យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ការដែលកងកម្លាំងពិសេស Delta Force របស់សហរដ្ឋអាម៉េរិក អាចចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro បានដោយងាយ និងឆាប់រហ័ស គឺដោយសារកត្តាសំខាន់ៗមួយចំនួនរួមមានកត្តារនុកក្នុង, កត្តាវាយឆ្មក់លឿនដូចផ្លេកបន្ទោរ និងកត្តាលួងលោមឱ្យចូលអន្ទាក់។
១/ កត្តាកត្តារនុកក្នុង
នៅក្នុងសេណារីយ៉ូទី១នេះ លោក Nicolas Maduro មិនត្រូវបានផ្ទៃក្នុងធ្វើរដ្ឋប្រហារនោះទេ តែលោកអាចត្រូវបានបោះបង់ចោលយ៉ាងស្ងៀមស្ងាត់។ ក្នុងន័យនេះ មន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងជួរកងកម្លាំងសន្តិសុខ ឬយោធាវេណេស៊ុយអេឡា ប្រហែលជាបានដកខ្លួនចេញពីការការពាររូបលោក ឬក៏អាចសហការ និងជួយសម្របសម្រួលដល់កងកម្លាំងអាម៉េរិក។ ប្រព័ន្ធដឹកនាំតាមបែបផ្ដាច់ការជាញឹកញាប់តែងតែដួលរលំតាមផ្លូវមួយនេះ ពោលគឺភាពស្មោះត្រង់ក្នុងចំណោមមន្ត្រីធំៗបានបាត់បង់នៅក្រោមការដាក់ទណ្ឌកម្ម ការភ័យខ្លាចចំពោះការកាត់ទោស និងការដណ្ដើមអំណាចគ្នា។ នៅពេលអំណាចរដ្ឋាភិបាលចុះទន់ខ្សោយ ការរស់រាន ឬការការពារអំណាចជីវិតនយោបាយរបស់ពួកគេស្ថិតនៅជាអាទិភាពកំពូល។ កាលពីអតីតកាល អតីតមេដឹកនាំប៉ាណាម៉ា លោក ម៉ាញ៉ូអែល ណូរេហ្គា (Manuel Noriega) ក៏ធ្លាប់ត្រូវបានសហរដ្ឋអាម៉េរិកទម្លាក់ចេញពីអំណាចដែរកាលពីឆ្នាំ១៩៨៩ តាមរយៈការសហការជាមួយក្រុមមន្ត្រីក្នុងប្រទេសប៉ាណាម៉ាតែម្ដង។
២/ កត្តាវាយឆ្មក់លឿនដូចផ្លេកបន្ទោរ
ក្នុងសេណារីយ៉ូទី២នេះ គឺការធ្វើប្រតិបត្តិការលឿនដូចផ្លេកបន្ទោរ តាមរយៈការកំណត់ទីតាំងច្បាស់លាស់ និងព័ត៌មានសម្ងាត់។ ប្រតិបត្តិការនេះតម្រូវឱ្យមានព័ត៌មានចារកម្មយ៉ាងលម្អិត និងច្បាស់លាស់បំផុតពីកន្លែងស្នាក់នៅរបស់លោក Maduro ការគ្រប់គ្រងដែនអាកាសបណ្ដោះអាសន្ន និងការបង្ហើយប្រតិបត្តិការឱ្យបានលឿនបំផុត ដើម្បីបញ្ចៀសកុំឱ្យមានប្រឈមមុខដាក់គ្នាទ្រង់ទ្រាយធំក្នុងទីក្រុងការ៉ាកាស។ កន្លងមក សហរដ្ឋអាម៉េរិក បានដឹកនាំប្រតិបត្តិការលឿនដូចផ្លេកបន្ទោរបែបនេះដែរ គួរឱ្យកត់សម្គាល់ប្រតិបត្តិការសម្លាប់មេដឹកនាំក្រុមភេរវកម្មអាល់កៃដា គឺលោក អូសាម៉ា ប៊ីន ឡាដេន (Osama bin Laden) កាលពីឆ្នាំ២០១១។
៣/ កត្តាលួងលោមឱ្យចូលអន្ទាក់
សេណារីយ៉ូទី៣ នេះ គឺជាការបោកបញ្ឆោត និងលួងលោមឱ្យដើរចូលអន្ទាក់។ ជំនួសឱ្យការឆ្មក់វាយប្រហារចូលវិមានប្រធានាធិបតីវេណេស៊ុយអេឡាលោក Maduro ប្រហែលជាត្រូវបានលួងលោមថា លោកត្រូវបានគេនាំខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព និងចូលរួមក្នុងកិច្ចចរចាសម្របសម្រួលណាមួយជាដើម។ វិធីសាស្ត្រនេះមានគោលបំណងកាត់បន្ថយអំពើហិង្សា និងបញ្ចៀសភាពចលាចលតាមដងផ្លូវ។ សម្រាប់មេដឹកនាំមួយចំនួន ការធ្វើដំណើរ និងការចរចាគឺជាពេលវេលាមួយដ៏គ្រោះថ្នាក់ ពីព្រោះនៅពេលដែលពួកគេដើរចេញពីរង្វង់នៃការការពារដ៏រឹងមាំ នោះការការពារនឹងថយចុះប្រសិទ្ធភាព ឬបាត់បង់ប្រសិទ្ធភាពតែម្ដង។
តាមរយៈសេណារីយ៉ូទាំង៣ខាងលើនេះ អ្វីៗត្រូវបានត្រៀមរៀបចំអស់រយៈពេលជាច្រើនខែ ឬច្រើនឆ្នាំមកហើយរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក ព្រមទាំងការទិញទឹកចិត្តក្រុមមន្ត្រីស្និទ្ធនឹងលោក Maduro។ ចូរកុំភ្លេចថា លោក ដូណាល់ ត្រាំ បានចេញបញ្ជារួចហើយឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក CIA ធ្វើប្រតិបត្តិការនៅក្នុងប្រទេសវេណេស៊ុយអេឡា៕
MC: តែម សុខុម