យ៉ាងណាមិញ ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ ក៏ទទួលរងនូវប្រតិកម្មពីបណ្តាប្រទេសអ្នកប្រើប្រាស់ និងមានការខកចិត្តពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនផងដែរ។
អារ៉ាប៊ី សាអ៊ូឌីត ដែលជាមេដឹកនាំនៃអង្គការ OPEC បានប្រកាសក្រោយកិច្ចប្រជុំកាល ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងវីយ៉ែន ថា អង្គការនាំចេញប្រេងនេះ បានព្រមព្រៀងកាត់បន្ថយការផលិតប្រេង ២លានបារ៉ែលក្នុងមួយថ្ងៃ ឬស្មើនឹង ២ភាគរយ នៃការផ្គត់ផ្គង់ប្រេងក្នុងពិភពលោក ដោយបានបញ្ជាក់ថា វាគឺជាវិធានការចាំបាច់ដើម្បីឆ្លើយតបទៅនឹងការដំឡើងអត្រាការប្រាក់គោលរបស់ប្រទេសលោកខាងលិច និងការចុះខ្សោយនៃសេដ្ឋកិច្ចសាកលជាដើម។
ការកាត់បន្ថយការផ្គត់ផ្គង់ប្រេងនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតម្លៃប្រេងងើបឡើងវិញ ខណៈដែលនៅមួយរយៈចុងក្រោយនេះ តម្លៃប្រេងបានធ្លាក់ចុះពី ១២០ដុល្លារ មកត្រឹមរង្វង់ ៩០ដុល្លារក្នុងមួយបារ៉ែល អស់ជាច្រើនខែមកហើយ។
ជុំវិញទៅនឹងការកាត់បន្ថយការផលិតប្រេងដល់ទៅ២លានបារ៉ែលក្នុងមួយថ្ងៃនេះដែរ សេតវិមានអាមេរិក បានចេញមកអះអាងថា ប្រធានាធិបតីអាមេរិក បានខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តទាំងងងឹតងងល់របស់អង្គការ OPEC+ ចំពេលដែលសេដ្ឋកិច្ចសកលកំពុងតស៊ូជាមួយនឹងផលប៉ះពាល់អវិជ្ជមានពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន។
ឆ្លើយតបចំពោះកាយវិការដ៏ដាច់ណាត់របស់ OPEC+ នេះដែរ រដ្ឋបាលលោក ចូ បៃឌិន កំពុងពិចារណាបញ្ចេញប្រេងពីស្តុកបន្ថែមទៀត ដើម្បីទប់ទល់នឹងតម្លៃប្រេងកំពុងតែកើនឡើង។ បើយោងតាមសេចក្តីថ្លៃងការណ៍របស់សេតវិមាន។
គួរកត់សម្គាល់ដែរថា ការបន្ថយការផលិតប្រេងខាងលើនេះ ក៏ជាសកម្មភាពផ្ទុយនឹងការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ផងដែរ ដែលលោកបានស្នើសុំឱ្យអារ៉ាប៊ី សាអ៊ូឌីត បង្កើនការបូមប្រេងបន្ថែម ដើម្បីបន្ទាបតម្លៃប្រេងបន្ថែមទៀត ក្នុងការឈានទៅកាត់បន្ថយប្រភពចំណូលរបស់រុស្ស៊ី ដែលជាចំណូលដ៏រឹងមាំដើម្បីផ្គត់ផ្គង់សង្គ្រាមនៅអ៊ុយក្រែន។
យ៉ាងណាក៏ដោយចុះ ផែនការកាត់បន្ថយប្រេងរបស់អង្គការ OPEC+ នឹងមានការប្រែប្រួលទៀត ដោយអង្គការនេះនឹងបន្តបើកកិច្ចប្រជុំនៅថ្ងៃទី៤ ខែធ្នូខាងមុខ៕
អត្ថបទ៖ នៅ សំភី