តើក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ បង្កើតឡើងដើម្បីអ្វី ហើយ UN មានប្រតិកម្មឆ្លើយតបបែបណា?


នៅមួយរយៈចុងក្រោយនេះ ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងកំពុងតាមដានយ៉ាងយកចិត្តទុកចំពោះស្ថាប័នក្រុមប្រឹក្សាសន្តិភាព ព្រោះគេបារម្ភខ្លាចក្រុមប្រឹក្សារបស់លោក ត្រាំ នេះជាន់តួនាទីគ្នាជាមួយក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UN)។
ក្រុមប្រឹក្សាសន្តិភាព
ដោយ

ហើយនៅសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានបញ្ជូនលិខិតអញ្ជើញទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោករួមទាំងបារាំង រុស្ស៊ី និងមហាយក្សចិនផងដែរ ដើម្បីឱ្យ​ចូលរួម ហើយអ្វីដែលជាការកត់សម្គាល់ឃើញថា វៀតណាម បានក្លាយជាប្រទេសទី១ ក្នុងតំបន់អាស៊ាន និងស្ថិតក្នុងចំណោមប្រទេសចំនួន៦ រួមមាន កាហ្សាក់ស្ថាន ហុងគ្រី អាហ្សង់ទីន ម៉ារ៉ុក និងបេឡារុស ដែលបានប្រកាសចូលរួមជាមួយក្រុមប្រឹក្សា​សន្តិភាពនេះ។ តើក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ បង្កើតឡើងដើម្បីអ្វី មានលក្ខខណ្ឌបែបណា ហើយតើអង្គការសហប្រជាជាតិ ឬ UN មានប្រតិកម្មឆ្លើយតបបែបណា?

ក្រុមប្រឹក្សាសន្តិភាព ត្រូវបានប្រធានាធិបតីអាម៉េរិក ​លោក ដូណាល់ ត្រាំ បានស្នើបង្កើតឡើងជាលើកដំបូងនៅពេលដែលលោកបានប្រកាសកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៥ អំពីផែនការរបស់លោកក្នុងការបញ្ចប់សង្គ្រាមនៅតំបន់ GAZA ប៉ុន្តែលោកទើបតែបញ្ជូនលិខិតអញ្ជើញទៅកាន់បណ្ដាមេដឹកនាំទូទាំងពិភពលោកកាលពីសប្តាហ៍មុនប៉ុណ្ណោះ។

ចំណែកឯប្រទេស និងស្ថាប័នផ្សេងៗទៀត រួមមានថៃ ស្លូវេនី មហាយក្សចិន រុស្ស៊ី អ៊ីស្រាអែល តួកគី បារាំង និងគណៈកម្មការអឺរ៉ុបជាដើម និយាយថា ពួកគេក៏ទទួលបានលិខិតអញ្ជើញពីលោក ដូណាល់ ត្រាំ ដែរ ដោយខ្លះនិយាយថា ពួកគេចង់បានព័ត៌មានលម្អិតបន្ថែមទៀតអំពីរបៀបដំណើរការក្រុមប្រឹក្សាសន្តិភាពនេះ ហើយខ្លះទៀតដូចជាចិន និងរុស្ស៊ី មិនបានឆ្លើយតបបែបណានៅឡើយទេ។ ទន្ទឹមនេះ នៅប្រទេសអ៊ីស្រាអែល ដែលជាកូនជឹង​សំណព្វចិត្តរបស់សហរដ្ឋអាម៉េរិក សំណើនេះ​បានបង្កឱ្យមានការប្រឆាំងជំទាស់ ដោយមន្ត្រីមួយចំនួននិយាយថា វាអាចប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសអ៊ីស្រាអែល។ សហរដ្ឋអាម៉េរិក ត្រូវបានរំពឹងថា នឹងប្រកាសបញ្ជីឈ្មោះ​សមាជិក​ចុងក្រោយដែលប្រហែលជាធ្វើឡើងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំរយៈពេល៥ថ្ងៃនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស ដែលចាប់ផ្ដើមពីថ្ងៃទី១៩-២៣ ខែមករា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ការចូលជាសមាជិកធម្មតានៃក្រុមប្រឹក្សាសន្តិភាព គឺមិនអស់ប្រាក់នោះទេ ប៉ុន្តែសម្រាប់ប្រទេសដែលចូលជាសមាជិកអចិន្ត្រៃយ៍ គឺរដ្ឋបាលរបស់លោក ត្រាំ ទាមទារឱ្យបង់វិភាគទានយ៉ាងតិច១ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ Business Standard។ ធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាពចែងថា លោក ត្រាំ នឹងធ្វើជាប្រធានដំបូងគេ ហើយនឹងមានអំណាចក្នុងការសម្រេចថា តើអ្នកណាគួរត្រូវបានអញ្ជើញឲ្យចូលរួមជាសមាជិក​។ ការសម្រេចចិត្តនានានឹងត្រូវធ្វើឡើងដោយសំឡេងភាគច្រើន ដោយរដ្ឋសមាជិកនីមួយៗមានសិទ្ធិបោះឆ្នោតមួយសំឡេង។ ទោះជាយ៉ាងណាក៏ដោយ រាល់ការសម្រេចចិត្តទាំងអស់នឹងស្ថិតនៅក្រោមការយល់ព្រមរបស់ប្រធាន។

យោងតាមសេចក្តីព្រាងនៃធម្មនុញ្ញនេះបញ្ជាក់ថា រដ្ឋសមាជិកនីមួយៗនឹងមានអាណត្តិមិនលើសពី៣ឆ្នាំនោះឡើយ គិតចាប់តាំងពីការចូលជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាពមានប្រសិទ្ធភាព ហើយការបន្តអាណត្តិនឹងអាស្រ័យលើប្រធាន។ ប៉ុន្តែអាណត្តិ៣ឆ្នាំនេះនឹងមិនអនុវត្តចំពោះរដ្ឋសមាជិកទាំងអស់ ដែលបានបរិច្ចាគប្រាក់១ពាន់លានដុល្លារដល់ក្រុមប្រឹក្សាសន្តិភាពក្នុងឆ្នាំដំបូងនោះឡើយ ហើយក្រុមប្រឹក្សានេះនឹងក្លាយជាអង្គការផ្លូវការនៅពេលដែលរដ្ឋជាសមាជិក៣ប្រទេសយល់ព្រមចូលរួមក្នុងធម្មនុញ្ញនេះ។

ក្រុមប្រឹក្សាសន្តិភាពនឹងកោះប្រជុំដើម្បីបោះឆ្នោតយ៉ាងតិចម្តងក្នុងមួយឆ្នាំ ប៉ុន្តែការប្រជុំបន្ថែម និងការជ្រើសរើសទីកន្លែងនឹងអាស្រ័យលើប្រធានពិចារណាថា សមស្រប។ របៀបវារៈនៃកិច្ចប្រជុំនឹងត្រូវឆ្លងកាត់ការយល់ព្រមពីប្រធាន។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិភាពនឹងរៀបចំកិច្ចប្រជុំដែលមិនមែនជាការបោះឆ្នោតជាប្រចាំជាមួយគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សា ដែលកិច្ចប្រជុំទាំងនេះនឹងត្រូវបានរៀបចំយ៉ាងតិច១ត្រីមាសម្តង។ ក្រៅពីនេះ លោក ដូណាល់ ត្រាំ នឹងមានអំណាចក្នុងការដកសមាជិកចេញ ក្រោមអំណាចវេតូនៃសំឡេងភាគី២ភាគ៣ ហើយប្រធាននឹងមានអំណាចបន្តស្វែងរកអ្នកស្នងតំណែងជាប្រធាន។

ទាក់ទិនបញ្ហានេះ លោក ហ្វាហាន ហាក (Farhan Haq) អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) បាននិយាយថា អង្គការសហប្រជាជាតិ (UN) ជាស្ថាប័នកំពូលរបស់ពិភពលោកដែលមានរដ្ឋជាសមាជិក១៩៣ប្រទេសនេះតែងតែរួមរស់ដោយភាពសុខដុមជាមួយស្ថាប័នលំដាប់ថ្នាក់ពិភពលោកផ្សេងៗ ហើយនឹងរង់ចាំមើលថា តើខ្លួននឹងអាចមានទំនាក់ទំនងបែបណាជាមួយក្រុមប្រឹក្សាសន្តិភាព ដែលផ្ដួចផ្ដើមបង្កើតឡើងដោយលោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់ The Week៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើផែនការកាត់បន្ថយការនាំចេញអង្កររបស់វៀតណាម ជាបញ្ហាប្រឈម ឬជាឱកាសសម្រាប់កម្ពុជា?

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីពេលថ្មីៗ វៀតណាម បានដាក់ចេញគោលនយោបាយកាត់បន្ថយបរិមាណនាំចេញអង្ករយ៉ាងគំហុក ដោយកំណត…

ថៃ ធ្វើបត្យាប័នជនជាតិចិន ចំនួន៣០០នាក់ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកទៅប្រទេសកំណើតវិញ

កាលពីថ្ងៃទី២០ ខែមករា អាជ្ញាធរថៃ បានធ្វើបត្យាប័នជនជាតិចិន៣០០នាក់ ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកដែលមានមូលដ្ឋាននៅក្នុងប្រទេសមីយ៉ាន់ម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ