ក្រោយរាជរដ្ឋាភិបាល ប្រកាសពីការអភិវឌ្ឍគម្រោងផ្លូវទឹកដ៏មានសក្តានុពលនេះ មានការលើកឡើងមួយចំនួនដោយបង្ហាញក្តីបារម្ភថា គម្រោងនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយវៀតណាម ដ្បិតគម្រោងនេះនឹងធ្វើឱ្យវៀតណាមបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចក្នុងកម្រិតណាមួយ។
តើគម្រោងព្រែកជីក ហ្វូណន តេជោ អាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមដែរឬទេ?
លោក ម៉ិច សីហា នាយកវិទ្យាស្ថានអន្តរជាតិ អាយឃី យល់ឃើញថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ លេចចេញជារូបរាង ចង់ ឬមិនចង់វានឹងធ្វើឱ្យប្រទេសវៀតណាម បាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច ដែលខ្លួនធ្លាប់ទទួលបានពីកម្ពុជា តាមរយៈការដឹកទំនិញឆ្លងកាត់នាពេលកន្លងមកក្នុងកម្រិតណា។ សម្រាប់អ្នកជំនាញរូបនេះ គម្រោងព្រែកជីក ហ្វូណនតេជោ នឹងក្លាយជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា ព្រោះគម្រោងនេះមិនត្រឹមតែជួយកាត់បន្ថយពេលវេលា និងការចំណាយលើការដឹកជញ្ជូនប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក៏ដូចជាការពឹងផ្អែកលើប្រទេសជិតខាងលើការជញ្ជូនផងដែរ។ តែយ៉ាងណា លោក មិនបានវាយតម្លៃពីផលប៉ះពាល់របស់គម្រោងនេះលើការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមនោះទេ។
ជាមួយគ្នានេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ជឿជាក់ថា ប្រទេសវៀតណាម ទំនងជាមិនអាចដាក់សម្ពាធសេដ្ឋកិច្ច ឬការធ្វើពាណិជ្ជកម្មណាមួយមកលើកម្ពុជា ដោយសារវត្តមានគម្រោងព្រែកជីក ហ្វូណន តេជោ នោះទេ។ ហើយវៀតណាម ក៏ទំនងជាមិនអាចបិទការនាំចូលកសិផល ឬទំនិញណាមួយពីកម្ពុជានោះដែរ ព្រោះកម្ពុជា ជាទីផ្សារនាំចេញបន្លែផ្លែឈើដ៏ធំមួយរបស់វៀតណាម ពោលគឺប្រសិនបើវៀតណាមបិទការនាំចូលទំនិញណាមួយរបស់កម្ពុជា នោះកម្ពុជានឹងបិទការនាំចូលទំនិញរបស់វៀតណាមវិញ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសវៀតណាមមានទំហំ៣,៥៥៨លានដុល្លារ ក្នុងនោះវៀតណាម នាំចូលមកកម្ពុជា មានទំហំជាង១ពាន់៦រយលានដុល្លារ ខណៈកម្ពុជានាំចេញទៅវៀតណាម មានទំហំជាង១ពាន់៨រយលានដុល្លារ ដែលមានការកើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕
អទ្ថបទ៖ បូ ដូឡាម