បើយោងតាមរបាយការណ៍ស្ទង់មតិរបស់អ្នកសេដ្ឋកិច្ចនៅសា្ថប័នព័ត៌មានធំៗ កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ទំនងជាអាចធ្លាក់ចុះក្នុងត្រីមាសទី១នៃឆ្នាំ២០២៤ នេះ បើទោះបីជាវិស័យទេសចរណ៍ហាក់ស្ទុះងើបឡើងវិញក៏ដោយ។ លទ្ធផលស្ទង់មតិនេះក៏បានបង្ហាញផងដែរថា ស្ថានភាពបំណុលគ្រួសារ ក៏ជាមូលហេតុចម្បងមួយទាញ ដែលជួយទម្លាក់កំណើនសេដ្ឋកិច្ចរបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរនៅតំបន់អាស៊ាននេះដែរ។
ទោះបីថៃ ស្រូបទាញភ្ញៀវទេសចរអន្តរជាតិ បានប្រមាណ១២លាននាក់ នៅត្រីមាសទី១ឆ្នាំនេះក៏ដោយ តែវាមិនអាចទូទាត់ជាមួយនឹងការធ្លាក់ចុះនៃវិស័យផ្សេងៗទៀតបាននោះទេ។ ផ្អែកតាមលទ្ធផលនេះសេដ្ឋកិច្ចរបស់ប្រទេសថៃ ទំនងជាកើនឡើងត្រឹមតែ0,៨% ប៉ុណ្ណោះ នៅក្នុងត្រីមាសទី១ឆ្នាំនេះ ពោលគឺទាបជាងកំណើនកាលពីត្រីមាសទី៤ឆ្នាំ២០២៣ ដែលសម្រេចបានកំណើន១,៧%។
ពាក់ព័ន្ធនឹងការព្យាករណ៍នេះ លោក ផុន ផានិចភិបុល ( Poon Panichpibool) អ្នកសេដ្ឋកិច្ចនៃ ធនាគារក្រុងថៃ(Krung Thai)បាននិយាយថា រដ្ឋាភិបាលថៃ គួរតែធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា ដែលជះឥទ្ធិពល ឫក៏ជាប្រភពដែលនាំឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ច ឫអូសបន្លាយវិបត្តិផ្សេងៗ។
អ្នកជំនាញរូបនេះបានលើកឡើងថា ហានិភ័យចំពោះកំណើនសេដ្ឋកិច្ចថៃ អាចកើតចេញពីការពន្យារពេលនៃថវិកាសារពើពន្ធ ក៏ដូចជាកត្តាខាងក្រៅ ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជាការស្ទុះងើបឡើងយឺតខុសពីការរំពឹងទុករបស់សេដ្ឋកិច្ចចិន។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃ គ្រោងនឹងអនុវត្តគោលនយោបាយជំរុញ"កាបូបឌីជីថល"នៅឆ្នាំនេះ តាមរយៈការផ្តល់សាច់ប្រាក់ដល់ប្រជាជន ដែលមានសិទ្ធិទទួលបាន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច។
យ៉ាងណាមិញកាលពីពេលថ្មីៗ លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានជំរុញឱ្យធនាគារកណ្តាលថៃ កាត់បន្ថយអត្រាការប្រាក់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ប៉ុន្តែមន្ត្រីធនាគារកណ្តាលបានបដិសេធន៍ដោយនិយាយថា អត្រាការប្រាក់បច្ចុប្បន្នមិនរារាំងដល់កំណើននោះទេ។
តាមការរំពឹងទុករដ្ឋាភិបាលថៃ សង្ឃឹមថា ថៃនឹងទទួលកំណើនសេដ្ឋកិច្ចពី២,៤% ទៅដល់៣,៣% នៅឆ្នាំនេះ ប្រសិនបើផែនការជំរុញសេដ្ឋកិច្ចណាមួយត្រូវបានចាប់ផ្តើមអនុវត្តនៅក្នុងត្រីមាសទី៤៕
ដោយៈ សរ សុជាតិ