នៅក្នុងបទអត្ថាធិប្បាយមួយរបស់កាសែត People's Daily ដែលគេដឹងថា គឺជាកាសែតរបស់បក្សកុម្មុយនិស្តចិន បានរំលឹកប្រទេសហ្វីលីពីនថា ទំនាក់ទំនងរវាងចិន និងប្រទេសហ្វីលីពីន កំពុងស្ថិតលើផ្លូវបំបែកដោយសារបញ្ហាជម្លោះនៅសមុទ្រចិន ខាងត្បូង។ បញ្ហានេះបានជំរុញឱ្យប្រទេសចិន ស្នើឱ្យហ្វីលីពីន ពិចារណាឱ្យបានហ្មត់ចត់ពីអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅមួយរយៈចុងក្រោយប្រទេសហ្វីលីពីន និងចិន បានចោទប្រកាន់គ្នាទៅវិញទៅមកជាបន្តបន្ទាប់ និងកាន់តែញឹកញាប់ ក្រោយមានការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើង កាលពីខែមិថុនា កន្លងទៅ ដែលបណ្តាលឲ្យនាវិកហ្វីលីពីនម្នាក់បានបាត់បង់ម្រាមដៃ។ ឧប្បត្តិហេតុនេះបានគ្របដណ្តប់លើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការកសាងទំនុកចិត្តឡើងវិញ និងគ្រប់គ្រងការប្រឈមមុខដាក់គ្នាឱ្យកាន់តែប្រសើរឡើង រួមទាំងការបង្កើតខ្សែទំនាក់ទំនងថ្មី ដើម្បីកែលម្អការដោះស្រាយជម្លោះដែនសមុទ្រនេះ។
បទអត្ថាធិប្បាយរបស់សារព័ត៌មានដដែលនេះ បានលើកឡើងថា ទំនាក់ទំនងចិន និងហ្វីលីពីន កំពុងឈរនៅត្រង់ផ្លូវបំបែក ដែលប្រទេសទាំងពីរត្រូវជ្រើសរើសដើម្បីដើរ។ ការសន្ទនា និងការពិគ្រោះយោបល់អាចជាជម្រើសត្រឹមត្រូវ ព្រោះគ្មានផ្លូវចេញពីជម្លោះតាមរយៈការប្រឈមមុខដាក់គ្នានោះទេ។ កាសែតនេះបានសរសេររៀបរាប់ទៀតថា ទីក្រុងម៉ានីលគួរតែពិចារណាឱ្យបានហ្មត់ចត់អំពីអនាគតនៃទំនាក់ទំនងចិន-ហ្វីលីពីន និងធ្វើការជាមួយប្រទេសចិន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យត្រលប់មករកផ្លូវត្រូវវិញ។
មកទល់ពេលនេះទីក្រុងប៉េកាំងកំពុងមានជម្លោះដែនសមុទ្រនៅសមុទ្រចិន ខាងត្បូង ជាមួយនឹងហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម ខណៈដែលផ្លូវទឹកនៅក្នុងតំបន់នោះ ជាច្រកសមុទ្រដ៏សកម្មសម្រាប់ពាណិជ្ជកម្ម ដែលមានតម្លៃសរុបដល់ទៅ៣ទ្រីលានដុល្លារ ហើយក៏ជាតំបន់ដែលគេជឿជាក់ថា ជាតំបន់សម្បូរទៅដោយប្រេង និងឧស្ម័នធម្មជាតិ ក៏ដូចជាស្តុកមច្ឆាសមុទ្រដែលមានតម្លៃដ៏មហាសាល៕
ដោយ៖ សរ សុជាតិ