សីលធម៌សង្គម

តើអ្នកជំនាញយល់ឃើញបែបណាចំពោះបញ្ហាសីលធម៌សង្គមនាពេលបច្ចុប្បន្ន?


នៅក្នុងអំឡុងពេលដែលកម្ពុជា ចាប់ផ្ដើមមានការអភិវឌ្ឍ គេសង្កេតឃើញថា បច្ចេកវិទ្យាក៏មានការរីកចម្រើនដែរ។ ការអភិវឌ្ឍ និងការរីកចម្រើននេះ បានធ្វើឱ្យពលរដ្ឋនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍មួយនេះ ទទួលបាននូវដំណឹង និងព័ត៌មាននានាទាំងវិជ្ជមាន និងអវិជ្ជមាន ដែលបានកើតមានឡើងនៅក្នុងសង្គម។ ជាក់ស្ដែងមានសកម្មភាពខ្លះបានបង្ហាញឱ្យឃើញពីសីលធម៌រស់នៅក្នុងសង្គមមានការធ្លាក់ចុះ តាមរយៈការបង្ហាញសកម្មភាពខ្វះការយោគយល់ និងខន្តីឱ្យគ្នាជាដើម។ តើអ្នកជំនាញយល់ឃើញបែបណាចំពោះបញ្ហាសីលធម៌សង្គមក្នុងពេលបច្ចុប្បន្ន?
សីលធម៌សង្គម
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវនិងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា សង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះសីលធម៌សង្គមនៅកម្ពុជា ហាក់មានការធ្លាក់ចុះ។ ជាក់ស្ដែងនាពេលថ្មីៗនេះ គ្រាន់តែបញ្ហាបន្តិចបន្តួចបានបង្កឱ្យមានការឈ្លោះប្រកែកគ្នា និងប្រើអំពើហិង្សា ព្រមទាំងឈានការប្រព្រឹត្តអំពើឃាតកម្មផងដែរ។ ជាមួយគ្នានេះ អ្នកជំនាញទស្សនវិជ្ជារូបនេះ បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពនៃការធ្លាក់ចុះសីលធម៌សង្គមនេះ និងជំរុញឱ្យមានការទប់ស្កាត់ និងបង្ការជាបន្ទាន់ តាមរយៈការផ្ដន្ទាទោសឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។ បន្ថែមពីនេះ គឺត្រូវបង្កើនការអប់រំសីលធម៌នៅក្នុងគ្រួសារ នៅតាមសាលរៀន និងក្នុងសហគមន៍។

​ដោយឡែក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព សង្កេតឃើញថា ហិង្សាដែលបានកើតមានជាបន្តបន្ទាប់ គឺដោយសារតែពលរដ្ឋមួយចំនួននៅមានភាពឆេវឆាវ និងអាងអ្នកមានអំណាច ដែលនេះក៏បង្ហាញពីការធ្លាក់ចុះផ្នែកសីលធម៌ ខណៈអ្នកដែលមានសីលធម៌ពិតប្រាកដតែងទទួលបានការគោរពពីពលរដ្ឋនៅក្នុងសហគមន៍។

ទន្ទឹមនេះមន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ បានលើកឡើងថា ភាពធូររលុងនៃការអនុវត្តច្បាប់លើអ្នកប្រព្រឹត្តកំហុស ក៏ជាកត្តាមួយរុញច្រានឱ្យមានការបង្កហិង្សាទៅថ្ងៃខាងមុខផងដែរ។ បើតាមប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ដើម្បីបង្ការនិងទប់ស្កាត់បញ្ហាហិង្សាក្នុងសហគមន៍ គឺរដ្ឋាភិបាល គួរពង្រឹងការអនុវត្តន៍ច្បាប់។

ជុំវិញរឿងសីលធម៌សង្គមនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអំពាវនាវឱ្យពលរដ្ឋគ្រប់រូបប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី តាមរយៈការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គមដែលកាន់ព្រះពុទ្ធសាសនា និងចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជា មានភាពសុខដុមរមនា និងសុភមង្គល។

ការលើកឡើងពីរឿងសីលធម៌សង្គមរបស់មន្រ្តីជាន់ខ្ពស់រូបនេះ ធ្វើឡើងក្រោយមានករណីបាញ់ប្រហារមួយបានកើតឡើងកាលពីពេលថ្មីៗ ដែលបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតបានរងរបួស ដែលផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា និងក្លាយជាឧក្រិដ្ឋកម្ម៕

អទ្ថបទ៖ បូ ដូឡា​​

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាភ្នំពេញថ្មី

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារកម្ពុជា ថ្មីៗនេះ បានប្…

Vietjet បង្កើនការតភ្ជាប់ជើងហោះហើរទៅកាន់តំបន់ឆ្នេររបស់វៀតណាម ដើម្បីផ្តល់សេវាជូនភ្ញៀវធ្វើដំណើរនារដូវក្តៅ

តម្រូវការភ្ញៀវធ្វើដំណើរកាន់តែច្រើននារដូវក្តៅខិតជិតមកដល់ ក្រុមហ៊ុន Vietjet កំពុងពង្រីកជម្រើសនៃការធ្វើដំណើរសម្រាប់អ្នកចូលចិត្តដើរកំសាន្តតាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ