វិស័យថាមពល​កម្ពុជា-អាមេរិក

ទំនាក់ទំនងកម្ពុជា និង អាមេរិក លើវិស័យថាមពលឃ្លាតឆ្ងាយដាច់ដូចជើងមេឃ


បើនិយាយពីទំនងរវាងប្រទេសកម្ពុជា និង សហរដ្ឋអាមេរិក ទៅលើការវិនិយោគនៅក្នុងវិស័យថាមពលប្រេងឥន្ធនៈកម្ពុជា ហាក់បីដូចជានៅឆ្ងាយដាច់ពីគ្នាដូចជើងមេឃ ខណៈមកដល់ពេលបច្ចុប្បន្ននេះ នៅតែមិនទាន់មានវត្តមានក្រុមហ៊ុនវិនិយោគ ឧស្សាហកម្ម របស់អាមេរិកណាមួយ មកធ្វើការវិនិយោគនៅក្នុង វិស័យថាមពលកម្ពុជានៅឡើយទេ ពិសេសវិស័យថាមពលប្រេងឥន្ធនៈ។
ស្ថានីយ​ប្រេង​ឥន្ធនៈ ក្រុមហ៊ុន ឆេវ រ៉ុន នៅសហរដ្ឋអាមេរិក

 គម្លាត​នៃ ទំនាក់ទំនង​រវាង​វិស័យ​ថាមពល​កម្ពុជា ស្ថិតនៅឆ្ងាយ​ពីអាមេរិកនេះ គឺបន្ទាប់ពីក្រុមហ៊ុន​រុករកប្រេង​​និង​ផលិតដ៏​ធំល្បីល្បាញ​ដំបូងគេបង្អស់ របស់អាមេរិក គឺ ក្រុមហ៊ុន ឆេវ រ៉ុន បានបោះបង់ចោល​ការរុក​រកប្រេង និង ផលិត​ នៅក្នុង​ប្រទេសកម្ពុជា ដោយបាន​លក់ភាគហ៊ុន​ទាំងស្រុង​ទៅឲ្យក្រុមហ៊ុន​រុករកប្រេង​របស់ប្រទេស​សិង្ហបុរី​មួយដែល​មានឈ្មោះថា គ្រីសអេនជី។

 ការទាញយក​ថាមពល​ប្រេងឥន្ធនៈនៅកម្ពុជានា​ពេលបច្ចុប្បន្ន​នេះ គឺមានតែ​ក្រុមហ៊ុន​រុករកប្រេង​មួយប៉ុណ្ណោះ ខណៈ៥ឆ្នាំមុននេះ ប្រទេស​កម្ពុជា​ហាក់បីដូចជា​មានក្តីសង្ឃឹម​ខ្ពស់ទៅលើ​ក្រុមហ៊ុន​រុករកប្រេង​របស់​អាមេរិក​ដ៏ធំល្បីល្បាញ​មួយនៅ​លើពិភពលោក​ដែលមាន​ឈ្មោះថា ឆេវ រ៉ុន ដែលអាច​នឹងទាញ​យកផល​ប្រេង​ជាលើកដំបូង​ក្នុងប្រវត្តិសាស្ត្រ​របស់ខ្លួន​មក​ឲ្យកម្ពុជា ។ ប៉ុន្តែ ក្តីសង្ឃឹមនេះ ត្រូវបាន​រលាយ​សាបសូន្យ​ទៅវិញ ដោយក្រុមហ៊ុន​អាមេរិកនេះ បានដកខ្លួន​ចេញពី​កម្ពុជា​ក្នុងការរុក​រក​ប្រេង និង ផលិត ជាហេតុ​ធ្វើឲ្យទំនាក់​ទំនង​កម្ពុជា និង សហរដ្ឋ​អាមេរិក​នៅក្នុង​វិស័យ​ថាមពលប្រេង ហាក់បីដូចជា​នៅឆ្ងាយ​ដាច់ពីគ្នា​ដូចជើង​មេឃដដែល។ មិនដឹងឆ្នាំណា​ទំនាក់ទំនង​កម្ពុជា និង អាមេរិក​ទៅលើវិស័យ​ថាមពល​អាចនឹង​ត្រឡប់មក​វិញ​ដែរ ឬយ៉ាងណា​នោះទេ? ហើយគេរិតតែ​មិនដឹងថា តើកម្ពុជា​នឹងមាន​យុទ្ធសាស្ត្រ​យ៉ាងណា​ខ្លះ ដើម្បីទាក់ទាញ​ចាប់យក​វិនិយោគិន​អាមេរិក​ឲ្យមក​សិក្សាស្រាវជ្រាវ និងបោះទុន​វិនិយោគ​នៅក្នុង​វិស័យថាមពល​ប្រេងឥន្ធនៈ​ឡើងវិញ​ឆ្នាំណា នោះដែរទេ?

ជុំវិញ​ទៅនឹងបញ្ហាការ​អភិវឌ្ឍ​យឺតយ៉ាវ​នៅក្នុង​វិស័យ​ថាមពល​ប្រេង បូករួមទាំង អវត្តមាន​ក្រុមហ៊ុន​រុក រកប្រេង​របស់អាមេរិក​នៅកម្ពុជា​ខាងលើនេះ ត្រូវបាន​អ្នកសារព័ត៌មាន​កម្ពុជា​ចោទជា​សំណូរ​ ទៅលោក ខេនឌី ឡុកស្តុន ឧបការីរង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ទទួលបន្ទុក​ការិយាល័យ​ប្រភពធន​ធានថាមពល ថា​ តើត្រូវធ្វើដូចម្ត៉េច​ដើម្បីជំរុញ​ការអភិវឌ្ឍ​វិស័យ​ថាមពល​នៅកម្ពុជា​ឲ្យកាន់តែ​រីកចម្រើន ដើម្បីចូល​រួមចំណែក​គាំទ្រ​ការអភិវឌ្ឍ​ប្រទេស​ជាតិក៏ដូចជា រុញច្រាន​កំណើន​សេដ្ឋកិច្ចកម្ពុជា ?

លោក ខេនឌី ឡុកស្តុន ឧបការីរង រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បានឆ្លើយយ៉ាង​ខ្លីថា ៖“សម្រាប់ប្រទេស​កម្ពុជា ពួកយើង​នឹងមើល​ពីគោលនយោបាយ​យុទ្ធសាស្ត្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុងប្រទេស​កម្ពុជា​ជាច្រើន​បន្ថែមទៀត ដើម្បីងាយ ស្រួល​អាចឲ្យវិនិយោគិន​អាមេរិក​កាន់តែច្រើន​ចូលរួមមក​ធ្វើការ​វិនិយោគ​នៅកម្ពុជា”។

មិនមែនមានតែ​ប្រទេស​កម្ពុជាទេ ប្រទេសនៅ​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក ត្រូវតែពង្រឹង និងមានផែនការ​អភិវឌ្ឍ​ឆ្ពោះទៅមុខ​ជាមួយនឹង​យុទ្ធសាស្ត្រ​នៃការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​របស់ប្រទេស​នីមួយៗ​ឲ្យកាន់ល្អ​ប្រសើរ​នៅក្នុងតំបន់ ដែលទាំងអស់នេះ ជាចំណុច​ដ៏សំខាន់​ក្នុងគោលដៅ ដើម្បីទាក់ទាញ​អ្នកវិនិយោគ​អាមេរិក។ នេះជាការបញ្ជាក់​អះអាង របស់ លោកខេនឌី ឡុកស្តុន ឧបការីរង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ទទួលបន្ទុក​ការិយាល័យ​ប្រភពធនធាន​ថាមពល​អាមេរិក ដែលបាន​ផ្តល់បទសម្ភាសន៍​មួយនឹង​មួយ​ជាមួយអ្នក​​សារព័ត៌​មាន​មកពីប្រទេស​កម្ពុជា​ក្នុងសាកលវិទ្យាល័យ តិចសាស ទីក្រុងអូសស្ទីន រដ្ឋតិចសាស សហរដ្ឋអាមេរិក​ក្នុងកម្មវិធី​សិក្ខាសាលា​ស្តីពី សន្តិសុខ​ថាមពល គឺជាសន្តិសុខជាតិ។

លោកខេនឌី ឡុកស្តុន ឧបការីរង រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកការិយាល័យប្រភពធនធានថាមពលអាមេរិក

លោក ខេនឌី ឡុកស្តុន ឧបការីរង រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ក៏បានឆ្លើយតប​ទៅនឹង​សំណូរ​អ្នកសារព័ត៌មាន​អន្តរជាតិ ៨ប្រទេស មកពីអាស៊ី និង អឺរ៉ុប ដែរថា ការិយាល័យ​ប្រភពធនធាន​ថាមពល នៃក្រសួង​ការបទេស​សហរដ្ឋអាមេរិក មានតួនាទីប្រឹក្សា ដឹកនាំ​ផ្សាភ្ជាប់​ជានឹងបណ្តាប្រទេស​នៅលើ​ពិភពលោក​ឲ្យកាន់តែល្អ​ប្រសើរ​នៅក្នុងការវិនិយោគ​វិស័យថាមពល។ លោកបាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​សង្ឃឹមថា​នឹងមានការពង្រឹង​គោលនយោបាយ​ថាមពលអន្តរ​ជាតិ​ដើម្បីជំរុញ​វិស័យថាមពល​សហរដ្ឋអាមេរិក និង ថាមពល​ពិភពលោក​ឲ្យមានសន្តិសុខ។

លោកបានបន្តយ៉ាងដូច្នេះថា៖ “ យើងត្រូវមើល​ប្រទេស​នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ​តើមាន​យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាងណាខ្លះ​នៅឆ្នាំបន្តបន្ទាប់ ដើម្បីជាការទាក់ទាញ​ការចាប់អារម្មណ៍​អ្នកវិនិយោគ​អាមេរិក ទាំងវិស័យ​ឯកជន និង រដ្ឋ យើងនឹង​មើលទៅលើបញ្ហា​ទាំងអស់នេះ” ។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីទទួល​សិទ្ធិពេញលេញ​ក្នុងការរុក​រកប្រេង​នៅកម្ពុជា​បន្ត ពីក្រុមហ៊ុន​រុករកប្រេង​អាមេរិក ឆេវរ៉ុន រួចមក ក្រុមហ៊ុន គ្រីសអេនជី បានកំណត់​សន្យា​យ៉ាងមុតមាំ​ថា នឹងទាញយកដំណក់​ប្រេងដំបូង​កម្ពុជានៅ​ចុងឆ្នាំ ២០១៩ ឬ ដើមឆ្នាំ​ ២០២០ ខាងមុខនេះ។

ប៉ុន្តែការសន្យា​របស់ក្រុមហ៊ុន​រហូតមកដល់​បច្ចុប្បន្ននេះ មិនទាន់មាន​ដំណឹង​គួរឲ្យរីករាយ ថា នឹងទទួល​តំណក់ប្រេង​ដំបូងនៅឡើយទេ ប៉ុន្តែ បែរជាទទួល​បានដំណឹង​មិនល្អ​ទៅវិញពាក់ព័ន្ធ​ទៅនឹងក្រុម​ហ៊ុន​រុករកប្រេង​សិង្ហបុរី ដែលបាន​ទិញភាគហ៊ុន​ទាំងអស់​ពីក្រុមហ៊ុន​អាមេរិក ឆេវ រ៉ុន បានប្រកាស​ពីបញ្ហាវិបត្តិហិរញ្ញវត្ថុ ដែលបាន​និង​កំពុងតែ​ដោះស្រាយ​កែសម្រួល​បញ្ហាបំណុល​របស់ខ្លួនទៅវិញ។

គិតមកដល់ខែកញ្ញាឆ្នាំនេះ ក្រុមហ៊ុនគ្រីសអេនជី​កំពុងស្ថិត​នៅក្នុងដំណើរ​ការរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​នូវបំណុលចំនួន ៤៧៦លានដុល្លារអាមេរិក ហើយបានស្នើឲ្យ​មានការផ្អាក​ការសង​បំណុលបណ្តោះ​អាសន្នរយៈពេល ៦ ខែពីតុលាការ​ជាន់ខ្ពស់​ប្រទេស​សិង្ហបុរី ដើម្បីកុំទាន់​ឲ្យមាន​ការអនុវត្ត​ច្បាប់ និង នីតិវិធីច្បាប់​របស់​ម្ចាស់បំណុល។ នេះបើតាមរបាយការណ៍​ស្រាវជ្រាវស្ថាប័ន​មួយឈ្មោះថា  Fitch Solutions Macro Research ។ក្រុមហ៊ុនគ្រីសអេនជី​របស់សិង្ហបុរី​មួយនេះ ក៏ធ្លាប់​បាន​ស្វែងរកដៃ​គូសក្កានុពល ដើម្បីធ្វើការ​ចែករំលែក​ថ្លៃដើមនៃការ​អភិវឌ្ឍ​ប្រេង​នៅប្លុក អេ វិនិយោគ​ដំណាក់កាល​ទី ១ ក្នុងទឹកប្រាក់ ២០០​លានដុល្លារ​អាមេរិក។

ដូច្នេះ ការទទួល​បានដំណក់​ប្រេង​ជាលើកដំបូង​របស់កម្ពុជា អាចនឹងបញ្ហា​ពន្យាពេល​តទៅទៀត ដោយមិនមាន​កាលកំណត់​ច្បាស់លាស់​នៅឡើយ ថាតើ ក្រុមហ៊ុនសិង្ហបុរី​គ្រីសអេនជី បន្តការុករកតទៅទៀត ឬក៏បង់បោះចោល លក់ភាគហ៊ុន​ទៅឲ្យ​ក្រុមហ៊ុន​ណាទៀតនោះទេ។

វិស័យថាមពល​ប្រេងឥន្ធនៈកម្ពុជានៅតែក្នុង​ភាពស្រពិច​ស្រពិល​មិនច្បាស់លាស់ ហើយរិតតែ​មិនទាន់ ត្រៀមខ្លួនរួចរាល់​នៅឡើយទេ ក្នុងការទាញ​យកតំណក់​ប្រេង​ដំបូង​របស់ខ្លួន​ដើម្បីបំពេញ​តម្រូវការប្រើប្រាស់​ចាំបាច់​ស្រប​ទៅតាមការអភិវឌ្ឍ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម​នៅក្នុង​ប្រទេស​កម្ពុជា នៅឡើយទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លីកាដូ និង​សមាគម​ធាង​ត្នោត ច្រាន​ចោល​ការ​អញ្ជើញ​ប្រជុំ​លើក​ទីពីរ​ស្តីពី​របាយការណ៍​មីក្រូ​ហិរញ្ញវត្ថុ

ព័ត៌មាន
អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត នៅសប្ដាហ៍នេះ បាន​ច្រានចោល​ការ​អញ្ជើញ​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​ប្រជុំ​ជ…

ការនាំ​ចេញ​កសិផល​វៀតណាម​ទៅកាន់​ទីផ្សារ​ចិនធ្លាក់ចុះជាង ៩%

ព័ត៌មាន
ការនាំចេញ​ផលិតផល​កសិកម្ម​របស់​វៀតណាម ទៅកាន់​ប្រទេស​ចិន ចន្លោះពីខែមករា ដល់ខែ​កក្កដា ឆ្នាំ​២០១៩ បានធ្លាក់ចុះ​ជាង ៩% បើធៀបនឹងរយៈពេល​ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ