
ជាក់ស្តែងក្រោយយោធាថៃបិទច្រកទ្វារព្រំដែនជាមួយកម្ពុជាទាំងអស់ដោយឯកតោភាគីមានពលរដ្ឋជាច្រើនបានសម្រុកចាកចេញពីប្រទេសថៃមកកាន់ស្រុកកំណើតវិញ។ តើអ្នកជំនាញសង្កេតឃើញបែបណាចំពោះការចាកចេញពីថៃរបស់ពលករខ្មែរ ក្រោយជម្លោះព្រំដែនរវាងប្រទេសទាំងកាន់តែឡើងកម្តៅ?
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់កត់សម្គាល់ឃើញថា នៅប៉ុន្មានថ្ងៃមកនេះភាពតានតឹង និងការប្រែប្រួលនយោបាយរបស់ភាគីថៃ បានធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនបានវិលត្រឡប់មកប្រទេសកំណើតវិញ ដោយសារពួកគេបារម្ភពីសុវត្ថិភាព ការងារមិនសូវមានច្រើន ស្របពេលប៉ូលិសថៃបង្កើនការចុះត្រួតពិនិត្យឯកសារ និងមានការឃាត់ខ្លួនពលករខ្មែរជាដើម។ ការភ័យខ្លាចតាមគ្នាដោយសារទទួលបានព័ត៌មានមិនច្បាស់លាស់លើបណ្ដាញសង្គម ការលេចចេញទម្រង់នៃការរើសអើងពូជសាសន៍នៅក្នុងសហគមពលករខ្មែរក្នុងប្រទេសថៃ ក៏ជាកត្តាមួយជំរុញឱ្យពលករខ្មែរចាកចេញពីថៃផងដែរ។ ប៉ុន្តែដោយសារកត្តាប្រាក់ឈ្មួលនៅកម្ពុជាទាបជាងប្រទេសថៃ បានធ្វើឱ្យពលករខ្មែរខ្លះបង្ខំចិត្តបន្តធ្វើការនៅទីនោះ បើទោះបីស្ថានភាពបច្ចុប្បន្នមិនសូវមានសុវត្ថិភាពក៏ដោយ។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា ក្រោយកម្ពុជា និងថៃបានឯកភាពទុកពេល៣ម៉ោងឱ្យពលរដ្ឋរៀងខ្លួនធ្វើដំណើរទៅស្រុកកំណើតវិញ មានពលរដ្ឋ និងពលករខ្មែរជាច្រើនទៀតមិនទាន់បានវិលត្រឡប់មកកម្ពុជាវិញ។ បើតាមអ្នកជំនាញរូបនេះ អំឡុងពេលធ្វើដំណើរត្រឡប់មកវិញរបស់ពលរដ្ឋខ្មែរពីថៃត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ក្រសួង និងស្ថាប័នពាក់ព័ន្ធ តែយ៉ាងណារដ្ឋាភិបាលគួរចងក្រងព័ត៌មានពាក់ព័ន្ធនឹងការងារឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីផ្សព្វផ្សាយឱ្យពលករខ្មែរចំណាកស្រុកបានដឹង។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងថា ការចាកចេញពីប្រទេសថៃរបស់ពលករខ្មែរ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេ តែយ៉ាងណារដ្ឋាភិបាល ក៏បានរៀបចំជួយសម្របសម្រួលស្វែករការងារដល់ពលករខ្មែរផងដែរ។ អ្នកជំនាញរូបនេះបានសំណូមពរដល់រដ្ឋាភិបាលគួរតែផ្ដោតលើការផ្ដល់ជាមុខរបរ តាមរយៈការជួយសម្រួលកម្ចីមីក្រូហិរញ្ញវត្ថុដែលរដ្ឋាភិបាលបានដាក់ចេញ។
ពាក់ព័ន្ធបញ្ហានេះដែរលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានខេមបូណូមីសថា ក្រោយថៃបិទព្រំដែនស្ថានភាពនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត មានសភាពស្ងាត់មិនមានពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៀតនោះទេ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ កាលពីថ្ងៃទី២៤ ខែមិថុនា ពោលគឺនៅមួយក្រោយថៃបិទច្រកព្រំដែនទាំងអស់ មានពលរដ្ឋខ្មែររហូតដល់ជាង៦ពាន់៤រយនាក់បានចាកចេញពីប្រទេសថៃ។ តែយ៉ាងណាមកទល់ពេលនេះពលរដ្ឋខ្មែរនៅមិនទាន់ធ្វើដំណើរមកអស់នៅឡើយទេ ជាក់ស្ដែងដូចជាអាជីវករនៅផ្សាររុងក្លឿជាដើម។
គួរបញ្ជាក់ថា យោធាថៃបានបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជាដោយឯកតោភាគីកាលពីយប់ថ្ងៃទី២៣ ខែមិថុនា ដោយអនុញ្ញាតឱ្យតែអ្នកជំងឺ និងកូនសិស្សឆ្លងកាត់តែប៉ុណ្ណោះ ពោលគឺរាល់ការធ្វើដំណើរ និងការដឹកទំនិញទាំងអស់ត្រូវបានហាមឃាត់ ដែលកត្តានេះកំពុងធ្វើឱ្យពលរដ្ឋនៃប្រទេសទាំងពីរ ដែលធ្លាប់ទទួលអត្ថប្រយោជន៍ពីការធ្វើពាណិជ្ជកម្មឆ្លងដែលកំពុងរងការគំរាមកំហែងប្រាក់ចំណូល និងជីវភាព។
អត្ថបទដោយ៖ ជា ម៉ារ៉ា