ឈប់បង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម

ឯកឧត្តម ស៊ុយ សែម៖ កម្ពុជា នឹងលែងបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មទៀតហើយ!


ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ប្តេជ្ញាឈប់បង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីៗបន្ថែមហើយ ដើម្បីរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ផ្សេងៗមកលើបរិស្ថាន និងបរិយកាស។ ជាមួយគ្នានេះ កម្ពុជា បានដាក់គោលដៅនឹងបង្កើនការផលិតថាមពលកកើតឡើងវិញឲ្យបានយ៉ាងតិច២៥% ក្នុងល្បាយថាមពលសរុបនៅត្រឹមឆ្នាំ២០៣០។
បង្គោលភ្លើងអគ្គិសនីនៅតាមដងផ្លូវ

មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ​និង​ថាមពល​បន្ត​លើកទឹកចិត្ត​ឲ្យ​អ្នក​រកស៊ី​វិនិយោគ​លើ​វិស័យ​ថាមពល​ស្អាត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាដើម ខណៈ​បច្ចុប្បន្ន​មាន​ភូមិ​ទូ​ទាំង​ប្រទេស​ប្រមាណ​៩៧%​ហើយ ទទួល​បានការ​ផ្គត់ផ្គង់​អគ្គិសនី និង​មាន​លំនៅ​ឋាន​៨៤%​បាន​ភ្ជាប់​បណ្តាញ​អគ្គិសនី​ប្រើប្រាស់​។

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ឯកឧត្តម ស៊ុ​យ សែ​ម បាន​បង្ហាញ​ពី​គោល​ជំហរ​សំខាន់​ៗ​របស់​កម្ពុជា​លើ​ការ​កែប្រែ និង​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ថាមពល ដើម្បី​ចូលរួម​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​បរិស្ថាន និង​ឆ្លើយ​តប​នឹង​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​សកល​។ ក្នុង​នោះ កម្ពុជា ប្តេជ្ញា​ឈប់​បង្កើត​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ថ្មី​ៗ​បន្ថែម​ទៀត ក្រៅពី​គម្រោង​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​តាំងពី​ឆ្នាំ​២០១៩ ដោយ​ប្តូរ​មក​ប្រើប្រាស់​ថាមពល​ដែល​មាន​កាបូន​ទាប ដូច​ជា​ឧស្ម័ន​ធម្មជាតិ​នាំ​ចូល​ប្រភេទ LNG ឬ​អ៊ីដ្រូសែន​ជំនួស​វិញ​។ ការ​តាំងចិត្ត​បែប​នេះ ធ្វើ​ឡើង​ពេល ឯកឧត្តម ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ ធី​ណា រេ​ត​ស (Tina Redshaw) ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្មី​ៗ ដើម្បី​ត្រៀម​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​២៦ ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ នា​ពេល​ខាង​មុខ​។

បន្ថែម​លើ​នេះ ឯកឧត្តម ក៏​បាន​បង្ហាញ​ពី​ជំហរ​ក្នុង​ការ​ជំរុញ​បង្កើន​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ និង​ប្រភព​ថាមពល​ដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន​។ ទន្ទឹម​នឹង​ជំរុញ​និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ឲ្យ​វិនិយោគ​លើ​វិស័យ​ថាមពល​ស្អាត ឯកឧត្តម ស៊ុ​យ សែ​ម ប្តេជ្ញា​អនុវត្ត​អនុសញ្ញា​ក្រប​ខណ្ឌ​សហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នានា ក៏​ដូច​ជា​ឆ្លើយ​តប​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ក្នុង​វិស័យ​ថាមពល​ឆ្នាំ​២០២១-២០២៣ និង​ផែនការអភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣ ឲ្យ​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ និង​ផែនការ​អាទិភាព​ជាតិ​។ 

តាម​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ថាមពល​ថ្មី​របស់​កម្ពុជា ក្រោម​ការ​សហការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) អគ្គិសនី​ដែល​មាន​ប្រភព​ពី​ថាមពល​កកើត​ឡើង​វិញ​នឹង​ចូល​ចំណែក​ប្រមាណ​៥៩% នៃ​ប្រភព​ថាមពល​ចម្រុះ​សរុប​របស់​កម្ពុជា និង​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​រហូត​៣៤% បើ​ធៀប​នឹង​សេណា​រី​យ៉ូ​ចាស់ ដែល​កម្ពុជា​បាន​អនុវត្ត​តាម​ទម្លាប់​ចាស់​កាលពី​កន្លង​មក​។

ជាមួយ​គ្នា​នេះ កម្ពុជា​បាន​ដាក់​គោលដៅ​ផលិត​អគ្គិសនី​ពី​ប្រភព​កកើត​ឡើង​វិញ​ឲ្យ​បាន​យ៉ាងតិច​២៥% នៃ​ល្បាយ​ថាមពល​សរុប​របស់​កម្ពុជា​នៅ​ត្រឹម​ឆ្នាំ​២០៣០ ព្រមទាំង​បន្ត​ជំរុញ​និង​លើកកម្ពស់​គុណភាព​គម្រោង​ថាមពល​ប្រើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល​មុន​ៗ​ឲ្យ​មាន​ភាពល្អ​ប្រសើរ និង​ស្អាត​ជាង​មុន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ​។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​អះអាង​ថា ទោះបី​វិស័យ​ថាមពល​កម្ពុជា​បាន​រង​ឥទ្ធិពល​ពី​វិបត្តិ​ថាមពល​សកល តែ​កម្ពុជា​មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​សម្រាប់​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម សិប្បកម្ម និង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ ឯកឧត្តម​បាន​បន្ថែម​ថា ថាមពល​អគ្គិសនី​ប្រើប្រាស់​បច្ចុប្បន្ន​ភាគច្រើន​ផលិត​នៅ​ក្នុងស្រុក និង​ទិញ​មក​ពី​ប្រទេស​វៀតណាម ថៃ និង​ឡាវ​។

បើ​យើង​តាម​របាយ​ការ​របស់​ក្រសួង​រ៉ែ និង​ថាមពល​នៅ​ឆ្នាំ​២០២០ កម្ពុជា​អាច​ផលិតក​កើតឡើង​វិញ និង​មិន​កកើត​ឡើង​បាន​ជិត ៣​ពាន់​មេកា​វ៉ា​ត់ និង​នាំ​ចូល​ពី​ក្រៅប្រទេស​ជិត​១​ពាន់​មេកា​វ៉ា​ត់​។ នៅ​ឆ្នាំ​២០២១ រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​នៅ​កម្ពុជា អាច​ផលិត​ថាមពល​បាន​ជាង​៣​ពាន់​មេកា​វ៉ា​ត់ និង​គ្រោង​នាំ​ចូល​ពី​ក្រៅប្រទេស​ជិតខាង​ជាង​១​ពាន់​មេកា​វ៉ា​ត់​។ បច្ចុប្បន្ន​មាន​ភូមិ​ទូ​ទាំង​ប្រទេស​ចំនួន​៩៧% ទទួល​បានការ​ផ្គត់ផ្គង់​អគ្គិសនី​ពី​បណ្តា្ញ​ចែកចាយ​អគ្គិ​ន​សី និង​មាន​លំនៅ​ឋាន​ជាង​៨៤% បាន​ភ្ជាប់​បណ្តាញ​អគ្គិសនី​ប្រើប្រាស់​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


១០ខែឆ្នាំនេះ កម្ពុជានាំចេញកសិផល ៦លានតោន ជាមួយចំណូលប្រមាណ ៤ពាន់លានដុល្លារ

ព័ត៌មាន
ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញកសិផលប្រមាញ ៦លានតោន ទៅកាន់ទីផ្សារគោលដៅចំនួន ៦៨ប្រទេស និងទទួលបានចំណូលប្រមាណ ៤ពាន់លានដ…

ការនាំចេញដូងប្រេងក្នុងឆ្នាំនេះធ្លាក់ចុះតិចតួច ប៉ុន្ដែតម្លៃនៅតែខ្ពស់

ព័ត៌មាន
អ្នកវិនិយោគខាងដំណាំដូងប្រេង ដ៏ល្បីនៅកម្ពុជាឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី យល់ឃើញថា ការខ្សត់អ្នកដាំដុះ និងដើមដូងប្រេងមួយចំនួនផុតអាយុប្រមូលផល ជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ