
អ្នកឧកញ៉ា សំ សុខនឿន អគ្គនាយកក្រុមហ៊ុន SAM SN Group កត់សម្គាល់ឃើញថា នៅក្នុងរយៈពេល៤ខែកន្លងមកនេះ តម្រូវទិញការខុនដូតម្លៃសមរម្យហាក់ទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋដែលមានប្រាក់ចំណូលកម្រិតមធ្យម។
អ្នកជំនាញរូបនេះបានចាត់ទុកការកើនឡើងចំណាប់អារម្មណ៍របស់អតិថិជនលើខុនដូមានតម្លៃសមរម្យនេះ គឺជាភាពជោគជ័យមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនឯកជន ក្នុងការរៀបចំកសាងខុនដូ ឬផ្ទះដែលមានតម្លៃចាប់ពីជាង១ម៉ឺនដុល្លារដល់ជាង២ម៉ឺនដុល្លារ ដើម្បីឱ្យពលរដ្ឋដែលមានចំណូលសមរម្យអាចមានលទ្ធភាពទិញដើម្បីរស់នៅ។ អ្នកឧកញ៉ា កត់សម្គាល់ឃើញថា បច្ចុប្បន្នអ្នកអភិវឌ្ឍន៍មួយចំនួន កំពុងសម្លឹងទៅរកការសាងសង់ខុនដូរតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋ ខណៈអគារខុនដូរដែលមានតម្លៃចាប់ពី៥ម៉ឺនដុល្លារឡើងទៅពុំសូវមានការសាងសង់ថ្មីនោះទេ ព្រោះការសាងសង់ និងការផ្គត់ផ្គង់ខុនដូប្រភេទនេះនៅសល់ច្រើន។
ដោយឡែក លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា នៅក្នុងអំឡុងពេលដែលសេដ្ឋកិច្ចស្ថិតក្នុងភាពមិនប្រាកដប្រជានេះ អ្នកវិនិយោគលើវិស័យអចលនទ្រព្យមួយចំនួនកំពុងសម្លឹងមើលលើទីផ្សារដែលមានតម្លៃសមរម្យ។ បើតាមអ្នកជំនាញរូបនេះ ការវិនិយោគខុនដូមានតម្លៃសមរម្យនាពេលបច្ចុប្បន្ននឹងមិនបង្កផលប៉ះពាល់ដល់គម្រោងខុនដូដែលមានតម្លៃថ្លៃនោះទេ ខណៈបញ្ហាតម្លៃនេះវាមានភាពខុសគ្នាទៅលើទំហំ ទីតាំង និងគុណភាពជាដើម។ បើតាមលោក ស៊ា ឆៃលីន មកទល់ពេលនេះ ការសាងសង់ខុនដូមានតម្លៃទាបនៅមានកម្រិតតិចតួចនៅឡើយ ហើយលោកជឿជាក់ថា នឹងមិនមានអ្នកអភិវឌ្ឍន៍អាចសាងសង់គម្រោងខុនដូតម្លៃទាបបានច្រើននោះទេ។
សូមបញ្ជាក់ថា យោងតាមការស្រាវជ្រាវពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ ការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣ មានប្រហែល៣ម៉ឺនយូនីត ឬស្មើនឹងជិត១០០អគារ ហើយចំនួននេះត្រូវបានប៉ាន់ប្រមាណថា នឹងអាចកើនដល់ប្រមាណ៨ម៉ឺនយូនីត នៅឆ្នាំ២០២៥នេះ៕
អត្ថបទ៖ បូ ដូឡា