
សេដ្ឋកិច្ចអាម៉េរិកនៅត្រីមាសទី១ ឆ្នាំ២០២៥ នេះបានធ្លាក់ចុះ០,៣% ដែលជាការធ្លាក់ចុះលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំមកនេះ ខណៈក្រុមហ៊ុននានាសម្រុកនាំចូលទំនិញយ៉ាងគំហុកឱ្យបានមុនពេលពន្ធគយថ្មី ដែលដំឡើងដោយលោក ដូណាល់ ត្រាំ ចូលជាធរមាន។ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិកបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់មហាអំណាចសេដ្ឋកិច្ចផុតលេខលើពិភពលោកមួយនេះ បានធ្លាក់ចុះ០,៣%នៅត្រីមាសទី១ ដើមឆ្នាំ២០២៥ បន្ទាប់ពីសម្រេចបានកំណើន២,៤%នៅត្រីមាសទី៤ ចុងឆ្នាំ២០២៤។
ទាក់ទិនបញ្ហានេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានជំរុញឱ្យពលរដ្ឋអាម៉េរិក រក្សាភាពអត់ធ្មត់ ដោយលោកបានអះអាងថា ពន្ធគយរបស់លោកអាចជះផលប៉ះពាល់ខ្លះនៅគ្រាដំបូង ប៉ុន្តែនៅទីបំផុតពន្ធគយនេះនឹងជំរុញឱ្យសេដ្ឋកិច្ចអាម៉េរិកមានសន្ទុះហក់ឡើងវិញជាក់ជាមិនខាន។
ទិន្នន័យដដែលបានបង្ហាញទៀតថា ទំនិញនាំចូលបានកើនឡើងរហូតដល់ទៅ៤១% ដែលជាសន្ទុះលឿនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២០ មក។ ទន្ទឹមនេះ ការចាយវាយរបស់អតិថិជនជាអ្នកប្រើប្រាស់ ក៏បានធ្លាក់ចុះខ្លាំងដែរ ដោយធ្លាក់ចុះពី៤%ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៤ មកនៅត្រឹម១,៨% ហើយការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធក៏បានធ្លាក់ចុះ៥,១%ដែរនៅត្រីមាសទី១ ឆ្នាំនេះ៕
ដោយ: តែម សុខុម