កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានកើតឡើងក្នុងអំឡុងពេល ដែលភាពមិនប្រាកដប្រជាកាន់តែកើនឡើងខ្លាំងនៅទូទាំងតំបន់ និងសកលលោក ខណៈដែលប្លុកមួយនេះ កំពុងតស៊ូជាមួយនឹងបញ្ហាប្រឈមក្នុងតំបន់ដែលមានជាយូរមកហើយ រួមជាមួយការវិវត្តថ្មីៗ ដែលកំពុងផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្ត្រនយោបាយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន CNA។
ក្នុងឋានៈជាប្រធានប្ដូរវេនអាស៊ាន ក្រុងម៉ានីល ទទួលបានមរតកបញ្ហាយ៉ាងច្រើន ដែលទាមទារការយកចិត្តទុកដាក់រួមគ្នារវាងប្រទេសទាំង ១១ ដែលជាសមាជិក។
ប្រធានបទសំខាន់ៗមួយចំនួន ដែលគេរំពឹងថា នឹងត្រូវលើកយកមកពិភាក្សាយ៉ាងផុសផុលនៅទីក្រុងសេប៊ូ រួមមាន៖
១-បរិយាកាសសកលលោក ដែលកាន់តែយ៉ាងយ៉ឺន
កាលពីដើមឆ្នាំនេះ សហរដ្ឋអាម៉េរិកបានចាត់វិធានការយោធា ជាឯកតោភាគីទៅលើប្រទេសវេណេស៊ុយអេឡា ដោយបានចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ ពីបទឃុបឃិតបង្កអំពើភេរវកម្មគ្រឿងញៀន និងបទចោទប្រកាន់ផ្សេងៗទៀត។ សកម្មភាពនេះបានបង្កើនការព្រួយបារម្ភអំពីភាពរេចរឹលនៃបទដ្ឋានពហុភាគី និងភាពមិនអាចទាយទុកមុនបាននៃទង្វើមហាអំណាចដែលកាន់តែកើនឡើង។
២-ការផ្តោតជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក
ភាពមិនប្រាកដប្រជាបន្ថែមទៀត កើតចេញពីយុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក ដែលបានចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំមុន ដែលសង្កត់ធ្ងន់លើចេតនារបស់ក្រុងវ៉ាស៊ីនតោន ក្នុងការស្ដារតួនាទីដ៏លេចធ្លោរបស់ខ្លួនឡើងវិញនៅបណ្ដាប្រទេសលោកខាងលិច។ អ្នកជំនាញមើលឃើញថា ការណ៍ដែលអាម៉េរិក ផ្ដោតទៅលើលោកខាងលិច គឺអាចបន្ធូរបន្ថយសម្ពាធខ្លះសម្រាប់បណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
៣-ភាពតានតឹងនៅសមុទ្រចិនខាងត្បូង
ក្នុងផ្នែកជាប្រទេសដែលនៅជិតជាងគេ និងកំពុងប្រទាញប្រទង់នឹងមហាអំណាចចិនផងនោះ ហ្វីលីពីនត្រូវតែគ្រប់គ្រងភាពតានតឹង ដែលកើតឡើងជាបន្តបន្ទាប់នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាបញ្ហាសំខាន់នៅក្នុងទីតាំងជិតខាងរបស់អាស៊ាន។ ដែនទឹកដែលមានជម្លោះ គឺជាប្រធានបទ ដែលសាងក្ដីមិនសប្បាយចិត្តជាប់ជានិច្ច ចំពោះក្រុងម៉ានីល ក្រោមការប្រឈមមុខគ្នាម្ដងហើយម្ដងទៀតរវាងនាវារបស់ហ្វីលីពីន និងចិន ពិសេសស្ថានការថ្មីៗដែលកំពុងកើតឡើងនៅមួយរយៈចុងក្រោយនេះ។
៤-ចំណុចប៉ះទង្គិចក្នុងតំបន់
ក្រៅពីភាពតានតឹងខាងសមុទ្រ ការប៉ះទង្គិចគ្នាតាមព្រំដែនរវាងកម្ពុជា និងថៃ ដែលជាសមាជិកអាស៊ានដូចគ្នា នៅតែជាក្តីបារម្ភសម្រាប់ស្ថិរភាពក្នុងតំបន់។ បើតាមសារព័ត៌មាន CAN បទឈប់បាញ់ ដែលសម្រេចបានរយៈពេល ១ខែមកនេះ នៅតែមានភាពផុយស្រួយនៅឡើយ ខណៈដែលភាគីទាំងពីរ បានចោទគ្នាទៅវិញទៅមក ជុំវិញសកម្មភាព «ផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង»។
បញ្ហាប្រឈមដ៏សំខាន់ ១ទៀត ដែលរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិភាក្សានោះ គឺបញ្ហានយោបាយរាំរ៉ៃនៅប្រទេសមីយ៉ាន់ម៉ា។ ប្រទេសនេះ បានបញ្ចប់ដំណើរការបោះឆ្នោត ៣ដំណាក់កាលរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី២៥ មករា ដោយគណបក្សដែលគាំទ្រដោយរបបយោធា បានអះអាងពីជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី បើទោះបីជា អាស៊ានមិនបានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ យ៉ាងណាក្ដី។
អត្ថបទៈ សួន ឡង់ទី