វ៉ាក់សាំងកូវីដ-១៩

ហុងកុង ប្រឈមនឹងការបោះចោលវ៉ាក់សាំងកូវីដ-១៩ផុតសុពលភាពរាប់លានដូស


នៅពេលដែលប្រទេសជាច្រើនលើពិភពលោកកំពុងខ្វាយខ្វល់រឿងរកវ៉ាក់សាំងកូវីដ-១៩ចាក់ជូនប្រជាជនខ្លួនមិនគ្រប់គ្រាន់ នៅទីក្រុងហុងកុងប្រទេសចិនឯណោះវិញ កំពុងតែសល់ចាល់វ៉ាក់សាំង ដែលអាចនឹងត្រូវបោះចោលវ៉ាក់សាំងកូវីដ-១៩រាប់លានដូស ដោយសារតែវ៉ាក់សាំងទាំងនោះជិតផុតសុពលភាព ខណៈដែលពលរដ្ឋមិនសូវមកចុះឈ្មោះដើម្បីទទួលការចាក់វ៉ាក់សាំង។ នេះបើតាមការព្រមានពីអាជ្ញាធរហុងកុង ដែលត្រូវបានផ្សាយដោយសារព័ត៌មាន AFP។
ហុងកុង ប្រឈមនឹងការបោះចោលវ៉ាក់សាំងកូវីដ-១៩ផុតសុពលភាពរាប់លានដូស (រូបភាព៖ Bloomberg)
ដោយ

ទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសស្វយ័តរបស់ចិន ត្រូវបានគេដឹងថា គឺស្ថិតនៅក្នុងចំណោមដែនដី ដែលទទួលបានវ៉ាក់សាំងច្រើនគ្រប់គ្រាន់ សម្រាប់ចាក់ជូនពលរដ្ឋទាំងអស់របស់ខ្លួន ដែលមាន៧លាន៥សែននាក់។ ប៉ុន្ដែ បន្ទាប់ពីមានការវិវត្តនូវនយោបាយថ្មីៗនេះ ពលរដ្ឋមិនសូវមានការទុកចិត្តមកលើរដ្ឋាភិបាល គួបផ្សំនឹងការខ្វះចន្លោះនៅក្នុងការផ្សព្វផ្សាយព័ត៌មានតាមអនឡាញ និងបញ្ហាមួយចំនួនទៀត បានធ្វើឲ្យពលរដ្ឋមានការស្ទាក់ស្ទើរក្នុងការទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩។

នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ថូមាស់ សេង សមាជិកនៃក្រុមការងារចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល បានព្រមានថា ពលរដ្ឋហុងកុងមានពេលតែ៣ខែទៀតប៉ុណ្ណោះ ដើម្បីទទួលយកការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ មុននឹងវ៉ាក់សាំង Pfizer-BioNTech បាច់ដំបូង នឹងត្រូវផុតសុពលភាព។ មន្ត្រីហុងកុងរូបនេះបានលើកឡើងទៀតថា គ្រប់វ៉ាក់សាំង ទាំងអស់ គឺមានសុពលភាពរបស់វា ដូច្នេះ ពេលដែលវ៉ាក់សាំងផុតសុពលភាព ខូចគុណភាព គេមិនអាចយកទៅចាក់ឲ្យមនុស្សបានទៀតទេ។

លោក ថូមាស់ សេង សមាជិកនៃក្រុមការងារចាក់វ៉ាក់សាំងរបស់ហុងកុងបានសង្កត់ធ្ងន់ទៀតថា វាមិនត្រឹមត្រូវទេ ដែលហុងកុងត្រូវមកអង្គុយលើគំនរវ៉ាក់សាំងហើយមិនប្រើ ខណៈដែលពិភពលោកកំពុងមានតម្រូវការវ៉ាក់សាំងយ៉ាងខ្លាំងនោះ។

ហុងកុង បានទិញវ៉ាក់សាំងចំនួន៧លាន ៥សែនដូសពីក្រុមហ៊ុនអាមេរិកនិងអាល្លឺម៉ង់ Pifzer-BioNTech និង បានទិញវ៉ាក់សាំងចិន Sinovac ៧លាន៥សែនដូសទៀតផងដែរ។

បន្ថែមពីនេះទៀត ហុងកុងក៏បានកក់ទុកវ៉ាក់សាំង AstraZeneca ចំនួន ៧លាន ៥សែនដូសដែរ ប៉ុន្ដែកិច្ចសន្យាទិញនេះ វាត្រូវលុបចោលវិញ កាលពីដើមឆ្នាំនេះ ដោយអាជ្ញាធរហុងកុងអះអាងថា នឹងយកថវិកានោះ មកប្រើសម្រាប់ការទិញវ៉ាក់សាំងនៅឆ្នាំក្រោយបន្ដទៀត។

សូមបញ្ជាក់ថា មកទល់ពេលនេះ ហុងកុងមានប្រជាជនត្រឹមតែ ១៩%ប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី១ និង មាន១៤%ទៀត បានចាក់គ្រប់ចំនួន២ដូស។

គិតមកទល់ពេលនេះ មានវ៉ាក់សាំង Pfizer-BioNTech សរុបជាង៣លានដូសហើយបានដឹកមកដល់ហុងកុង ប៉ុន្ដែ ទើបតែមានជាង១លានដូសប៉ុណ្ណោះដែលបានចាក់រួច។

អ្នកនយោបាយហុងកុងមួយចំនួន បានស្នើឲ្យអាជ្ញាធរហុងកុងចែករំលែកវ៉ាក់សាំងដែលមិនទាន់ប្រើប្រាស់ទាំងនោះ ទៅកាន់ប្រទេសដទៃកំពុងខ្វះខាតខ្លាំង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិក

ព័ត៌មាន
ប្រទេសជប៉ុនបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនជាលក្ខណៈទ្រង់ទ្រាយធំ ចាប់តាំងពីថ្ងៃច័ន្ទដើមសប្តាហ៍នេះមក សម្រាប់ពលរដ្ឋពេញវ័យ ខណៈពេលដ…

អ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅឥណ្ឌាថយចុះ ប៉ុន្តែអ្នកស្លាប់នៅតែកើនខ្ពស់ដដែល!

ព័ត៌មាន
ចំនួនករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌា បានបង្ហាញពីការថមថយចុះគួរឲ្យកត់សម្គាល់ ពោលគឺតួលេខនៅថ្ងៃអង្គារទី ២៦ ខែឧសភានេះ ឥណ្ឌាមានច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ