ប្រទេស BRICS

អ្នកជំនាញសេដ្ឋកិច្ចជាច្រើនព្រមានថា ថៃអាចខាតច្រើនជាងចំណេញ ក្រោយក្លាយជាដៃគូផ្លូវការនៃប្លុកសេដ្ឋកិច្ច BRICS


ក្រុមអ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជាច្រើនរបស់ថៃ បានព្រមានថា ប្រទេសថៃ ក្បែរខាងកម្ពុជា ដែលជាកូនជឹងរបស់សហរដ្ឋអាម៉េរិកច្រើនទសវត្សរ៍មកហើយនោះអាចនឹងរងផលប៉ះពាល់ជាអវិជ្ជមាន ពោលគឺអាចខាតបង់ច្រើនជាងចំណេញ ក្រោយប្រទេសនេះទើបក្លាយជាដៃគូផ្លូវការនៃប្លុកសេដ្ឋកិច្ចប្រទេស BRICS ដែលត្រូវបានបង្កើតឡើងដោយសមាជិកស្ថាបនិកចំនួន៥ រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បួង ដើម្បីប្រជែងនឹងលោកខាងលិច ជាពិសេសសហរដ្ឋអាម៉េរិក។
ប្រទេស BRICS
ដោយ

ផលប៉ះពាល់ទាំងនោះរួមមាន ផលប៉ះពាល់បណ្ដាលមកពីរបាំងពាណិជ្ជកម្មក្នុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន។ នេះបើយោងតាមការុះផ្សាយរបស់កាសែត The Nation។

នៅថ្ងៃដំបូងនៃការបើកទំព័រឆ្នាំ២០២៥ ប្រទេសថៃ ដែលមានប្រជាជនសរុបជិត៧០លាននាក់ និងជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី បានក្លាយជាដៃគូផ្លូវការនៃប្លុកសេដ្ឋកិច្ចប្រទេស BRICS ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយបច្ចុប្បន្នមានប្រទេសជាសមាជិកសំខាន់ៗរួមមានដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។

លោក ប៊ូរិន អាឌុលវ៉ាត់តាណា (Burin Adulwattana) នាយកគ្រប់គ្រង និងជាប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវកសិករ យល់ឃើញថា ប្រទេសថៃ មិនទាន់អាចទទួលបានអត្ថប្រយោជន៍ពេញលេញពីប្លុកសេដ្ឋកិច្ចប្រទេស BRICS នៅឡើយទេ ដោយសារថៃ គ្រាន់តែជាដៃគូប៉ុណ្ណោះ និងមិនមែនជាសមាជិកពេញសិទ្ធិនៃប្លុកនេះឡើយ។ យ៉ាងណាក៏ដោយ លោក បានព្រមានថា ពិភពលោកអាចនឹងយល់ឃើញថា ប្រទេសថៃ ឈរនៅខាងប្លុកប្រទេស BRICS ដែលជាគូប្រជែងរបស់សហរដ្ឋអាម៉េរិក ដោយសារតែមានប្រទេសមួយចំនួនប៉ុណ្ណោះចូលរួមជាមួយប្លុកនេះ។ សម្រាប់អ្នកជំនាញរូបនេះ វាជាការប្រសើរ ប្រសិនបើប្រទេសអាស៊ានទាំងអស់ចូលរួមជាមួយប្លុកប្រទេស BRICS ដើម្បីបញ្ចៀសផលប៉ះពាល់ ដែលបង្កឡើងដោយរបាំងពាណិជ្ជកម្ម ឬការរឹតបន្តឹងពាណិជ្ជកម្មដែលអាចកើតមានឡើង។

ជាមួយគ្នានេះ លោក ពីប៉ាត់ លឿងណារឿមមីតឆៃ (Pipat Luengnaruemitchai) ប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅក្រុមហ៊ុនហិរញ្ញវត្ថុ គៀតណាគីន ផាត្រា (KKP) បានកត់សម្គាល់ថា ប្លុកប្រទេស BRICS ត្រូវបានបង្កើតឡើងដើម្បីបម្រើជាវេទិកាសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ចរចាលក្ខខណ្ឌពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអភិវឌ្ឍន៍ ជាពិសេសសហរដ្ឋអាម៉េរិក។ ដូច្នេះលោកយល់ថា ការចូលរួមជាមួយប្លុកប្រទេស BRICS គឺស្មើនឹងការប្រកាសជំហរប្រឆាំងនឹងសហរដ្ឋអាម៉េរិក។

ទោះជាយ៉ាងណា អ្នកជំនាញមួយរូបទៀតគឺលោក អាម៉ុនថេប ចាវឡា (Amonthep Chawla) ជំនួយការនាយកគ្រប់គ្រងនៅធនាគារ CIMB ប្រចាំប្រទេសថៃ បានបង្ហាញការយល់ឃើញខុសពីនេះ ដោយលើកឡើងថា ការក្លាយជាដៃគូផ្លូវការនៃប្លុកប្រទេស BRICS នឹងជួយពង្រឹងទំនាក់ទំនងរបស់ប្រទេសថៃ ជាមួយបណ្ដាប្រទេសអភិវឌ្ឍន៍ និងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនឆាប់រហ័ស។

លោកបានគូសបញ្ជាក់ថា ការក្លាយជាដៃគូផ្លូវការនេះនឹងបើកទ្វារស្វាគមន៍ឱកាសធុរកិច្ច និងការវិនិយោគថ្មីៗ ជាពិសេសក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ី ដែលជាសមាជិក និងដៃគូនៃប្លុកប្រទេស BRICS៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការលក់លំនៅឋានក្នុងទីក្រុងធំៗមានសន្ទុះកើនឡើង វាបានបង្ហាញពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យចិន ឬយ៉ាងណា?

ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក ចាប់ផ្ដើមបង្ហាញសញ្ញាងើបឡើងវិញជាបណ្ដើរៗហើយ ខណៈដែលការលក់លំនៅឋានក្នុ…

កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ២០២៥

កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ២០២៥ ចាប់ផ្តើមទទួលពាក្យចូលរួមសម្រាប់ជុំទី១១។ កម្មវិធីនេះជា ការឆ្លើយតបជាយុទ្ធសាស្រ្ដក្នុងការគាំទ្រធុរកិច្ចថ្មី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ