វិស័យពាណិជ្ជកម្ម

តើមានកត្តាចម្បងអ្វីជំរុញឱ្យគណៈកម្មការអឺរ៉ុប ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា?


ឥណ្ឌាជាដៃគូប្រកួតប្រជែងដ៏ស្វិតស្វាញមួយរបស់សហគមន៍អឺរ៉ុប ប៉ុន្តែពេលនេះប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូសូឡា វ៉ុនឌឺ ឡេយេន បានដឹកនាំក្រុមការងាររបស់លោកស្រីទៅកាន់ទីក្រុងញូវដេលី ប្រទេសឥណ្ឌា ក្រោមក្តីរំពឹងអាចជួយពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយឥណ្ឌា លើបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងបញ្ហានៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Euro News។
វិស័យពាណិជ្ជកម្ម
ដោយ

ស្របពេលទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន និងសហរដ្ឋអាម៉េរិក កាន់តែមានភាពតានតឹង បានជំរុញឱ្យគណៈកម្មការអឺរ៉ុប បន្តយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការធ្វើពិពិធកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅជុំវិញពិភពលោក។ ជាក់ស្តែងលោកស្រី អ៊ូសូឡា វ៉ុនឌឺ ឡេយេន ប្រធានគណៈកម្មការអឺរ៉ុប បានដឹកនាំក្រុមងារទៅបំពេញទស្សនកិច្ច នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រពាណិជ្ជកម្មឥណ្ឌា-សហភាពអឺរ៉ុប ការបង្កើនសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាសំខាន់ៗ និងការទទួលបានការគាំទ្រពីឥណ្ឌាលើបញ្ហានៅអ៊ុយក្រែន។ ប៉ុន្តែឥណ្ឌាមិនមែនជាដៃគូ ដែលងាយស្រួលនិយាយគ្នាប៉ុន្មាននោះឡើយ។

សម្រាប់វិស័យពាណិជ្ជកម្ម អឺរ៉ុបចង់សម្រេចបានកិច្ចព្រមព្រៀងជាមួយឥណ្ឌា លើការនាំចេញផលិតផលមួយចំនួនទៅកាន់ទីផ្សារឥណ្ឌា ដូចជារថយន្ត និងគ្រឿងស្រវឹងជាដើម ប៉ុន្តែគ្រឿងស្រវឹងជាប្រធានបទដ៏រសើបសម្រាប់ការចរចាគ្នា ព្រោះឥណ្ឌា មានបទប្បញ្ញត្តិតឹងរ៉ឹង និងពន្ធខ្ពស់ផងដែរ។ នៅឆ្នាំ២០២៤ សហភាពអឺរ៉ុប និងឥណ្ឌា បានផ្លាស់ប្តូរទំនិញគ្នាក្នុងទំហំទឹកប្រាក់ចំនួន១២០ពាន់លានអឺរ៉ូ ឬប្រហែលជាង១២៥ពាន់លានដុល្លារ។

ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាវិញ គណៈកម្មការអឺរ៉ុប គ្រោងនឹងជជែកគ្នាអំពីបញ្ញាសិប្បនិមិ្មតព្រោះវាជាវិស័យមួយដែលឥណ្ឌា និងសហភាពអឺរ៉ុប មានទស្សនៈរួមគ្នា។ បើតាមមន្ត្រីជំនាញនៅមជ្ឈមណ្ឌលសម្រាប់កំណែទម្រង់អឺរ៉ុប បានឱ្យដឹងថា សហភាពអឺរ៉ុប និងឥណ្ឌា កំពុងដើរយឺតជាងប្រទេសចិន ក្នុងការអភិវឌ្ឍ AI ដែលអាចជាផ្នែកមួយក្នុងការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ក្រៅពីចំណុចខាងលើនេះ បញ្ហានៅអ៊ុយក្រែន ក៏ជារបៀវារៈសំខាន់មួយក្នុងកិច្ចពិភាក្សាទ្វេភាគី រវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងលោកស្រី អ៊ូសូឡា វ៉ុនឌឺ ឡេយេន ផងដែរ។ សហភាពអឺរ៉ុបនឹងស្វែងការគាំទ្រពីភាគីឥណ្ឌា សម្រាប់បញ្ហានៅអ៊ុយក្រែន ដោយព្យាយាមបញ្ចុះបញ្ចូលសមភាគីឥណ្ឌាថា សន្តិសុខនៅអ៊ុយក្រែន គឺជាសន្តិសុខរបស់សហភាពអឺរ៉ុប ក៏ដូចជាសន្តិសុខសម្រាប់ឥណ្ឌា ខណៈឥណ្ឌាគឺជាសម្ពន្ធមិត្តចាស់វស្សាមួយរបស់រុស្ស៊ី៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ប្រាក់ចំណេញរបស់ធនាគារធំៗនៅតំបន់អាស៊ាន ប្រឈមការគំរាមកំហែងពីការដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ

ធនាគារធំៗរបស់ប្រទេសសិង្ហបុរី និងធនាគារធំៗនៃបណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ាន កំពុងប្រឈមភាពមិនប្រាកដប្រជា ខណៈការដំឡើងពន្ធគយដ៏ចម្រូងច…

ក្រុមហ៊ុន Nvidia រងការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុន Huawei ទោះក្រុមហ៊ុននេះរងទណ្ឌកម្មពីអាម៉េរិក

ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia របស់សហរដ្ឋអាម៉េរិក បានបង្ហាញពីការរងសម្ពាធក្នុងការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុន Huawei របស់ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ