ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា អំបិលម៉ាកសម្គាល់ភូមិសាស្ត្រ ឬ«GI» របស់កម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃពីសហគមន៍អឺរ៉ុប និងបណ្ដាប្រទេសមួយចំនួនទៀតនៅលើពិភពលោក ខណៈអ្នកជំនាញពិសោធន៍រកឃើញមានផ្ទុកនូវសារធាតុរ៉ែមានប្រយោជន៍រហូតជាង៨០ប្រភេទ ដែលមានសារសំខាន់ក្នុងការផ្សំគ្រឿងចំណីអាហារ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នអំបិល GI ផលិតនៅក្នុងខេត្តកំពត និងខេត្តកែប មានទីផ្សារនៅក្នុងសហគមន៍អឺរ៉ុប និងប្រទេសជប៉ុន ខណៈសហរដ្ឋអាម៉េរិក ចិន កូរ៉េខាងត្បូង និងប្រទេសអូស្រ្តាលី ក៏កំពុងចាប់អារម្មណ៍លើអំបិល GI របស់កម្ពុជា ផងដែរ។
ពាក់ព័ន្ធនឹងអំបិលដែលជាម៉ាកសម្គាល់ភូមិសាស្ត្រនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យជួយផលិតករផលិតអំបិលទាំងអស់ ដើម្បីជំរុញផលិតកម្មអំបិលឱ្យបានកាន់តែច្រើន និងប្រកបដោយគុណភាពថែមទៀតសម្រាប់បំពេញតម្រូវការទីផ្សារ តាមរយៈការខិតខំបង្កើនសមត្ថភាពបច្ចេកទេសតាមស្តង់ដា ដើម្បីជំរុញទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារបរទេស។ បន្ថែមពីនេះ សហគ្រាស និងសិប្បកម្មនានា ត្រូវចូលរួមប្រើប្រាស់ឱ្យបានច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែល្អប្រសើរថែមទៀត។
បើតាមអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តម្លៃអំបិល GI ទម្ងន់៥០គីឡូក្រាមត្រូវបានលក់ចេញក្នុងតម្លៃប្រមាណ៣ម៉ឺនរៀល ខណៈអំបិលធម្មតា មានតម្លៃប្រមាណ២ម៉ឺនរៀលប៉ុណ្ណោះក្នុង១បេ ទម្ងន់៥០គីឡូក្រាម។
យោងតាមទិន្ន័យពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤ អំបិលដែលផលិតចេញពីខេត្តកំពត និងខេត្តកែប មានចំនួនជាង១៦ម៉ឺន៧ពាន់តោន និងបានលក់ចេញជាង៦ម៉ឺន៦ពាន់តោន ហើយនៅសល់ក្នុងស្តុកជាង១០ម៉ឺន១ពាន់តោន។ តាមរយៈកំណើនយ៉ាងច្រើននេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វាយតម្លៃថា ទិន្នផលអំបិលនៅឆ្នាំនេះនឹងអាចឆ្លើយតបតាមតម្រូវការប្រើប្រាស់ក្នុងស្រុក ហើយកម្ពុជា ក៏គ្មានផែនការនាំចូលអំបិលពីខាងក្រៅនោះដែរ៕
អត្ថបទ៖ បូ ដូឡា