កូវីដ១៩នៅអាស៊ាន

កូវីដ-១៩បន្ដអុកឡុកកាន់តែខ្លាំងនៅប្រទេសតំបន់អាស៊ាន តើប្រទេសណាកំពុងរងទុក្ខខ្លាំងជាងគេ?


បើទោះបីជា វ៉ាក់សាំងកូវីដ-១៩ ត្រូវបានបង្កើតឡើងជាបន្ដបន្ទាប់ និង ត្រូវបានចាក់ជូនមនុស្សជាច្រើនលាននាក់ក៏ដោយ ប៉ុន្ដែ ករណីរីករាលដាលឆ្លងនៃកូវីដ-១៩ នៅតែបន្ដកើនឡើង ខណៈដែលមេរោគបំប្លែងខ្លួនថ្មីៗ ក៏កើតមានឡើងជាបន្តបន្ទាប់ជាមួយនឹងឥទ្ធិពលចម្លងកាន់តែខ្លាំងក្លាជាងមុនថែមទៀត។ ទាំងអស់នេះ កំពុងក្លាយជាក្ដីបារម្ភថ្មីមួយទៀតសម្រាប់ពិភពលោកក្នុងការឈានទៅរកការប្រយុទ្ធទប់ទល់ ក៏ដូចជាកម្ចាត់កូវីដ-១៩ ចេញពីភពផែនដីនេះផងដែរ ។
កូវីដ-១៩ បន្ដអុកឡុកកាន់តែខ្លាំងនៅប្រទេសអាស៊ាន តើប្រទេសណាកំពុងរងទុក្ខខ្លាំងជាងគេ?

តើ​ប្រទេស​ណាខ្លះ​ដែល​កំពុង​ជាប់​គាំង និង​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩​នេះ?

ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០ សុទ្ធសឹងតែ​មានការ​ឆ្លង​រីក​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ទាំងអស់ គ្រាន់តែ​ប្រទេស​ខ្លះ​មាន​ករណី​ឆ្លង​តិចតួច ឯ​ខ្លះ​ទៀត​មាន​ច្រើន​លើសលប់​។ ជាក់ស្តែង​យើង​ក្រឡេក​ទៅ​មើល​ប្រទេស​ប្រ៊ុ​យ​ណេ​មុនគេ ប្រ៊ុ​យ​ណេ​ជា​សមាជិក​អាស៊ាន​ដែល​មាន​ករណី​ឆ្លង​តិចតួច​បំផុត និង តិច​ជាងគេ បើ​ធៀប​នឹង​ប្រទេស​សមាជិក​អាស៊ាន​ឯទៀត ខណៈ​ដែល​ឥណ្ឌូ​នេ​ស៊ី​ឯណោះ​វិញ ឈរ​កំពូល​តារាង​គេ​ក្នុង​តំបន់​អាស៊ាន​ដែល មាន​ករណី​ឆ្លង​ដល់​ទៅ​ខ្ទង់លាន​ករណី​។

ឥណ្ឌូ​នេ​ស៊ី​កំពុង​ខ្វះខាត​បំពង់​អុក​ស៊ី​សែន​យ៉ាង​ខ្លាំង​សម្រាប់​អ្នកជំងឺ​កូ​វី​ដ​១៩​

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ន បច្ចុប្បន្ន ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​ក្នុង​តំបន់​អាស៊ាន ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​៧​ខែកក្កដា ឥណ្ឌូ​នេ​ស៊ី​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ចំនួន​ជាង ២​លាន​៣​សែន​នាក់ ស្លាប់​បាត់បង់​ជីវិត​ជាង ៦​ម៉ឺន​នាក់ ខណៈ​កំរិត​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​មាន​ជា​មធ្យម ២​ម៉ឺន​៥​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​។

ជាមួយនឹង​ចំនួន​អ្នក​ឆ្លង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែប​នេះ មន្ទីរពេទ្យ និង កន្លែង​សម្រាក​ព្យាបាល​នៅ​ឥណ្ឌូ​នេ​ស៊ី​កំពុង​ហូរហៀរ​ទៅ​ដោយ​អ្នកជំងឺ​កូ​វី​ដ​ទាំង​ធ្ងន់ ទាំង​ស្រាល ស្រប​ពេល​ដែល​កន្លែង​ជា​ច្រើន​កំពុង​ខ្វះខាត​គ្រឿង​បរិក្ខារ ដូច​ជា គ្រែ​អ្នកជំងឺ និង ជា​ពិសេស​បំពង់ខ្យល់​អុក​ស៊ី​សែន​តែ​ម្តង​។

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ខ្វះ​អុក​ស៊ី​សែន​ខ្លាំង រហូត​រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផលិត​បំពង់​អុកស៊ីហ្សែន​ទាំងអស់ ផ្តល់​អាទិភាព​លក់​អុក​ស៊ី​សែន​សម្រាប់​អ្នកជំងឺ​កូ​វី​ដ​១៩​មុនគេ​។ បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​អ្នកជំងឺ ៦០​នាក់​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​នីមួយ​ៗ ដោយសារ​តែ​មិន​មាន​បំពង់​អុក​ស៊ី​សែន​។

បុរសម្នាក់កំពុងរៀបចំបញ្ចូលអុកស៊ីសែនក្នុងបំពង់បន្ថែម ក្រោយប្រើប្រាស់អស់រាប់ពាន់បំពុងក្នុងពេលមួយថ្ងៃ (រូបភាព៖ ស៊ិនហួរ)
កន្លែងកប់សពអ្នកស្លាប់ដោយសារកូវីដ១៩នៅឥណ្ឌូនេស៊ី (រូបភាព៖ ស៊ិនហួរ)

ភូមា​កំពុង​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩​ហក់​ឡើង​ខ្លាំង​វិញ​ហើយ

ភូមា ឬ​មី​យ៉ា​ន់​ម៉ា​នេះ ដោយសារ​តែ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ដែល​បាន​អូស​បន្លាយ​អស់​ជាង ៦​ខែ​កន្លង​មកនេះ រដ្ឋាភិបាល​របប​សឹ​កុ​យោធា​ភូមា​មិនសូវ​បាន​យកចិត្តទុកដាក់​លើ​បញ្ហា​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​នោះ​ទេ​។ រហូត​ដល់​ស្ថានការណ៍​កូ​វី​ដ​១៩​កាន់តែ​អាក្រក់​ទៅ​ៗ កាលពី​ពេល​ថ្មី​ៗ​នេះ អាជ្ញាធរ​ប្រចាំ​ទីក្រុង​ធំ​ទី​២​របស់​ភូមា គឺ​ក្រុង​ម៉ា​ន់​ដា​ឡេ បាន​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់​មិន​ឲ្យ​ប្រជាជន​ភូមា​ចេញពីផ្ទះ​នោះ​ទេ ដោយ​កំណត់​ឲ្យ​មួយ​គ្រួសារ​អាច​ចេញពីផ្ទះ​បាន​តែ​១​នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​អាជ្ញាធរ​ភូមា​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​បិទ​បញ្ចប់​ដាក់​វិធានការ​ខាងលើ​នេះ​ទេ​។

ការ​ដាក់​ចេញ​វិធានការ​ថ្មី​ពី​អាជ្ញាធរ​ភូមា​ដូចនេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​គេ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ហក់​ឡើង​ដល់​ជាង ១.៥០០​នាក់​ក្នុង​មួយ​ថ្ងៃ​កាលពីដើម​ខែកក្កដា​នេះ ពោល​គឺ​មានការ​កើនឡើង​ខ្លាំង​បើ​ធៀប​នឹង​ខែមិថុនា ដែល​មាន​ករណី​ឆ្លង​តែ​ជាង ១០០​ករណី​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។

សូម​ជម្រាប​ថា ភូមា​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ជាង ១៦​ម៉ឺន​នាក់ និង មាន​អ្នក​ស្លាប់​ជាង ៣​ពាន់​៤​រយ​នាក់ ជាមួយនឹង​តួលេខ​ឆ្លង​ប្រចាំ​ថ្ងៃ​គិត​ជា​មធ្យម​បាន​កើនឡើង​ដល់ ១.៩០០​នាក់ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។

វៀតណាម​ដាក់​វិធានការ​រឹត​បន្ដឹង​កាន់តែ​ខ្លាំង​ជាង​មុន ចំ​ពេល​កូ​វី​ដ​-១៩​ខ្លាំង

វៀតណាម ទោះបី​មានឈ្មោះ​ជា​ប្រទេស​មានការ​គ្រប់គ្រង​កូ​វី​ដ​១៩​បាន​ល្អ និង មាន​ករណី​ឆ្លង​តិច បើ​ធៀប​នឹង​ប្រទេស​សមាជិក​អាស៊ាន​ឯទៀត​ក្តី ក៏​ប៉ុន្តែ​វៀតណាម​មិន​បាន​បន្ធូរ​ដៃ​ទេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​តតាំង​ជាមួយនឹង​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​មួយ​នេះ​។

រម្លឹក​បន្តិច កាលពី​អង្គា​រស​ប្តា​ហ៍​នេះ វៀតណាម​បាន​ផ្អាក​ជើងហោះហើរ​ទាំង​ចេញ និង​ចូល​ក្រុង​ហូ​ជី​មិ​ញ បណ្តោះអាសន្ន​សិន ដើម្បី​ទប់ស្កាត់​ការ​ចម្លង​កូ​វី​ដ​-១៩ បន្ទាប់​ពី​អាជ្ញាធរ​សុខាភិបាល​វៀតណាម​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជាង ១.០០០​ករណី អស់​ពេល​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា​។ ទន្ទឹម​នឹង​នេះ ពលរដ្ឋ​រស់នៅ​ក្រុង​ហូ​ជី​មី​ញ​ទាំងអស់​ត្រូវ​បាន​ក្រើនរំឭក​ឲ្យ​បន្ត​នៅ​ក្នុងផ្ទះ បើសិន​មិន​មានការ​ចាំបាច់​កុំ​ចេញ​មក​ក្រៅ​។

គួរ​បញ្ជាក់​ថា វៀតណាម​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​សរុប​ជាង ២​ម៉ឺន​២​ពាន់​ករណី ស្លាប់​ជិត ១០០​នាក់​ប៉ុណ្ណោះ ដែល​ចំនួន​នេះ ជា​តួលេខ​តិច​ជាងគេ​បើ​ធៀប​នឹង​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ដូច​ជា កម្ពុជា និង ថៃ​ជាដើម​។

កូ​វី​ដ​-១៩​នៅ​ថៃ​នៅ​តែ​បន្ដ​អូស​បន្លាយ និង​ចំនួន​អ្នក​ឆ្លង​នៅ​តែ​មាន​រាប់​ពាន់​ក្នុង​មួយ​ថ្ងៃ

គិត​មក​ដល់​ម៉ោង​នេះ ទីក្រុង​បាងកក និង ខេត្ត​ជុំវិញ​ជា​ច្រើន​នៅ​បន្ត​ស្ថិត​ក្នុង​ការ​រឹត​បន្ដឹង​សុវត្ថិភាព​កូ​វី​ដ​១៩​នៅឡើយ​ទេ ជា​ពិសេស​នៅ​តាម​បណ្តា​ការដ្ឋាន​សំណង់​ដែល​ជាទី​តាំង​ផ្ទុះ​ការ​ឆ្លង​រាតត្បាត​ខ្លាំង​ជាងគេ​។

គួរ​កត់​សម្គាល់ថា សូ​ម្បី​តែ​លោកនាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ក៏​កំពុង​ស្ថិត​នៅ​ក្នុងផ្ទះ​របស់​លោក​ដែរ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយសារ​លោក​បាន​ទៅ​ជួប​ថតរូប​ជាមួយនឹង​អ្នកជំនួញ​ម្នាក់​នៅ​កោះ​ភូ​កេ​ត​ក្នុង​ពិធី​ទទួលភ្ញៀវ​ទេសចរណ៍​ថ្ងៃ​ដំបូង​ដែល​ក្រោយមក​បុរស​អ្នកជំនួញ​រូប​នោះ​ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​កូ​វី​ដ​១៩​។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​៧​កក្កដា ថៃ​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​សរុប​ជាង​៣០​ម៉ឺន​នាក់ ករណី​ស្លាប់​ជាង ២.៣០០​នាក់ និង​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​គិត​ជា​មធ្យម​មាន​ជិត ៦.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​។

កម្ពុជា​នៅ​មិន​ទាន់​មើលឃើញ​ពី​សញ្ញា​ឆ្លង​ថយ​ចុះ​ទេ ខណៈ​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​មាន​ខ្ទង់​ជាង​៨០០ ទៅ​៩០០​នាក់

នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​បន្ត​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ក្នុង​រង្វង់​ជាង ៨០០​ទៅ​៩០០​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ដែល​ចំនួន​នេះ​មិន​មានការ​ថមថយ​នោះ​ទេ និង ថែម​ទាំង​កំពុង​ចោទ​ជា​ក្តី​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ៗ សម្រាប់​សុខភាព​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​នៃ​សមាជិក​អាស៊ាន​មួយ​នេះ​។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​៣០​មិថុនា​កន្លង​ទៅ​ថ្មី​នេះ កម្ពុជា​បាន​កត់ត្រា​ពី​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ក្នុង​តួលេខ​ច្រើន​បំផុត​មិន​ធ្លាប់​មាន ក្នុង​ចំនួន ១១៣០​នាក់​ក្នុង​១​ថ្ងៃ​។ ភ្លាម​ៗ​ក្រោយ​តួលេខ​ហក់​ឡើង​ដល់​ទៅ​៤​ខ្ទង់​ដូចនេះ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រកាសប្រាប់​ដល់​បណ្តា​យ​ផ្សព្វផ្សាយ​ព័ត៌មាន «​ស្ថានភាព​កូ​វី​ដ​១៩​នៅ​កម្ពុជា​បច្ចុប្បន្ន​បាន​ឈាន​ផុត​បន្ទាត់​ក្រហម​ទៅ​ហើយ​»​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​៧​ខែកក្កដា កម្ពុជា​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ចំនួន​ជាង ៥​ម៉ឺន​៧​ពាន់​នាក់ និង​ករណី​ស្លាប់​ជិត​៨០០​នាក់ ចាប់តាំងពី​វត្តមាន​នៃ​កូ​វី​ដ​១៩​ដំបូង​នៅ​ក្នុង​ប្រទេស​កាលពី​ដើមឆ្នាំ​២០២០​មក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីប្រទេសហៃទីត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងផ្ទះរបស់ខ្លួន

ព័ត៌មាន
ប្រធានាធិបតីរបស់ប្រទេសហៃទីត្រូវបានវាយប្រហារដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាញ ដោយ បានបាញ់សម្លាប់លោកនៅក្នុងគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកតែម្ត…

បើកគណនីធនាគារ តាមរយៈ AMK Mobile បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយមានឱកាសឈ្នះលុយ៤០ម៉ឺនរៀល!

ព័ត៌មាន
ភ្នំពេញ៖ ក្នុងអំឡុងពេល ការរាតត្បាតជំងឺកូវីដ-១៩ បើទោះជាមនុស្សគ្រប់គ្នាត្រូវរក្សាគម្លាត កាត់បន្ថយការចេញក្រៅក៏ដោយ ក៏តម្រូវការប្រើប្រាស់ សេវាហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ