កិច្ចប្រជុំ G7

តើកិច្ចប្រជុំ G7 ដែលលោក ត្រាំ ចាកចេញទាំងប្រញាប់ប្រញាល់សម្រេចបានលទ្ធផលអ្វីខ្លះ?


សេតវិមានបានប្រកាសថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងមិនបានចូលរួមក្នុងកិច្ចប្រជុំកំពូល នៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ឬ G7 នៅថ្ងៃអង្គារ ទី១៧ មិថុនា ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលនេះទេ ដោយលោកត្រូវត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីងតោនវិញនៅយប់ថ្ងៃចន្ទ ក្រោយពីទទួលទានអាហារពេលល្ងាចជាមួយនឹងក្រុមមេដឹកនាំ G7 រួច ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។ តើកិច្ចប្រជុំ G7 ដែលលោក ត្រាំ ចាកចេញទាំងប្រញាប់ប្រញាល់សម្រេចបានលទ្ធផលអ្វីខ្លះ?
កិច្ចប្រជុំ G7
ដោយ

ក្រុមមេដឹកនាំ G7 បានជួបប្រជុំគ្នានៅប្រទេសកាណាដា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗដូចជាជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ជម្លោះ​នៅអ៊ុយក្រែន និងបញ្ហាជម្លោះពាណិជ្ជកម្មជាដើម។ ប៉ុន្តែលោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាម៉េរិក ដែលជាបងធំរបស់ពិភពលោកមិនបាននៅចូលរួមដល់ទីបញ្ចប់នោះទេ ដោយលោកត្រូវត្រឡប់ទៅទីក្រុងវ៉ាស៊ីងតោន វិញនៅយប់ថ្ងៃចន្ទ ដើម្បីដោះស្រាយបញ្ហាជម្លោះនៅមជ្ឈិមបូព៌ារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

ទោះបីលោក ត្រាំ បានចាកចេញពីកិច្ចប្រជុំនេះមុនគេក៏ដោយ ប៉ុន្តែលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយជាមួយនឹងនាយករដ្ឋមន្ត្រីអង់គ្លេស លោក កៀ ស្តាម័រ (Kier Starmer) និងសម្រេចបានកិច្ចការជាច្រើនទៀត។

នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានយល់ព្រមជាមួយនឹងលោក ត្រាំ ថា ប្រទេសទាំងពីរត្រូវតែព្យាយាមបង្ហើយកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខថ្មីមួយក្នុងរយៈពេល៣០ថ្ងៃទៀត។

ក្រុមប្រទេស G7 បានខំប្រឹងស្វែងរកការឯកភាពជាធ្លុងមួយជុំវិញជម្លោះនៅអ៊ុយក្រែន និងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ បណ្តាប្រទេសនៅអឺរ៉ុប ចង់បញ្ចុះបញ្ចូលលោក ត្រាំ ឱ្យគាំទ្រការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងម៉ូស្គូ ខណៈមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី គ្រោងជួបពិភាក្សាជាមួយលោក ត្រាំ ពីការទិញអាវុធថ្មីបន្ថែមទៀត។

សហភាពអឺរ៉ុបសង្ឃឹមថា នឹងប្រើកិច្ចប្រជុំ G7 ជាមួយលោក ហ្សឺឡិនស្គី និងអគ្គលេខាធិការអង្គការណាតូលោក ម៉ាក រូត (Mark Rutte) និងប្រើកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅសប្តាហ៍ក្រោយ ដើម្បីបញ្ចុះបញ្ចូលលោក ត្រាំ ឱ្យពង្រឹងជំហររបស់លោកចំពោះសម្ពន្ធមិត្តយោធាមួយនេះ។

នៅក្នុងសញ្ញាមួយទៀតដែលក្រុមជី៧ បានខ្វះការឯកភាពគ្នានោះ គឺមន្ត្រីអាម៉េរិកម្នាក់បាននិយាយថា លោក ត្រាំ នឹងមិនចុះហត្ថលេខាលើសេចក្តីព្រាងសេចក្តីថ្លែងការមួយដែលអំពាវនាវឱ្យមានការបន្ធូរបន្ថយជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់នោះឡើយ។ ទន្ទឹមនេះ ក្រុមមេដឹកនាំ G7 បានរៀបចំឯកសារព្រាងជាច្រើនពាក់ព័ន្ធនឹងការធ្វើចំណាកស្រុក បញ្ញាសិប្បនិម្មិត និងសារធាតុរ៉ែសំខាន់ៗ ប៉ុន្តែគ្មានឯកសារព្រាងណាមួយត្រូវបានអាម៉េរិក អនុម័តឡើយ ដូច្នេះហើយគេមិនដឹងថា តើវានឹងមានការប្រកាស ឬយ៉ាងណានោះទេ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន ព្រមានពលរដ្ឋខ្លួនឱ្យចាកចេញពីអ៊ីស្រាអែលជាបន្ទាន់ ខណៈដែលអាម៉េរិក ព្រមានមនុស្សទាំងអស់ឱ្យប្រញាប់ចាកចេញពីក្រុងតេហេរ៉ង់

ខណៈដែលសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែឡើងកម្ដៅគួរឱ្យព្រួយបារម្ភ ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា មហាយក្សចិន បានព្រមានពលរដ្ឋចិន ឱ្យចាកចេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ