ផ្អែកតាមស្ថានភាពទីផ្សារអង្ករពិភពលោក និងផលិតកម្មស្រូវនៅក្នុងប្រទេស អ្នកជំនាញនៅវៀតណាមបានអះអាងថា ការនាំចេញអង្កររបស់វៀតណាម នៅក្នុងឆ្នាំ២០២៤ នេះ ត្រូវបានព្យាករថា នឹងមានបរិមាណលើសពី៥លានតោន ហើយតម្លៃនៃការនាំចេញវិញ គឺអាចមានតម្លៃលើសពី៥ពាន់លានដុល្លារ។
សារព័ត៌មាន Vietnam News បានរាយការណ៍ថា ការផ្គត់ផ្គង់អង្ករពិភពលោកកំពុងធ្លាក់ចុះ ហើយប្រទេសមួយចំនួនដូចជាហ្វីលីពីន ឥណ្ឌូនេស៊ី ចិន និងទីផ្សារមួយចំនួនទៀតសុទ្ធតែបង្កើនការនាំចូលអង្ករ ដើម្បីធានាសន្តិសុខស្បៀង ដែលបង្កើតឱកាសសម្រាប់ការនាំចេញអង្កររបស់វៀតណាមនៅឆ្នាំនេះ។
ការផ្គត់ផ្គង់មានកម្រិតដោយសារតែអាកាសធាតុមិនអំណោយផល ការនាំចេញរបស់ប្រទេសខ្លះ ត្រូវបានហាមឃាត់ ឬដាក់កម្រិតជាហេតុនាំឲ្យតម្រូវការនាំចូលកើនឡើងនៅក្នុងទីផ្សារជាច្រើន ហើយភាពតានតឹងនៅសមុទ្រក្រហម ក៏ជាមូលហេតុចម្បងមួយ ដែលអាចធ្វើឱ្យទីផ្សារអង្ករពិភពលោកកាន់តែជួបការលំបាកផងដែរនៅឆ្នាំនេះ។ ផលិតកម្មស្រូវ/អង្ករជាសកលសម្រាប់ឆ្នាំ២០២៣-២០២៤ ត្រូវបានព្យាករថា អាចមានច្រើនជាង១៦៧លានតោន ធ្លាក់ចុះ៨,៦លានតោនបើប្រៀបធៀបនឹងរដូវប្រមូលផលឆ្នាំមុន។
លោក ឃ្វៀន អញសាន (Nguyễn Anh Sơn) ប្រធាននាយកដ្ឋាននាំចូល-នាំចេញ នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានវិភាគថា ឧស្សាហកម្មអង្កររបស់វៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរដ៏ខ្លាំងក្លាទាំងក្នុងផលិតកម្ម និងនាំចេញ។
ហ្វីលីពីនត្រូវបានគេព្យាករថា អាចនាំចូលអង្ករដល់ទៅជាង៤លានតោននៅឆ្នាំនេះ មានការកើនឡើងបន្តិចបើធៀបនឹងការព្យាករលើកមុនដែលមាន៣,៩លានតោន។ កំណើននាំចូលអង្កររបស់ហ្វីលីពីននេះ គឺដោយសារគ្រោះរាំងស្ងួតធ្វើឱ្យប៉ះពាល់ដល់ទិន្នផលស្រូវក្នុងស្រុក។
ចិន គឺជាដៃគូនាំចូលអង្ករធំជាងគេទី៣របស់វៀតណាមកាលពីឆ្នាំមុន ជាមួយនឹងទិន្នផល ជិត១លានតោន ជាមួយនឹងចំណូលជាង៥៣០លានដុល្លារ ជាមួយនឹងតម្លៃជាមធ្យមជិត៦០០ដុល្លារក្នុងមួយតោន។ ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករច្រើនជាងគេ ដែលមានអង្ករច្រើនជាង២០លានតោនក្នុងមួយឆ្នាំ បានអនុវត្តគោលនយោបាយរឹតបន្តឹងការនាំចេញអង្ករចាប់តាំងពីពាក់កណ្តាលឆ្នាំមុន៕
ដោយៈ សរ សុជាតិ