ផ្អើលពេញពិភពលោក ហើយជាការឆ្លើយតប អង្គការសុខភាពពិភពលោកបានបង្ហាញការសោកស្ដាយយ៉ាងខ្លាំង និងទទូចសុំឱ្យសហរដ្ឋអាម៉េរិក ពិចារណាឡើងវិញ។ តើវិស័យសុខាភិបាលពិភពលោកអាចជួបបញ្ហាប្រឈមអ្វីខ្លះ ក្រោយសហរដ្ឋអាម៉េរិក ដែលជាម្ចាស់ជំនួយធំបំផុតរបស់ខ្លួនប្រកាសដកខ្លួនចេញបែបនេះ?
តើវិស័យសុខាភិបាលពិភពលោកអាចជួបបញ្ហាប្រឈមអ្វីខ្លះ
ដោយ

អង្គការសុខភាពពិភពលោក ដែលជាផ្នែកដ៏សំខាន់មួយនៃអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិក ដែលជាបងធំទី១ របស់ពិភពលោកពិចារណាឡើងវិញចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាម៉េរិក ចេញពីស្ថាប័នសុខាភិបាលពិភពលោកមួយនេះ ដោយព្រមានថា វិធានការរបស់លោក ដូណាល់ ត្រាំ នេះនឹងអាចជះផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសុខាភិបាលពិភពលោកទាំងមូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។

គម្រោងដកខ្លួនចេញរបស់សហរដ្ឋអាម៉េរិក នឹងធ្វើឱ្យអង្គការសុខភាពពិភពលោកជួបការលំបាកខ្លាំងក្នុងការស្វែងរកម្ចាស់ជំនួយធំមកជំនួស ព្រោះសហរដ្ឋអាម៉េរិក គឺជាម្ចាស់ជំនួយធំបំផុតរបស់អង្គការនេះ ដែលបានផ្ដល់ជំនួយមូលនិធិរហូតដល់ទៅជាង១,៣ពាន់លានដុល្លារចន្លោះពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។

ដូចនេះ ប្រសិនបើគ្មានមូលនិធិពីសហរដ្ឋអាម៉េរិកទេនោះ កម្មវិធីសំខាន់ៗដែលអង្គការសុខភាពពិភពលោកអនុវត្តដូចជាកម្មវិធីប្រយុទ្ធប្រឆាំងមេរោគអេដស៍ ជំងឺស្វិតដៃជើង និងជំងឺអេបូឡា ព្រមទាំងវីរុស Marburg ដ៏គ្រោះថ្នាក់ជាដើម ប្រឈមហានិភ័យជាប់គាំង។ អង្គការសុខភាពពិភពលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខភាព និងសន្តិសុខរបស់ប្រជាជនទូទាំងពិភពលោក រួមទាំងពលរដ្ឋអាម៉េរិកផងដែរ។

យោងតាមលោក អែនដឺស ណតស្ត្រូម (Anders Nordström) អតីតអគ្គនាយកស្តីទីនៃអង្គការសុខភាពពិភពលោកបានទម្លាយឱ្យដឹងថា ម្ចាស់ជំនួយរបស់អង្គការសុខភាពពិភពលោកដូចជាប្រទេសអាល្លឺម៉ង់ និងបារាំង ជាដើមប្រហែលជាមិនអាចបង្កើនការផ្ដល់ជំនួយមូលនិធិបានឡើយ ព្រោះប្រទេសទាំងនោះ ក៏កំពុងមានបញ្ហាហិរញ្ញវត្ថុដែរ។

លោក អែនដឺស ណតស្ត្រូម (Anders Nordström) បានបង្ហាញក្ដីរំពឹងថា ប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ី និងមជ្ឈិមបូព៌ា នឹងចេញមុខជួយក្នុងកិច្ចការនេះ ដើម្បីបង្កើនឥទ្ធិពលរបស់ពួកគេនៅក្នុងវិស័យសុខាភិបាលពិភពលោក។ ជាការកត់សម្គាល់ មហាយក្សចិន បានបង្ហាញការគាំទ្រភ្លាមៗកាលពីថ្ងៃទី២១ ខែមករា ដោយអ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា តួនាទីរបស់អង្គការសុខភាពពិភពលោកគួរតែត្រូវបានពង្រឹងឱ្យកាន់តែរឹងមាំ គឺមិនមែនធ្វើឱ្យចុះខ្សោយនោះឡើយ។

ទន្ទឹមនេះ សហភាពអឺរ៉ុប ក៏បានជំរុញឱ្យសហរដ្ឋអាម៉េរិក ពិចារណាឡើងវិញផងដែរ និងអំពាវនាវឱ្យបណ្ដាប្រទេសជាសមាជិកនៃអង្គការនេះពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីជួយស្រោចស្រង់វិស័យសុខាភិបាលពិភពលោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាមរកឃើញជនបរទេសជាង៣០នាក់បានលួចសម្ភារៈរបស់អ្នកដំណើរពេលកំពុងហោះហើរ

ប្រទេសវៀតណាមបានរកឃើញការកើនឡើងដ៏គួរឱ្យព្រួយបារម្ភចំពោះអំពើលួចសម្ភារៈរបស់អ្នកដំណើរ ដែលបានប្រព្រឹត្តដោយអ្នកដំណើរបរទេសនៅលើយន្តហោះ ដោយគេបានរ…

កម្ពុជាដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរជាមួយក្រុមហ៊ុនទូទាត់អន្តរជាតិដ៏ធំមួយ ដើម្បីជំរុញការទូទាត់តាមប្រព័ន្ធអនឡាញ

ធនាគារជាតិនៃកម្ពុជាបានដាក់ដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ វីសា ដើម្បីរួមចំណែកពង្រីកវិសាលភាព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ