លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ចាប់តាំងពីមានការបិទច្រកព្រំដែនដោយឯកតោភាគីពីសំណាក់យោធាថៃ និងចលនាធ្វើពហិការផលិតផលថៃ របស់ពលរដ្ឋខ្មែរមក បានធ្វើឱ្យការនាំចូលទំនិញថៃ មកទីផ្សារកម្ពុជា មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ និងបានជួយជំរុញកំណើនគាំទ្រផលិតផលក្នុងស្រុកឱ្យមានការកើនឡើងយ៉ាងគំហុក ដែលធ្វើឱ្យឧស្សាហកម្មក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ សម្រាប់អ្នកជំនាញរូបនេះ ពលរដ្ឋខ្មែរគួរបន្តគាំទ្រផលិតផលក្នុងស្រុកឱ្យបានយូរអង្វែង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរ និងធ្វើពហិការដោយភាពប៉ិនប្រសព្វ ដោយមិនបង្កផលប៉ះពាល់ដល់ការវិនិយោគរបស់បរទេសនៅកម្ពុជា ពោលគឺរាល់ការគាំទ្រផលិតផលដែលផលិតនៅកម្ពុជា ទាំងអស់ សុទ្ធតែបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ មិនថា ជាវិនិយោគិនក្នុងស្រុក ឬវិនិយោគិនបរទេសឡើយ។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច យល់ឃើញថា ដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ម្តងហើយម្តងទៀត ពលរដ្ឋខ្មែរគួរបន្តរួមគ្នាធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ បន្ថែមទៀត ជាពិសេសផលិតផលប្រភេទចំណីអាហារតែម្តង ដ្បិតទំនិញទាំងនោះមិនអាចទុកចិត្តបាននោះទេ។ តែយ៉ាងណាអ្នកជំនាញរូបនេះ យល់ឃើញថា ប្រជាពលរដ្ឋមានជម្រើសក្នុងការគាំទ្រទំនិញផលិតនៅកម្ពុជា ដែលវិនិយោគដោយវិនិយោគិន ឬក្រុមហ៊ុនថៃ ដ្បិតការគាំទ្រទាំងនោះវាបានផ្តល់ផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ គឺជាឆន្ទៈ និងសិទ្ធរបស់បុគ្គលម្នាក់ៗ ហើយការធ្វើពហិការនេះទៀតសោតត្រូវថ្លឹងថ្លែងឱ្យបានត្រឹមត្រូវ ដើម្បីចៀងវាងផលប៉ះពាល់សេដ្ឋកិច្ច ដ្បិតអ្នករងការខាត់បង់ពីបញ្ហានេះមួយចំនួន ក៏ជាអ្នកវិនិយោគក្នុងស្រុក ដែលពួកគេនៅសល់ស្តុកទំនិញថៃ ចាស់ៗលក់មិនចេញជាដើម។ យ៉ាងណាមិញអ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជា ក៏មិនគួរជំរុញឱ្យចលនាពហិការទំនិញថៃនេះឱ្យក្លាយទៅជាបញ្ហារើសអើងជាតិសាស្រ្តនោះដែរ។
ជុំវិញបញ្ហានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរកុំធ្វើចលនាពហិការហូតជ្រុលហួស ដែលអាចឈានទៅសម្លាប់សេដ្ឋកិច្ចខ្លួនឯង ក្នុងនោះ សម្តេចតេជោ មិនលើកទឹកចិត្តឱ្យពលរដ្ឋធ្វើពហិការផលិតផលផលិតក្នុងស្រុក ដែលវិនិយោគដោយវិនិយោគិន ឬក្រុមហ៊ុនរបស់ថៃ នោះទេ។ សម្រាប់សម្តេចតេជោ គ្រប់ផលិតផលដែលផលិតនៅកម្ពុជា ទាំងអស់ ទោះជាការវិនិយោគរបស់ជាតិសាសន៍ណាក៏ដោយ ត្រូវចាត់ទុកជាផលិតផលកម្ពុជា ដូច្នេះពលរដ្ឋអាចបន្តគាំទ្រផលិតផលរបស់វិនិយោគិនថៃ ឬក្រុមហ៊ុនថៃ ដែលផលិតនៅកម្ពុជា បាន។ ជាមួយគ្នានេះ ពាក់ព័ន្ធនឹងការបិទច្រកព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជា គ្មានផ្លូវទៅសុំឱ្យថៃ បើកច្រកព្រំដែនឡើងវិញមុននោះទេ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៥ ទំហំដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ សម្រេចបានជាង៣ពាន់២រយលានដុល្លារ ធ្លាក់ចុះជាង៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានទំហំជាង៦៣៥លានដុល្លារធ្លាក់ចុះជាង១១% ខណៈការនាំចូលពីថៃ មកកម្ពុជាវិញ មានទំហំជាង២ពាន់៥រយលានដុល្លារធ្លាក់ចុះជិត៩%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕