
សង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជានេះ បានទាញទម្លាក់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតមួយ ដែលអាចត្រូវការចំណាយពេលរាប់ឆ្នាំទើបអាចផ្សះផ្សារឱ្យត្រឡប់មករកភាពដើមវិញ។
លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម កត់សម្គាល់ឃើញថា ការទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងថៃ ហាក់មានភាពលំបាកក្នុងការផ្សះផ្សារឡើងវិញ ដោយសារក្រុមជ្រុលនិយមថៃ មួយចំនួន បានបង្កឱ្យមានការរើសអើសជាតិសាសន៍យ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឱ្យកម្ពុជា ខ្លួនឯង ត្រូវអភិវឌ្ឍឱ្យខ្លាំងជាងនេះបន្ថែមទៀត ដើម្បីកាត់ផ្តាច់ការពឹងផ្អែកលើប្រទេសថៃ។ អ្នកជំនាញរូបនេះសង្កេតឃើញផងដែរថា ក្រោយកងទ័ពថៃ បញ្ជូនទាហានខ្មែរចំនួន២នាក់ឱ្យមកកម្ពុជាវិញក្នុងសភាពទ្រុឌទ្រោម ដែលទំនងជាអាចរងទារុណកម្មធ្ងន់ធ្ងរពីកងទ័ពថៃ បានធ្វើឱ្យពលរដ្ឋខ្មែរមានកំហឹងគុំគួនលើជាតិសាសន៍ និងបានធ្វើឱ្យប៉ះទង្គិចដល់ផ្លូវអារម្មណ៍របស់ពលរដ្ឋខ្មែរយ៉ាងខ្លាំង។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា មកទល់ពេលនេះ ប្រជាជាតិទាំងពីរកម្ពុជា និងថៃ កំពុងរើសអើសជាតិសាសន៍គ្នាទៅវិញទៅមក តែយ៉ាងណាថៃ ក៏មានអ្នកចេះដឹងដែលបានសិក្សាពីប្រវិត្តិសាស្រ្តពិតប្រាកដរបស់ថៃ ដែលមិនមានគំនិតជ្រុលនិយមនោះដែរ។ បើតាមអ្នកជំនាញរូបនេះ ពលរដ្ឋថៃមួយចំនួនដែលបានដិតដាមដោយប្រវត្តិសាស្រ្តក្លែងក្លាយ ដែលបង្កើតឡើយដោយចលនាជាតិនិយមថៃ ក៏ក្លាយជាមនុស្សដែលប្រកាន់ការរើសអើងមកលើកម្ពុជា ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា ថៃ មិនទាន់ប្រគល់កងទ័ពទាំង១៨នាក់ឱ្យកម្ពុជាវិញនៅឡើយទេ។ ជាមួយគ្នានេះ កម្ពុជា បានដាក់ស្នើឱ្យម៉ាឡេស៊ីជួយជំរុញឱ្យថៃឆាប់ប្រគល់កងទ័ពឱ្យកម្ពុជាវិញ៕
អត្ថបទ៖ ជា ម៉ារ៉ា