
លទ្ធផលបោះឆ្នោតក្រៅផ្លូវការបានបង្ហាញថា សំឡេងគាំទ្រប្រធានាធិបតីដែលកំពុងកាន់អំណាចលោក ហ្វឺឌីណង់ ម៉ាកូស (Ferdinand Marcos Jr) មានការធ្លាក់ចុះ ខណៈសំឡេងគាំទ្រអនុប្រធានាធិបតី ដែលជាកូនស្រីរបស់អតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) មានការកើនឡើងលើសពីការរំពឹងទុក ដែលជាសញ្ញាមួយបង្ហាញថា សមាជិកគ្រួសាររបស់ត្រកូល ឌូទើតេ អាចនឹងមកដឹកនាំហ្វីលីពីនជាថ្មី។
លទ្ធផលបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាពាក់កណ្តាលអាណត្តិក្រៅផ្លូវការ នៅហ្វីលីពីនកាលពីថ្ងៃទី១២ ខែឧសភា បានបង្ហាញថា ប្រជាជនហ្វីលីពីនមួយចំនួននៅតែបន្តគាំទ្រអាជីពនយោបាយរបស់សមាជិកគ្រួសារអតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនពេលលោកកាន់អំណាច។
លទ្ធផលក្រៅផ្លូវការបានបង្ហាញថា បណ្តាបេក្ខជនសមាជិកព្រឹទ្ធសភា ដែលមានទំនោរគាំទ្រលោកស្រីអនុប្រធានាធិបតី សារ៉ា ឌូទើតេ (Sara Duterte) កូនស្រីរបស់អតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ នៅតែបន្តទទួលបានទំនុកចិត្តពីប្រជាជនហ្វីលីពីន។ ទោះលទ្ធផលផ្លូវការមិនទាន់ត្រូវបានប្រកាសក៏ដោយ តែគេដឹងមុនហើយថា សមាជិកព្រឹទ្ធសភាដែលស្និទនឹងលោក ម៉ាកូស នឹងឈ្នះនៅក្នុងការបោះឆ្នោតនេះ។ ប៉ុន្តែសំឡេងគាំទ្រលើសការរំពឹងទុករបស់ប្រជាជនហ្វីលីពីនលើបេក្ខជន ដែលស្និទនឹងត្រកូល ឌូទើតេ អាចនឹងធានាការការពារលោកស្រី សារ៉ា ឆ្ពោះទៅរកការក្លាយជាបេក្ខជនប្រធានាធិបតីហ្វីលីពីន នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៨។
តាមការរំពឹងទុក ក្រុមដែលមាននិន្នាការស្និទនឹងប្រធានាធិបតី ម៉ាកូស អាចនឹងទទួលបានអាសនៈព្រឹទ្ធសមាជិកប្រមាណ១២ នៅក្នុងចំណោម២៤អាសនៈ។ ជាមួយនឹងលទ្ធផលនេះគេបានអះអាងថា លោក ម៉ាកូស នឹងបន្តមានស្ថិរភាពនយោបាយ និងអាចងាយស្រួលក្នុងការសម្រេចចិត្តលើកិច្ចការនានា ប៉ុន្តែវាអាចនឹងពិបាកក្នុងការរុញច្រានលោកស្រី សារ៉ា ឲ្យចេញពីវិថីនយោបាយ ជាពិសេសចេញពីផ្លូវឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតី ក្រោយលោក ម៉ាកូស ត្រូវបញ្ចប់តំណែង។
ក្រោយទទួលលទ្ធផលបណ្តោះអាសន្តនេះលោកស្រី សារ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភាមិនមែនជាអ្វីដែលខ្លួនរំពឹងទុកនោះទេ ប៉ុន្តែបានសម្តែងសុទិដ្ឋិនិយមចំពោះអនាគតនយោបាយរបស់ត្រកូលខ្លួន។ លោកស្រីបានបន្តថា លោកស្រីត្រូវការសំឡេងគាំទ្រពីព្រឹទ្ធសមាជិកចំនួន៩រូបក្នុងចំណោមសមាជិក២៤រូប ដែលកើតពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ ដើម្បីការពារអាជីពនយោបាយរបស់លោកស្រី។
អ្នកវិភាគនយោបាយហ្វីលីពីនមួយរូបគឺលោក រីឆាត ហ៊ីដារៀន (Richard Heydarian) បាននិយាយថា ប្រសិនបើត្រកូល ឌូទើតេ អាចតស៊ូរក្សាជីវិតនយោបាយនាពេលនេះបាន ត្រកូលនេះអាចនឹងវិលមករកផ្លូវនៃការកាន់អំណាចវិញ មិនខុសពីអ្វីដែលប្រជាជនអាម៉េរិកបានជួបប្រទះក្នុងករណីនៃតំណែងប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ នោះទេ៕
ដោយៈ សរ សុជាតិ