ស្ថានទូតចិនប្រចាំនៅកម្ពុជាបានបង្ហាញរបាយការណ៍ឲ្យដឹងថា នៅរយៈពេល ១០ខែដំបូង ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាង កម្ពុជា-ចិន បានកើនដល់ទៅជិត ១១ពាន់លានដុល្លារអាមេរិក មានកំណើនជិត៥០% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលជាតួលេខកំណើនទំហំពាណិជ្ជកម្មនេះ គឺមានលើសពីផែនការដែលប្រទេសទាំងពីរបានកំណត់ទៅទៀត
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា សន្ទុះនៃការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ហាក់កាន់តែមានកំណើនខ្លាំងជាងប្រទេសដទៃ។ អ្នកនាំពាក្យរូបនេះ បានបន្តថា រយៈពេលចុងក្រោយនេះ ទាំងភាគីទាំងពីរសុទ្ធតែបានពង្រីកទំហំនៃការនាំទំនិញចេញ-ចូល រៀងៗខ្លួន។ បើតាមឯកឧត្តម ប៉ែន សុវិជាតិ ទំនិញដែលកម្ពុជានាំចេញទៅចិន ភាគច្រើនជាផលិតផលកសិកម្ម ហើយផលិតផលចិននាំចូលកម្ពុជា ភាគច្រើនជាវត្ថុធាតុដើមដូចជា ផ្នែកវាយនភ័ណ្ឌ និងឧស្សាហកម្ម។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា សព្វថ្ងៃ ផលិតផលកម្ពុជា ពិសេសផលិតផលកសិកម្ម ដូចជា អង្ករ ផ្លែស្វាយស្រស់ ផ្លែចេកស្រស់ និងកសិផលដទៃផ្សេងទៀត កាន់តែបង្ហាញពីវិសាលភាពនៅលើទីផ្សារអន្តរជាតិ។ បើតាមឯកឧត្តម ប៉ែន សុវិជាតិ បណ្ដាទីផ្សារអន្តរជាតិ ពិសេសប្រទេសចិន កាន់តែមានទំទុកចិត្ត និងជឿជាក់លើគុណភាពលើទំនិញកម្ពុជា ទើបធ្វើឱ្យទំហំពាណិជ្ជកម្មកម្ពុជា-ចិន លើសពីអ្វីដែលប្រទេសទាំងពីរបានគ្រោងទុក។
ឯកឧត្តម ប៉ែន សុវិជាតិ បានសង្កត់ធ្ងន់ទៀតថា មិនមែនតែផលិតផលកសិកម្ម នោះទេដែលកម្ពុជា បាននាំចេញទៅប្រទេសចិន ក្នុងនោះ ក៏មានដូចជា ផលិតផលសម្លៀកបំពាក់ និងស្បែកជើងផងដែរ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានបង្ហាញនូវក្ដីរំពឹងខ្ពស់បន្ថែមទៀតផងដែរថា ក្រោយកម្ពុជា-ចិន ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចូលជាធរមាននៅដើមឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកាន់តែកើនខ្ពស់បន្ថែមទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្ន ចិនមិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជាប៉ុណ្ណោះទេ នៅក្នុងវិស័យវិនិយោគវិញ វិនិយោគិនចិនក៏ស្ថិតនៅក្នុងកំពូលតារាងវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជាផងដែរ ពិសេសនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់តែម្ដង៕