
លោក ស៊ូ សំណាង កសិករដាំមៀនម្នាក់នៅខេត្តប៉ៃលិនបានប្រាប់សារព័ត៌មានខេមបូណូមីសថា ស្ថានភាពទីផ្សារមៀនប៉ៃលិននៅតំបន់របស់លោកមានភាពល្អប្រសើរឡើងវិញហើយ ពោលគឺអាចលក់បានក្នុងតម្លៃ២,៥០០រៀលក្នុង១គីឡូក្រាមសម្រាប់ទីផ្សារក្នុងស្រុក និងតម្លៃ៣,៥០០រៀលក្នុង១គីឡូក្រាមលក់ឱ្យក្រុមហ៊ុនសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមការអះអាងរបស់កសិកររូបនេះ ភាពល្អប្រសើរនៃតម្លៃមៀនបច្ចុប្បន្ន គឺដោយសារទិន្នផលមៀនលែងសូវសម្បូរដូចមុន។
មិនខុសគ្នានោះទេលោក នួន មួន ប្រធានសហគមន៍មៀនរតនមណ្ឌលស្ថិតនៅខេត្តបាត់ដំបងបានលើកឡើងថា តម្លៃមៀនប៉ៃលិននៅតំបន់របស់លោកបច្ចុប្បន្នមានភាពល្អប្រសើរឡើងវិញហើយ ក្រោយកសិករបានកាត់បន្ថយការប្រមូលផលដំណាលគ្នា។ បើតាមការអះអាងរបស់ប្រធានសហគមន៍រូបនេះ មៀនប៉ៃលិននៅតំបន់របស់លោកអាចលក់បានក្នុងតម្លៃចន្លោះពី២,៣០០រៀលទៅ២៥០០រៀលក្នុង១គីឡូក្រាមដែលជាតម្លៃលក់នៅទីផ្សារក្នុងស្រុក។ តែយ៉ាងណាលោកស្នើឱ្យរដ្ឋាភិបាលជួយរកក្រុមហ៊ុនមកទិញផ្លែមៀននៅសហគមន៍របស់លោកបន្ថែមទៀត។
ពាក់ព័ន្ធនឹងស្ថានភាពទីផ្សារផ្លែមៀននៅខេត្តបាប់ដំបងនេះដែរលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានឱ្យដឹងថា លោកនឹងរៀបចំផែនការជាមួយរដ្ឋបាលខេត្ត និងស្រុក ដើម្បីរៀបចំបញ្ជីឈ្មោះម្ចាស់ចម្ការ ដើម្បីឱ្យកសិករអាចម្រមូលផលបានដោយរលូន និងដឹងពីចំនួននៃការបញ្ជាឱ្យចេញផ្លៃរបស់ម្ចាស់ចម្ការទាំងនោះ ដើម្បីងាយស្រួលស្វែងរកឈ្មួញឱ្យជួយទិញទាន់ពេលវេលានៅរដូវកាលក្រោយៗនេះ។ បើតាមលោក ឈឹម វជិរា បានអះអាងថា ប្រសិនការនាំចេញមានភាពរអាក់រអួលនោះ លោកនឹងសហការជាមួយអ្នកផលិតមាតិការដើម្បីឱ្យជួយផ្សព្វផ្សាយរកទីផ្សារ។
បើតាមការលើកឡើងរបស់ប្រធានសហគមន៍មៀនរតនមណ្ឌលខេត្តបាត់ដំបង ដំណាំមៀនអាចលក់បានក្នុងតម្លៃល្អ តម្រូវឱ្យកសិករចេះសាមគ្គីគ្នា ដែលទាមទារឱ្យការដាំដុះត្រូវទៅតាមខ្សែរសង្វាក់នៃខែនីមួយៗតាមតំបន់ នឹងមិនដាំដំណាលពេលជាមួយគ្នា ដែលធ្វើឱ្យចាល់ និងធ្វើឱ្យតម្លៃធ្លាក់ចុះ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា