តើរដ្ឋាភិបាលកម្ពុជា

តើរដ្ឋាភិបាលកម្ពុជា គួរចាត់វិធានការបែបណា ដើម្បីទប់ស្កាត់ការរាយបន្លាលួសយ៉ាងគឃ្លើនរបស់យោធាថៃ?


កម្ពុជា និងថៃ បានឯកភាពគ្នាលើលក្ខខណ្ឌចំនួន១៣ចំណុច នៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ។ តែទោះជាយ៉ាងណាក៏ដោយយោធាថៃ តែងតែបង្កសកម្មភាពរាយបន្លាលួសព័ទ្ធយកលំនៅឋានរបស់ពលរដ្ឋ និងចូលដែនអធិតេយ្យភាពរបស់កម្ពុជា យ៉ាងគឃ្លើន។
តើរដ្ឋាភិបាលកម្ពុជា
ដោយ

តែយ៉ាងណាយើងសង្កេតឃើញថា រដ្ឋាភិបាលកម្ពុជា ពុំបានចាត់វិធានការឆ្លើយតបភ្លាមៗតាមរយៈការប្រើប្រាស់កងកម្លាំង ចំពោះសកម្មភាពអមនុស្សធម៌របស់កងទ័ពថៃ នោះទេ។ តើរាជរដ្ឋាភិបាលកម្ពុជា គួរមានការឆ្លើយតប ឬចាត់វិធានការបែបណា ដើម្បីទប់ស្កាត់សកម្មភាពរបស់យោធាថៃ?

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា នៅក្នុងស្ថានការណ៍ចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជា គួរតែមានកម្លាំងស៊ីវិលតាមឃ្លាំមើល និងធ្វើសកម្មភាពរារាំងនៅពេលមានកងទ័ពថៃ ធ្វើសកម្មភាពឈ្លានពានមកលើដែនដីរបស់កម្ពុជា។ បន្ថែមលើនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋគួរតែទៅផ្ដិតយករូបភាពឱ្យបានរហ័ស ដើម្បីបង្ហាញជាសាធារណៈដល់អន្តរជាតិ និងប្ដឹងតវ៉ាភ្លាមៗដល់សហគមន៍អន្តរជាតិ ជាដើម។

ដោយឡែក លោក មាជ សុវណ្ណរ៉ា ប្រធានគណបក្សជំនាន់ថ្មី កត់សម្គាល់ឃើញថា មកដល់ពេលនេះ ភាគីកម្ពុជា នៅបន្តរក្សាភាពអត់ធ្មត់មិនតបតនឹងសកម្មភាពរាយលួសបន្លារំលោភលើដែនអធិបតេយ្យភាពកម្ពុជា យ៉ាងគឃ្លើនពីសំណាក់ភាគីថៃ ហើយភាពអត់ធ្មត់របស់រាជរដ្ឋាភិបាលនេះបានជំរុញពលរដ្ឋខ្មែរពិបាកទ្រាំហើយងើបតវ៉ាចំពោះភាពគឃ្លើនរបស់កងទ័ពថៃ ដែលធ្វើសកម្មភាពរំលោភយកលំនៅឋាន ស្រែចម្ការជាបន្តបន្ទាប់។ លោក មាជ សុវណ្ណរ៉ា បានចាត់ទុកការបង្កហេតុរបស់កងទ័ពថៃ ជាបន្តបន្ទាប់នេះ អាចក្នុងបំណងធ្វើឱ្យកងទ័ពកម្ពុជា ប្រតិកម្ម ដើម្បីឱ្យមានការផ្ទុះអាវុធជាថ្មី និងចង់ឱ្យពលរដ្ឋកម្ពុជា និងអ្នកនយោបាយគ្រប់និន្នាការបែកបាក់សាមគ្គីផ្ទៃក្នុង។ បើតាមប្រធានគណបក្សជំនាន់ថ្មីរូបនេះ ការមិនប្រតិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា អាចដោយសារតែថ្នាក់ដឹកនាំរបស់កម្ពុជា នៅរង់ចាំពេលវេលាសមស្រប និងដោះស្រាយបញ្ហាតាមរយៈយន្តការការទូតជាមួយអន្តរជាតិ។

ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ជឿជាក់ថា តាមរយៈការបង្កហេតុជាបន្តបន្ទាប់របស់កងទ័ពថៃ មកលើកម្ពុជា ​នេះ វានឹងធ្វើឱ្យមានការលំបាកក្នុងការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរឡើងវិញ។ អ្នកជំនាញរូបនេះយល់ឃើញថា ទោះបីរាជរដ្ឋាភិបាលមិនប្រើយន្តការកម្លាំងយោធាក្នុងការដោះស្រាយភាពគឃ្លើនរបស់យោធាថៃ តែរាជរដ្ឋាភិបាលអាចនឹងប្រើយន្តការផ្សេងក្នុងការដោះស្រាយ និងទប់ស្កាត់ការរំលោភបំពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ បើតាមលោក យង់ គឹមអេង ការចេញមកតវ៉ា និងប្រឆាំងរបស់ពលរដ្ឋខ្មែរចំពោះសកម្មភាពឈ្លានពានរបស់ថៃ វាជាការរួមចំណែកដ៏មានប្រសិទ្ធភាពក្នុងការជួយទប់ស្កាត់សកម្មភាពរបស់កងទ័ពថៃ។ ប៉ុន្តែការធ្វើសកម្មភាពរបស់ពលរដ្ឋខ្មែរទាមទារឱ្យមានការជួយឃ្លាំមើលពីស្ថាប័នពាក់ព័ន្ធ និងបណ្ដាញផ្សព្វផ្សាយផ្សេងៗ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានការសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងចិន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើលក្ខខណ្ឌចំនួន១៣ចំណុច នៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ។ ទោះបីប្រទេសទាំងពីរមានការឯកភាពគ្នាអនុវត្តបទឈប់បាញ់ក៏ដោយ តែយោធាថៃ បានបង្កបញ្ហាជាបន្តបន្ទាប់ដូចជារាយបន្លាលួសព័ទ្ធយកលំនៅឋាន និងស្រែចម្ការរបស់ពលរដ្ឋខ្មែរជាដើម ដែលនេះបង្ហាញឱ្យឃើញថា ថៃ បានរំលោភបទឈប់បាញ់យ៉ាងច្បាស់ក្រឡែត៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ថៃកំពុងសម្លឹងមើលការប្រើប្រាស់ជនភៀសខ្លួនជាង៤ម៉ឺននាក់ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម

ក្រោយពលករខ្មែរប្រមាណ៩០%បានចាកចេញពីប្រទេសថៃ ដោយសារបញ្ហាការរើសអើង និងការព្រួយបារម្ភពីអំពើហិង្សា ដែលបង្កឡើងដោយក្រុមជ្រុលនិយមថៃ បន្ទាប់ពីកងទ…

តើស៊ុយអែត ចងលក្ខខណ្ឌអ្វីខ្លះសម្រាប់កិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ឱ្យថៃ?

ប្រទេសស៊ុយអែត ដែលជាសមាជិកមួយនៃសហភាពអឺរ៉ុប បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែសីហា ថា ខ្លួនបានចុះកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ដ៏ទំនើប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ