
លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសជំនាញលើដំណាំទុរេននៃក្រុមហ៊ុនអង្គរហ្គ្រីន កត់សម្គាល់ឃើញថា នៅមួយរយៈពេលចុងក្រោយនេះ កសិករបានចាប់ផ្ដើមស្វែងរកចំណេះដឹងលើការដាំដុះដំណាំទុរេនច្រើន ដែលធ្វើឱ្យលោកមានជំនឿថា កម្ពុជា អាចនឹងនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារចិន បានចន្លោះពី៧០ ទៅ៨០% ក្នុងអំឡុងពេលប្រមូលផល។ ស្របពេលផ្លែទុរេនរបស់កម្ពុជា មានការចាប់អារម្មណ៍ពីទីផ្សារខាងក្រៅ និងមានឱកាសអាចនាំចេញទៅចិន ផងនោះ អ្នកជំនាញរូបនេះ ជំរុញឱ្យកសិករដាំដុះទុរេនត្រូវគិតគូរពីសុវត្ថិភាពអ្នកបរិភោគជាចម្បង ឬការប្រើប្រាស់សារធាតុថ្នាំណា ដែលមានអនុញ្ញាតត្រឹមត្រូវ។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនឡែន កសិករដាំទុរេនម្នាក់នៅខេត្តកំពត និងជាប្រធានក្រុមហ៊ុន Farmer Forward Cambodia ដែលជាក្រុមហ៊ុននាំចេញផ្លែទុរេនស្រស់ទៅក្រៅប្រទេសដែរនោះ កំពុងរៀបចំឯកសារដើម្បីចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនស្រស់របស់លោកនៅអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីអាចនាំចេញទៅកាន់ប្រទេសចិន។ បើតាមការលើកឡើងរបស់លោក ឃឹម ប៊ុនឡែន សម្រាប់ការវេចខ្ចប់ឱ្យតាមស្តង់ដា និងរស់ជាតិទុរេនរបស់កម្ពុជា មិនមានជាបញ្ហាចោទនោះទេ។ តែអ្វីដែលអាចជាបញ្ហាប្រឈមសម្រាប់កសិករនោះ គឺការផលិតទុរេនឱ្យមានរូបរាងល្អ និងទម្រង់ស្របតាមស្តង់ដា ដែលទាមទារឱ្យភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្ថែមទៀត។
ពាក់ព័ន្ធការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅទីផ្សារចិននេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា មកទល់ពេលនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបំពេញតាមពិធីសារ ស្ដីពីការចុះអនុស្សរណៈលក្ខខណ្ឌ និងភូតគាមអនាម័យជាមួយនឹងភាគីគយចិន។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ មុននឹងឈានដល់ការនាំចេញជាផ្លូវការទៅចិនបាន ដំបូងត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនស្រស់ទៅអគ្គនាយកដ្ឋានកសិកម្ម។ ក្រោយទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្រ្តីជំនាញចុះណែនាំ និងវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានកំណត់ក្នុងពិធីសារ រួចនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីគយចិន ដើម្បីគយចិន ចុះមកពិនិត្យនិងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ។ ជាមួយគ្នានេះអ្នកដែលមានបំណងនាំចេញទុរេន ត្រូវអនុវត្តតាមខ្លឹមសារនៃពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយនៃប្រទេសចិន ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ៕
អត្ថបទ៖ ជា ម៉ារ៉ា