នៅក្នុងកិច្ចសម្ភាសជាមួយខេមបូណូមីស ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា កត់សម្គាល់ឃើញថា អ្នកជោគជ័យនៅក្នុងមុខជំនួញមួយចំនួនមិនប្រាកដថា ពួកគេពឹងផ្អែកលើធនធានរបស់ខ្លួនដែលមានស្រាប់នោះទេ ពោលគឺពួកគេអាចពឹងផ្អែកលើកម្ចី និងប្រភពទុនមកពីខាងក្រៅផ្សេងទៀត។ សម្រាប់អ្នកជំនាញរូបនេះ ការខ្ចីបំណុលគេ ក៏មិនប្រាកដថា បុគ្គលនោះមិនល្អនោះដែរ តែគួរខ្ចីប្រាក់នៅក្នុងកម្រិតណាមួយដ៏ត្រឹមត្រូវ បើមិនដូច្នោះទេ ពួកគេនឹងក្លាយជាអ្នកបរាជ័យជាក់ជាមិនខាន។
បើតាមមេផ្សារមូលបត្រកម្ពុជារូបនេះ ដើម្បីខ្ចីប្រាក់យកមកប្រើប្រាស់ឱ្យមានប្រសិទ្ធភាព គឺត្រូវមានចំណេះដឹងមូលដ្ឋានហិរញ្ញវត្ថុ បើពុំនោះទេ នឹងប្រឈមហានិភ័យជាក់ជាមិនខាន។ ទន្ទឹមនេះ ឯកឧត្តម ហុង សុហួរ បានលើកឡើងថា ជាទូទៅនៅក្នុង១ខែ គេគួរខ្ចីប្រាក់ក្នុងកម្រិតមួយដែលត្រូវបង់ត្រលប់មិនឱ្យលើសពី៣០% នៃចំណូលប្រចាំខែ ទើបមិនងាយប្រឈមមុខនឹងហានិភ័យ។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុរូបនេះកត់សម្គាល់ឃើញថា មានម្ចាស់អាជីវកម្ម និងអ្នករកស៊ីមួយចំនួនហាក់ហាក់ខ្វះចំណេះដឹងផ្នែកមូលដ្ឋានហិរញ្ញវត្ថុ ដោយសារតែពួកគេមិនទាន់ជួបបញ្ហាប្រឈម ជាហេតុធ្វើឱ្យពួកគេមិនមានការចាប់អារម្មណ៍ចំពោះការសិក្សាពាក់ព័ន្ធចំណេះដឹងមូលដ្ឋានហិរញ្ញវត្ថុ។ ដើម្បីឱ្យអាជីវកម្មកាន់តែដំណើរការល្អ អ្នកជំនាញរូបនេះ បានណែនាំដល់ម្ចាស់អាជីវកម្មនានា ត្រូវសិក្សារៀនសូត្រពីចំណេះដឹងមូលដ្ឋានហិរញ្ញវត្ថុជាមុនសិន៕
អត្ថបទ៖ បូ ដូឡា