លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាកត់សម្គាល់ឃើញថា ឥណទាននៅក្នុងវិស័យធនាគារនៅកម្ពុជាមានកំណើនខ្ពស់ខ្លាំងមែនទែនជាង២ទស្សវត្សរ៍មកនេះ ប៉ុន្តែដោយសារបច្ចុប្បន្នវិស័យនេះមានភាពចាស់ទុំ បានធ្វើឱ្យកម្រិតកំណើនឥណទានហាក់មិនមានកម្រិតខ្ពស់ខ្លាំងដូចកាលពីពេលមុននោះទេ ដែលសបញ្ជាក់ឱ្យឃើញថា ឥណទាននៅក្នុងវិស័យធនាគារ ដែលមានទំហំជាង៥៧ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២៣ កន្លងទៅ គឺស្ថិតក្នុងកម្រិតមួយដែលគ្រប់គ្រង និងអាចធានានិរន្តភាពនាពេលខាងមុខបាន។
សម្រាប់អ្នកជំនាញរូបនេះ ស្របពេលដែលកម្រិតឥណទានមានការកើនឡើង វិស័យធនាគារនៅកម្ពុជា ក៏បានគិតគូរក្នុងការពង្រឹងខ្លួន ដើម្បីចៀសវាង និងកាត់បន្ថយបញ្ហាបំណុលវ័ណ្ឌករបស់អតិថិជនផងដែរ។ តួយ៉ាង គ្រឹះស្ថានធនាគារ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការណែនាំរបស់ធនាគារជាតិនៃកម្ពុជា មិនតែប៉ុណ្ណោះវិស័យធនាគារក៏បានអនុម័តឱ្យមានស្វ័យបញ្ញតិមួយចំនួនទាក់ទងនឹងក្រមសីលធម៌ និងគោលការណ៍ផ្តល់ឥណទាននៅក្នុងវិស័យនេះផងដែរ។ មួយវិញទៀត គ្រឹះស្ថានធនាគារនៅកម្ពុជា ក៏បានបង្កើតឱ្យមានកិច្ចព្រមព្រៀងស្តង់ដាររួមមួយសម្រាប់ឥណទាន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្ទេរឥណទានពីធនាគារមួយទៅធនាគារមួយផងដែរ។
ជាមួយគ្នានេះ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុម្នាក់យល់ឃើញថា ទំហំឥណទាននៅកម្ពុជា គឺឈានដល់កម្រិតឆ្អែត ក្រោយកើនឡើងដល់ជាង៥៧ពាន់លានដុល្លារ ដែលស្មើនឹងប្រមាណ១៨០%នៃទំហំសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានប្រមាណជាង៣២ពាន់លានដុល្លា។ ម្យ៉ាងទៀតលោកសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះការផ្តល់ឥណទានមានកំណើនតិចតួចប៉ុណ្ណោះ តែយ៉ាងណាអត្រាសងត្រឡប់ហាក់នៅមិនទាន់មានភាពអាក្រក់ខ្លាំងនៅឡើយទេ ពោលគឺអ្នកសងយឺតលើសពី៩០ថ្ងៃមានចំនួនប្រមាណ៤,៥%ប៉ុណ្ណោះ។ សម្រាប់អ្នកជំនាញហិរញ្ញវត្ថុរូបនេះ ដើម្បីបញ្ជៀសនូវហានិភ័យស្ថាប័នផ្តល់ប្រាក់កម្ចីគួរបន្តអនុវត្តការផ្តល់កម្ចីដោយការប្រុងប្រយត្ន័។ ជាមួយគ្នានេះអ្នកជំនាញរូបនេះវាយតម្លៃថា ដើម្បីអាចបន្ធូរកម្រិតឥណទានពីភាពឆ្អែត ហើយអាចបន្តបញ្ចេញទុនជំរុញសេដ្ឋកិច្ចឡើងវិញ គឺអាចត្រូវការពេលរចន្លោះពី៣ទៅ៥ឆ្នាំទៀត។ ដូច្នេះដើម្បីជំរុញសេដ្ឋកិច្ចឱ្យមានកំណើនខ្លាំងឡើងវិញ កម្ពុជាត្រូវការកំណើនលំហូរទុនពីបរទេស និងកំណើនការនាំចេញជាអាទិភាព។
សូមជម្រាបថា តាមរបាយការណ៍របស់ ការិយាឥណទានកម្ពុជា (CBC) គិតត្រឹមដំណាច់ឆ្នាំ២០២៣ មានប្រជាជនកម្ពុជាប្រមាណជិត៥លានគណនី កំពុងប្រើប្រាស់កម្ចីនៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដែលមានទំហំទឹកប្រាក់ជាង៥៧ពាន់លានដុល្លារ៕