វិស័យពាណិជ្ជកម្ម

តើមានកត្តាអ្វីជំរុញឱ្យលោក ត្រាំ ទាត់ចោលសំណើសុំបន្ធូរបន្ថយពន្ធនាំចេញរបស់វៀតណាម ទោះប្រទេសនេះទម្លាក់ពន្ធមកនៅត្រឹម០%?


កាលពីពេលថ្មីៗនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ពន្ធខ្ពស់កប់ពពកលើទំនិញនាំចូលពីប្រទេស និងដែនដីសរុបជាង១៨០ ទូទាំងពិភពលោក ហើយក្នុងនោះ ប្រទេសវៀតណាម ជាប់ពន្ធខ្ពស់ក្នុងអត្រា៤៦%។ ជាការឆ្លើយតបនឹងវិធានការពន្ធនេះ វៀតណាម សុខចិត្តបន្ថយពន្ធលើទំនិញអាម៉េរិក មកនៅត្រឹម០% ជាថ្នូរនឹងការសុំឱ្យអាម៉េរិក បន្ធូរបន្ថយពន្ធលើទំនិញវៀតណាម ដែលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក។
វិស័យពាណិជ្ជកម្ម
ដោយ

ទោះជាយ៉ាងណា សំណើនេះត្រូវបានសហរដ្ឋអាម៉េរិក ទាត់ចោលយ៉ាងអាម៉ាស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Economic Times។ តើអ្វីជាហេតុផលចម្បងនាំឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ទាត់ចោលសំណើរបស់វៀតណាម?

លោក Peter Navarro ទីប្រឹក្សាពាណិជ្ជកម្មកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រានចោលសំណើរបស់វៀតណាម ដែលសុំកាត់បន្ថយពន្ធលើទំនិញ ដែលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក មកនៅត្រឹម០%។ សំណើដែលធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក បួយ ថាញ់ សឺង (Bui Thanh Son) នេះ មានគោលដៅពន្យារពេលការអនុវត្តពន្ធ៤៦% ដែលលោក ដូណាល់ ត្រាំ បានដាក់លើប្រទេសវៀតណាម ដែលមានអតិរេកពាណិជ្ជកម្មខ្ពស់ជាមួយអាម៉េរិក។

លោក Peter Navarro បានថ្លែងប្រាប់សារព័ត៌មាន Fox News ថា សហរដ្ឋអាម៉េរិក សម្រេចច្រានចោលសំណើរបស់វៀតណាម ដោយសារហេតុផលចម្បងមួយ គឺវៀតណាម លេងល្បិចខូចដាក់សហរដ្ឋអាម៉េរិក ដែលលោកបានហៅថា ជាគ្រោះអាសន្នសម្រាប់ប្រជាជាតិអាម៉េរិក។

ទីប្រឹក្សាពាណិជ្ជកម្មកំពូលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រូបនេះ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក នឹងមិនអាចចរចាជាមួយវៀតណាម បានឡើយ ដោយសារសហរដ្ឋអាម៉េរិក មានឱនភាពពាណិជ្ជកម្មយ៉ាងធំធេងជាមួយវៀតណាម ហើយបានចោទប្រកាន់វៀតណាម ថា លេងល្បិចបោកប្រាស់សហរដ្ឋអាម៉េរិក ក្រោមរូបភាពក្លែងបិទស្លាកសញ្ញាថា ផលិតផលដែលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក គឺជារបស់ប្រទេសវៀតណាម ប៉ុន្តែធាតុពិតជាផលិតផលរបស់ប្រទេសចិន។

ដើម្បីលួងចិត្តសហរដ្ឋអាម៉េរិក នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ (Pham Minh Chinh) បាននិយាយថា ប្រទេសវៀតណាមនឹងជួយទិញផលិតផលអាម៉េរិក បន្ថែមទៀត រួមទាំងសម្ភារ​សម្រាប់វិស័យការពារជាតិ និងរក្សាសន្តិសុខផងដែរ ហើយបានស្នើសុំពន្យារពេល៤៥ថ្ងៃ សម្រាប់ការអនុវត្តពន្ធថ្មីរបស់សហរដ្ឋអាម៉េរិក។

យោងតាមទិន្នន័យដែលផ្តល់ដោយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) បង្ហាញថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ សហរដ្ឋអាម៉េរិក មានឱនភាពពាណិជ្ជកម្មរហូតដល់ទៅជាង១២៣ពាន់លានដុល្លារ ជាមួយប្រទេសវៀតណាម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរបានប្រមាណ១លាន៥សែននាក់ នៅ៣ខែឆ្នាំនេះ

ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រ និងធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជា បានស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានប្រមាណ១,៥លាននាក…

ចិន ប្តេជ្ញាថា ទោះអាម៉េរិក ចង់លេងក្បាច់អ្វីក៏ដោយ ខ្លួននឹងកំដរដល់ទីបញ្ចប់

មហាយក្សចិន បានប្ដេជ្ញាសងសឹងប្រឆាំងការគំរាមកំហែងផ្នែកពន្ធគយចុងក្រោយបំផុតពីសំណាក់លោក ដូណាល់ ត្រាំ ហើយបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ