រុស្ស៊ីព្រមានលោកខាងលិច

រុស្ស៊ីព្រមានលោកខាងលិចដែលបញ្ជូនយន្តហោះ F-16 ទៅកាន់អ៊ុយក្រែនថា«មានហានិភ័យដ៏ធំ»


ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី តាស (TASS) បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អាឡិចហ្សាន់ដ័រ ហ្គ្រូស្គូ (Alexander Grushko) ដែលបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសលោកខាងលិចនឹងមាន«ហានិភ័យដ៏ធំ» ប្រសិនបើពួកគេពិតជាហ៊ានផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងយន្តហោះចម្បាំងប្រភេទ F-16 មែននោះ។
អាមេរិកនិងសម្ព័ន្ធមិត្តបង្ហាញពីសញ្ញាបញ្ជូនយន្តហោះចម្បាំងជំនាន់ចុងក្រោយ F-16 ឱ្យអ៊ុយក្រែន

ការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ថា អាមេរិកនិងសម្ព័ន្ធមិត្តនឹងគាំទ្រឱ្យមានការបណ្តុះបណ្តាលកងអ្នកបើកយន្តហោះអ៊ុយក្រែនឱ្យចេះប្រើយន្តហោះចម្បាំងទំនើបបំផុតគឺ F-16។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី អាឡិចហ្សាន់ដ័រ ហ្គ្រូស្គូ (Alexander Grushko) បានឆ្លើយតបនឹងសំណួរទាក់ទិននឹងការបញ្ជូនយន្តហោះចម្បាំងពីប្រទេសសមាជិកណាតូទៅឱ្យអ៊ុយក្រែន បន្ទាប់ពីការស្នើសុំជាច្រើនដងពីសំណាក់អ៊ុយក្រែន។ ទោះយ៉ាងណា គេមិនទាន់ឃើញមានការប្តេជ្ញាសន្យាថានឹងបញ្ជូនយន្តហោះ F-16 ទៅឱ្យអ៊ុយក្រែននោះទេ គ្រាន់តែមានគម្រោងបណ្តុះបណ្តាលឱ្យចេះបើកយន្តហោះចម្បាំងប្រភេទនេះសម្រាប់កងទ័ពទីក្រុងកៀវប៉ុណ្ណោះ។

ក្នុងនោះដែរ លោក អាឡិចហ្សាន់ដ័រ ហ្គ្រូស្គូ បានគូសបញ្ជាក់ទៀតថា «យើងឃើញថាប្រទេសលោកខាងលិចនៅតែប្រកាន់ខ្ជាប់នូវសេណារីយ៉ូនៃការពង្រីកជម្លោះ ហើយទង្វើនេះនឹងបង្កហានិភ័យដ៏ធំសម្រាប់ខ្លួនពួកគេ»។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោកវរសេនីយ៍ឯក យ៉ូរី អ៊ីកនេត (Yuri Ignat) បានប្រាប់ទូរទស្សន៍ អេស្ព្រេសូ (Espreso) ថា «យើងនឹងឈ្នះសង្គ្រាមនេះ» នៅពេលដែលទីក្រុងកៀវដាក់ពង្រាយយន្តហោះចម្បាំង F-16 នៅទីកន្លែងណាដែលរុស្ស៊ីមិនមានប្រព័ន្ធការពារយន្តហោះចម្បាំង។

ទន្ទឹមគ្នានេះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលហ្ស (Olaf Scholz) បាននិយាយកាលពីថ្ងៃអាទិត្យថា កម្មវិធីហ្វឹកហ្វឺនការបើកបរយន្តហោះចម្បាំង F-16 ពីសំណាក់ប្រទេសសម្ព័ន្ធមិត្តសម្រាប់អ៊ុយក្រែន គឺជាសារមួយយ៉ាងច្បាស់ទៅកាន់ប្រទេសរុស្ស៊ីថា កុំរំពឹងទទួលបានជោគជ័យក្នុងការលុកលុយអ៊ុយក្រែនឱ្យសោះ បើទោះបីជាជម្លោះនេះបានបន្តអូសបន្លាយជាងមួយឆ្នាំទៅហើយក្តី។

លោក ស្កូលហ្ស បានប្រាប់អ្នកសារព័ត៌មានមុនពេលចាកចេញពីកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនថា «ការបណ្តុះបណ្តាលអ្នកបើកយន្តហោះ គឺជាគម្រោងដ៏យូរនៅពេលខាងមុខ»។ ទីបំផុតយ៉ាងណានោះ សហរដ្ឋអាមេរិកមិនទាន់សម្រេចថានឹងបញ្ជូនវានៅឡើយទេ ហើយវាជាសារមួយសម្រាប់រុស្ស៊ី៖ «រុស្ស៊ីមិនអាចរំពឹងលើជ័យជម្នះបានទេ ប្រសិនបើខ្លួននៅតែបន្តធ្វើសង្គ្រាមក្នុងពេលយូរទៅមុខទៀត»។ ដោយឡែក នាយករដ្ឋមន្រ្តីអង់គ្លេសលោក រីស៊ី ស៊ូណាក (Rishi Sunak) បាននិយាយថា «ប្រទេសរបស់លោកនឹងធ្វើការជាមួយហូឡង់ បែលហ្សិក និងដាណឺម៉ាក ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវសមត្ថភាពប្រយុទ្ធតាមផ្លូវអាកាសដែលទីក្រុងកៀវត្រូវការ»។

សូមគូសបញ្ជាក់ថា យោងតាមមន្ត្រីអាមេរិក ការហ្វឹកហ្វឺនការបើកយន្តហោះដែលផលិតដោយសហរដ្ឋអាមេរិកនឹងធ្វើឡើងនៅទ្វីបអឺរ៉ុប ហើយត្រូវការពេលវេលាយ៉ាងហោចណាស់ ១៨ខែ សម្រាប់ការបណ្តុះបណ្តាល និងការដឹកជញ្ជូន F-16 ទៅកាន់ទីនោះ។ ការពិភាក្សាកំពុងដំណើរការទាក់ទងនឹងកន្លែងសម្រាប់ការហ្វឹកហាត់ ពោលគឺអាចនឹងធ្វើឡើងនៅប្រទេសបារាំង ប៉ុន្តែបារាំងមិនមានយន្តហោះចម្បាំងប្រភេទ F-16 នោះទេ។

ចុងក្រោយយ៉ាងណានោះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ គេនឹងរង់ចាំមើលបន្តទៀត ខណៈការបញ្ជូន F-16 កំពុងរុញឱ្យបញ្ហាប៉ោងឡើងជាថ្មី ក្រោយពីសម្ព័ន្ធមិត្តអឺរ៉ុបបានធ្វើរួចហើយនូវរឿងស្រដៀងគ្នានេះតាមរយៈការបញ្ជូនរថក្រោះធុនធ្ងន់ លីអូផាត ទៅឱ្យអ៊ុយក្រែនកាលពីដើមឆ្នាំនេះ រួមទាំងការបង្វឹកអ្នកបើករថក្រោះនេះផង៕




អត្ថបទបន្ទាប់


វិបត្តិបំណុលអាមេរិកនៅតែបន្តជាប់គាំង ទោះអ្នកសេដ្ឋកិច្ចព្រមានពីគ្រោះមហន្តរាយសេដ្ឋកិច្ចក៏ដោយ

ព័ត៌មាន
សេតវិមានដែលកាន់កាប់ដោយគណបក្សប្រជាធិតេយ្យ និងសភាដែលគ្រប់គ្រងដោយ គណបក្សសាធារណរដ្ឋនៅតែមិនអាចបំបែកភាពទាល់ច្រកជុំវិញបញ្ហាកម្រិតបំណុលអតិបរមា…

អ្នកជំនាញរំពឹងភាគហ៊ុន អេស៊ីលីដា កាន់តែមានភាពទាក់ទាញ ក្រោយការបែងចែកភាគលាភដល់ភាគហ៊ុនិកក្នុងខែឧសភានេះ

ព័ត៌មាន
ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរពាណិជ្ជដ៏ធំមួយដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាបានបែងចែកភាគលាភចំនួន៤០% នៃប្រាក់ចំណេញក្នុងឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ